លោកផៃ ស៊ីផាន៖ រាជរដ្ឋាភិបាល មិនខ្លាចបដិវត្តន៍ពណ៌

ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចបដិវត្តន៍ពណ៌នោះទេ ប៉ុន្តែក្នុងដែនសមត្ថកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវការពារ សណ្ដាប់ធ្នាប់នៅក្នុងប្រទេស និងមិនឲ្យមានបដិវត្តន៍បែបនេះនោះទេ។ ការលើកឡើងនេះ ឆ្លើយតបទៅនឹង ការលើកឡើង របស់ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី នៅលើបណ្ដាញទំនាក់ទំនងសង្គម (Facebook) ដែលបានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខ្លាចពាក្យបដិវត្តន៍ និងបានអំពាវនាវឲ្យឈប់ ខ្លាចនូវពាក្យនេះ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការនិយាយរបស់មេបក្សប្រឆាំងបែបនេះ គឺជាការនិយាយញុះញង់ បំផុសបំផុល ឲ្យមានបដិវត្តន៍ពណ៌។ “គាត់ជាអ្នកញុះញង់ គាត់ជាអ្នករៀបចំ គាត់ជាអ្នកមូលដ្ឋានធ្វើបដិវត្តន៍ពណ៌ គាត់ បរាជ័យបានគាត់ចេញទៅក្រៅបាត់”។

លោក បានបន្តថា “យើងអត់ខ្លាចបដិវត្តន៍ពណ៌ ក៏ប៉ុន្តែក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ គឺយើងត្រូវការពារ សណ្ដាប់ធ្នាប់ ហើយ សម រង្ស៊ី ជាពួកធ្លាប់អតីតឧទ្ទាមនៅតែ បន្ត នៅមួយជំនាន់ទៀត។ ការមិនឲ្យមានបដិវត្តន៍មិនមានន័យថាខ្លាចទេ គឺយើងមិនឲ្យមាន ដើម្បីផល ប្រយោជន៍មហាជន គឺសន្តិភាពក្នុងការអភិវឌ្ឍ ហើយការប្តេជ្ញានេះ មិនមែនត្រឹមតែរាជរដ្ឋាភិបាលទេ កងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ គឺស្រឡាញ់សន្តិភាព ស្រឡាញ់ស្ថិរភាព គឺយើងមិនអនុញ្ញាត ឲ្យមានជាដាច់ខាត”។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ខ្លួន ឯកឧត្តម សម រង្ស៊ី បានលើកឡើងថា “ខ្ញុំសូមអំពាវនាវ ដល់អ្នកកាន់អំណាចសព្វថ្ងៃ កុំឲ្យខ្លាចពាក្យ “បដិវត្តន៍” នេះខុសរឿង ដោយនឹកឃើញ តែពីសម័យខ្មែរក្រហមប៉ុណ្ណោះ។ សូមកុំធ្វើបាប និងដាក់ទោសទៅលើយុវជន ដូចជា និស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលមានគំនិតជឿនលឿនទាន់សម័យ ពេលប្រើពាក្យ “បដិវត្តន៍” ហើយដែលយល់ច្បាស់អំពីបរិបទថ្មី ប្រែប្រួល ឥតឈប់ឈរ ដែលយើងកំពុងតែរស់នៅទាំងអស់គ្នា”។

សូមបញ្ជាក់ថា ដោយសារតែបញ្ហាបដិវត្តន៍ពណ៌នេះ នាពេលបច្ចុប្បន្នមានប្រទេសមួយចំនួន នៅក្នុងតំបន់ មជ្ឈិមបូព៌ា កំពុងតែមានការញាំញី ដោយសង្រ្គាមជាមួយក្រុមរដ្ឋឥស្លាម (ISIS) ហើយប្រទេសកំពុងតែធ្លាក់ ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយប្រជាជនក្នុងប្រទេសទាំងនោះ កំពុងរងទុក្ខវេទនាយ៉ាងខ្លោចផ្សា ដោយមាន ទាំងស្លាប់ របួស និងខ្លះទៀតបានរត់ភៀសខ្លួន ទៅកាន់ប្រទេសនានាក្នុងសកលលោក ថែមទាំងបានបង្ក ឲ្យមានការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ ប្តី ប្រពន្ធ កូន យ៉ាងអាណោចអាធ័ម៕

លោកផៃ ស៊ីផាន៖ រាជរដ្ឋាភិបាល មិនខ្លាចបដិវត្តន៍ពណ៌