ឯកឧត្តម សម រង្ស៊ី អំពាវនាវគណបក្ស កាន់អំណាចកម្ពុជា កុំខ្លាចពាក្យបដិវត្តន៍

ភ្នំពេញ៖ ខណៈកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងអនុប្រធានរបស់ខ្លួន កំពុងតែផ្ទុះ រឿងអាស្រូវស្នេហា យ៉ាងរាលដាល ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី បានអំពាវនាវ រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងគ្រប់គ្រង ដោយគណបក្ស ប្រជាជនកម្ពុជា កុំខ្លាចពាក្យបដិវត្តន៍។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) ឯកឧត្តម សម រង្ស៊ី បានលើកឡើងថា “ខ្ញុំសូមអំពាវនាវ ដល់អ្នកកាន់អំណាច សព្វថ្ងៃ កុំឲ្យខ្លាចពាក្យ “បដិវត្តន៍” នេះខុសរឿង ដោយនឹកឃើញតែ ពីសម័យខ្មែរក្រហម ប៉ុណ្ណោះ។ សូមកុំធ្វើបាប និងដាក់ទោសទៅ លើយុវជន ដូចជានិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលមានគំនិត ជឿនលឿន ទាន់សម័យ ពេលប្រើពាក្យ “បដិវត្តន៍” ហើយដែលយល់ច្បាស់ អំពីបរិបទថ្មី ប្រែប្រួលឥត ឈប់ឈរ ដែលយើងកំពុងតែ រស់នៅទាំងអស់គ្នា”។

ជាមួយគ្នានេះប្រធានគណបក្សប្រឆាំង ក៏បានពន្យល់ នូវពាក្យបដិវត្តន៍ (Revolution) ថា “បដិវត្តន៍”គឺជាការប្រែប្រួលមួយ យ៉ាងឆាប់រហ័ស ក្នុងផ្នត់គំនិតមនុស្ស ឬក្នុងការរស់នៅ ក្នុងសង្គម ដែលមានឥទ្ធិពល ស៊ីជម្រៅ និងយូរអង្វែង។ នៅប្រទេសកម្ពុជាយើង អ្នកកាន់អំណាច សព្វថ្ងៃ ហាក់ដូចជាមានការ ភ័យខ្លាច ចំពោះពាក្យ “បដិវត្តន៍” នេះ ពីព្រោះពួកគេនឹក ដល់សម័យខ្មែរក្រហម ដែលពួកគេបានឆ្លងកាត់ ហើយដែល មានការកាប់សម្លាប់គ្នា និងបង្ហូរឈាម ក្រោមទង់ “បដិវត្តន៍”។ តែតាមការពិត ពាក្យ “បដិវត្តន៍”នេះ មិនមែនមានន័យ ចង្អៀតចង្អល់ និងអាក្រក់ជានិច្ច ដូចកាលពីសម័យ ខ្មែរក្រហមនោះទេ។

ឯកឧត្តម បានបន្ថែមទៀតថា “បដិវត្តន៍” មានច្រើនប្រភេទ និងច្រើនបែបយ៉ាងណាស់ ហើយ “បដិវត្តន៍” មួយចំនួន បាននាំមកនូវ ផលប្រយោជន៍ ដ៏ធំធេង ភាពជឿនលឿន និងភាពរុងរឿង ដល់សង្គម និងដល់មនុស្ស លោកទាំងមូល។ ឧទាហរណ៍ បដិវត្តន៍រោងពុម្ព (ម៉ាស៊ីនបោះពុម្ពសៀវភៅ លើកដំបូងបង្អស់ របស់ Gutenberg ក្នុងសតវត្សរ៍ទី ១៥) បដិវត្តន៍បញ្ញាញាណ (The Enlightenment / Siècle des Lumières ការផ្តួចផ្តើម គំនិតសេរីភាព និងគំនិតវិទ្យាសាស្ត្រ ដើម្បីប្រឆាំងអបិយជំនឿ នៅប្រទេសបារាំង ក្នុងសតវត្សរ៍ទី ១៨) បដិវត្តន៍ឧស្សាហកម្ម (Industrial revolution ទ្វីបអឺរ៉ុប សតវត្សរ៍ទី ១៩) បដិវត្តន៍វេជ្ជសាស្ត្រ (បន្ទាប់ពីការ រកឃើញរបស់ Pasteur ចាប់ពីទស្សវត្សរ៍ ១៨៦០) បដិវត្តន៍បៃតង (Green revolution ការបង្កើនផលិតភាព កសិកម្ម ជាប្រវត្តិសាស្ត្រ ចាប់ពីទស្សវត្សរ៍ ១៩៦០) និងបដិវត្តន៍ បច្ចេកវិទ្យា (Technological revolution ការប្រើប្រាស់កុំព្យូទ័រ និងឧបករណ៍ ពាក់ព័ន្ធ នៅទូទាំងពិភពលោក នៅចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ)។

និយាយជាទូទៅ មាន “បដិវត្តន៍” ដ៏ល្អប្រសើរជាច្រើន ដែលនាំមកនូវ ការផ្លាស់ប្តូរ ទាំងផ្នត់គំនិត ទាំងរបៀបរស់នៅ ទាំងរបៀបចាត់ចែងការងារ និងទាំងរបៀប គ្រប់គ្រងប្រទេស។ ពេលនេះ យុវជនទូទាំងពិភពលោក កំពុងតែឆ្លងកាត់ បដិវត្តន៍បច្ចេកវិទ្យាមួយ ទាក់ទងទៅនឹងព័ត៌មានវិទ្យា (Information and communication technology) ដែលនាំមកនូវការ ប្រែប្រួលជាវិជ្ជមាន ដែលមានសារៈសំខាន់ បំផុតក្នុងការច្នៃ ផ្នត់គំនិត និងរបៀបរស់នៅ របស់ប្រជាពលរដ្ឋជាទូទៅ។

ឧទាហរណ៍ជាក់ស្តែងជាងគេ ក្នុងបដិវត្តន៍បច្ចេកវិទ្យានេះ គឺកុំព្យូទ័រ ទូរស័ព្ទដៃ ប្រព័ន្ធអ៊ីធើណេត (Internet) និងហ្វេសប៊ុក (Facebook) ដែលយើងកំពុង ប្រើប្រាស់ ទាំងអស់គ្នា។ សម្រាប់យុវជនខ្មែរ ភាគច្រើនលើសលប់ អ្វីៗទាំងអស់នេះ ទើបតែមានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហើយបាននាំមកនូវ ការប្រែប្រួលជាច្រើន ក្នុងការទទួលព័ត៌មាន ស្វែងរកចំណេះដឹង និងទំនាក់ទំនងគ្នាក្នុងសង្គម ដែលធ្វើឲ្យសង្គមនេះ ឈានទៅមុខ ឆ្ពោះទៅរកតម្លាភាព ភាពជឿនលឿន និងលទ្ធិប្រជាធិបតេយ្យ៕

ឯកឧត្តម សម រង្ស៊ី អំពាវនាវគណបក្ស កាន់អំណាចកម្ពុជា កុំខ្លាចពាក្យបដិវត្តន៍