ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ឱ្យ​ដឹង​ថា មនុស្ស​ប្រុស​-​ស្រី​យ៉ាងតិច​២៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​ពី​ក្រឡាប់​គោ​យន្ត​កន្ត្រៃ កាលពី​រសៀល​ថ្ងៃ​ទី​០២ មីនា ២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភព​ដដែល​ថា ជន​រង​គ្រោះ​ទាំងនោះ បាន​ជិះ​គោ​យន្ត​ជុំ​គ្នា មក​ពី​ចូលរួម​បុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​គិរី​រម្យ​សន្តិភាព ហៅ​វត្ត​អូរ​ចោទ ស្ថិត​ក្នុងភូមិ​ទូល​ខ្ពស់ ឃុំ​ភ្នំព្រឹក ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ភូមិ​ក្ដុល​តា​ហែ​ន ឃុំ​ក្តុល ស្រុក​ប​វេ​ល ។​លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង ។

បើ​តាម​មន្ត្រី​មូលដ្ឋាន​និយាយ​ថា នៅ​ចំណុច​គ្រោះថ្នាក់​នោះ ជា​ផ្លូវ​ចំណោត​ចុះ​ពី​ភ្នំ ហើយ​ទំនង​អ្នក​បើក​គោ​យន្ត​នោះ មានការ​ធ្វេស​ប្រហែស ដោយ​ដោះ​លេខ​គោ​យន្ត​អស់ ពេល​ចុះ​ចំណោត ខណៈ​គោ​យន្ត​កំពុង​លឿន ក៏​ជ្រុល​ធ្លាក់​ចូល​ប្រព័ន្ធ​លូ​បង្ហូរទឹក​បណ្ដាល​ឱ្យ​អ្នកដំណើរ​ទាំង​២៥​នាក់ ដែល​ជិះ​លើ​គោ​យន្ត​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​លើ​ថ្នល់ រហូត​មាន​របួសធ្ងន់​-​ស្រាល​តែ​ម្ដង ។ ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ដែរ ។