សម្តេចក្រឡាហោម ស្នើស្វីស បន្តគាំទ្រ ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យរដ្ឋាភិបាល ប្រទេសស្វីស បន្តគាំទ្រដល់ការអភិវឌ្ឍន៏ ធនធានមនុស្ស និងថវិកា សម្រាប់ ការធ្វើកំណែទម្រង់ នៅកម្ពុជា ឱ្យកាន់ តែប្រសើរថែមទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP) បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ លោក អាយវ៉ូ ស៊ីប៊ើ (IVO SIEBER) ឯកអគ្គរដ្ឋទូត ប្រទេសស្វីស ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម បានលើកឡើងថា “ប្រទេសកម្ពុជា បានចាប់ផ្តើមធ្វើ កំណែទម្រង់វិមជ្ឈការ សហវិជ្ឈការ ដល់ផ្តល់អំណាច ទៅតាមមូលដ្ឋាន តាមរយៈការ ចាប់ផ្តើមរៀបចំ ការបោះឆ្នោត ឃុំ-សង្កាត់២០០២ ដល់ពេលនេះមកម្ល៉េះ ហើយថាតាមរយៈកម្មវិធី កំណែទម្រង់កន្លងមកនេះ មានចំណុចល្អច្រើន ប៉ុន្តែក៏មានបញ្ហា ប្រឈមមួយចំនួន”។

សម្តេចក្រឡាហោម បានបន្ថែមថា ចំណុចល្អគឺការ ឯកភាពជាគោល នយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវ អត្ថប្រយោជន៍សម្រាប់ ការចូលរួមធ្វើ កំណែទម្រង់ ក៏ប៉ុន្តែបញ្ហា ប្រឈម គឺជា សមត្ថភាពមន្រ្តី នៅតាមមូលដ្ឋាន ទាំងនោះដែលត្រូវ ការអភិវឌ្ឍន៏និងថវិកា ក្នុងការធ្វើកំណែទម្រង់ផងដែរ ហើយសម្តេចសង្ឃឹមថា រដ្ឋាភិបាល ស្វីស នឹងបន្តជួយគាំទ្រដល់កម្ពុជា ក្នុងការ អនុវត្តន៏ការងារ កំណែទម្រង់នេះ តាមរយៈការអភិវឌ្ឍន៏ ធនធានមនុស្ស និងផ្តល់ថវិកា ជាដើម។

លោក IVO SIEBER បានស្វាគមន៍ចំពោះការ លើកឡើងរបស់សម្តេច ក្រឡាហោម ហើយ លោក បាន អញ្ជើញសម្តេច ក្រឡាហោម ស ខេង ដើម្បីទៅបំពេញ ទស្សនៈកិច្ច នៅប្រទេសស៊ីស ដើម្បីដក បទពិសោធន៍ ទៅលើការធ្វើកំណែទម្រង់ នៅក្នុងប្រទេសស៊ី សផងដែរ៕