ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ​៖ ​បុរស​ប្រមឹក​ម្នាក់​ ឈ្មោះ ប៊ុ​ន ច​ន្នី ​អាយុ​៣១​ឆ្នាំ ​​រស់នៅ​ភូមិ​ត្បូង​វត្ត ​ឃុំ​មេមត់ ​ស្រុក​មេមត់ បាន​យក​កំណាត់ឈើ​ជ្រុង​វាយ​សំពង​អតីត​យោធិន​ពិកា​រជើង​​​​ខាង​ឆ្វេង​​ម្នាក់​ឈ្មោះ រ៉េ​ន ខេន ​អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​បណ្តាល​ឲ្យ​បាក់ជើង​​ខាង​ស្តាំទៀត​ ​ក្លាយ​ជា​មនុស្ស​ពិការ​ជើង​ទាំង​ពីរ ​​កាល​ពី​​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ មីនា ២០១៦ ​អ្នក​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ​ចំណែក​ជន​បង្ក​ហិ​ង្សា​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

លោក​វរ​សេនី​យ៍​ត្រី ហុង គឹ​ម​ហឿ​ន ​អធិការ​នគរបាល​ស្រុក​មេមត់ ​បាន​​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ ​ជន​​ដៃ​ដល់​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ផឹកស៊ី​​នៅ​ក្នុងភូមិ​រហូត​​​ស្រវឹង​ធ្លាក់​ភ្នែក ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ ​ដោយសារ​តែ​ឃើញ​ជិះ​ម៉ូតូ​លឿន​បែប​នេះ ជន​រង​គ្រោះ​បានស្រែក​​ថា ​«​កុំ​ជិះ​លឿន​ពេក​ប្រយ័ត្ន​បុក​គេឯង» ​​លុះ​ពេល​​​ជិះ​ទៅ​មុខ​បាន​​ឆ្ងាយ​បន្តិច​​ស្រាប់​តែ​ដួល​ម៉ូតូ​ប្រាវ​ទៅ​ដល់​ថ្នល់ ​​បុរស​ប្រមឹក​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅផ្ទះរបស់​ខ្លួន​​ ​រួច​​កាន់ដំបង​ឈើ​ជ្រុង​​មួយ​កំណាត់មក​វាយ​សំពង​​ជើង​ខាងស្តាំ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បាក់ជើង​ដើរ​មិន​រួច ​ក្នុង​ពេល​ដែល​ជើង​ខាងឆ្វេង​ពិការ​​ក្នុង​អំឡុង​ឆ្នាំ១៩៨២​នៅ​​សមរភូមិ​មុខ​នោះ ។

ដោយ​មាន​សេចក្តី​រាយ​ការ​ណ៍​ពី​ពលរដ្ឋមក​​រូប​លោក​នោះ​ ក៏​បានចាត់​​ការ​ឲ្យ​កម្លាំង​ក្រោម​ឱ​វាទ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​​ជា​បន្ទាន់ ​​និង​​ចាប់​​ជន​ដៃដល់​ក្នុង​ករណី​​​ប្រើ​អំពើ​ហិង្សា​បញ្ជូន​មក​អធិការដ្ឋាន​នគរ​បាល​​ស្រុក​មេមត់ ​ដើម្បី​សួរនាំ ៕​

​ព័ត៌​មាន​​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​