តុលាការ​​​ចាប់​​​ផ្តើម​​​ដោះស្រាយ​​​បណ្តឹងសាទុក្ខ​របស់​សកម្ម​​​ជនសិទ្ធិ​​​ដី​​​ធ្លី​​​​​​១៣នាក់

សកម្ម​​​ជន​​​សិទ្ធិ​​​ដីធ្លី​​​១៣​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​បាន​​​បង្ហាញ​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​នៅ​​​តុលាការ​​​កំពូល​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​ដើម្បី​​​ការ​​​ពារ​​​បណ្តឹង​​​សាទុក្ខ​​​​​​​​​នៅ​​​ក្នុង​​​ការ​​​តតាំង​​​ផ្លូវ​​​ច្បាប់​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ឆ្នាំ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាក់​​​ទិន​​​​​​នឹង​​​ការ​​​តវ៉ា​​​។

ស្ត្រី​​​ទាំង​​​១៣​​​នាក់​​​នេះ​​​ដែល​​​បាន​​​ល្បី​​​ឈ្មោះ​​​ ដោយ​​​សារ​​​ការ​​​តវ៉ា​​​ដ៏​​​ស្វិតស្វាញ​​​​របស់​​​ពួក​​​គាត់​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​​​​ដែល​​​​​​កើត​​​​​​ឡើង​​​ដោយសារស្នាដៃ​​​​របស់​​​ក្រុម​​​ហ៊ុន​​​អចលន​​​ទ្រព្យ​​​គ្រប់​​​គ្រង​​​ដោយ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ម្នាក់​​​​​​​​​នោះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្បែរ​​​តំបន់​​​បឹង​​​កក់​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១២​​​ពេល​​​កង​​​សន្តិសុខ​​​ព្យាយាម​​​បំបែក​​​ពួក​​​គាត់​​​ខណៈ​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​។

សកម្មជន​​​សិទ្ធិ​​​ដីធ្លី​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់លើ​​​កបដា​​​តវ៉ា​​​នៅ​​​មុខ​​​តុលាការ​​​កំពូល កាល​​​ពី​​​ម្សិលមិញ ទាម​​​ទារ​​​ឲ្យ​​​ទម្លាក់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ស្ត្រី​​សកម្ម​​​ជន​​​ទាំង​​​១៣​​​នាក់។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

សកម្មជន​​​សិទ្ធិ​​​ដីធ្លី​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់លើ​​​កបដា​​​តវ៉ា​​​នៅ​​​មុខ​​​តុលាការ​​​កំពូល កាល​​​ពី​​​ម្សិលមិញ ទាម​​​ទារ​​​ឲ្យ​​​ទម្លាក់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ស្ត្រី​​សកម្ម​​​ជន​​​ទាំង​​​១៣​​​នាក់។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

វីដេអូ​​​ស្តី​​​ពី​​​ហេតុការណ៍​​​តវ៉ា​​​នេះ​​​បាន​​​បង្ហាញ​​​ថា ស្ត្រី​​​ទាំង​​​នេះ​​​នាំ​​​គ្នា​​​ច្រៀង​​​បទ​​​ចម្រៀង​​​តវ៉ា​​​ខណៈ​​​ព័ទ្ធជុំវិញទៅដោយ​នគរ​​​បាល​​​ និង​​​កង​​​សន្តិសុខ​​​​​​ មុន​​​ពេល​​​សន្តិសុខ​​​ម្នាក់​​​រុញ​​​​ដៃ​​​របស់​​​ស្ត្រី​​​ម្នាក់ ដែលជាហេតុធ្វើ​ឲ្យ​ផ្ទុះ​ការ​​​រុញ​​​ប្រវាយ ប្រតប់​គ្នា​ទៅវិញ​​​ទៅ​​​មក​​​នោះ​។ ទោះជា​​​យ៉ាង​​​​​​ណា​ក៏​​​ដោយ​​​ សាលា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​សកម្ម​​​ជន​​​ទាំង​​​នេះ ថា​​​​បាន​​​ប្រើ​​​ប្រាស់​​​ពូថៅ​​​ ញញួរ និង​​​ដំបង​​​ដែក​​​តតាំង​​​នឹង​​​កង​​​សន្តិសុខ​​​។

ពួក​​​គាត់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រឆាំង​រាជការ​សាធារណៈ​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ និង​​​កាន់​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់លើ​អចលនវត្ថុ​សាធារណៈ​​​​ ហើយ​​​ត្រូវ​​​បាន​​​​​​បញ្ជូន ទៅ​ដាក់​​​​ពន្ធនាគារ​​​មួយ​​​រយៈ​​​ពេល​ខ្លី​​​។ អង្គការ​​​​​​សិទ្ធិ​​​មនុស្ស​​​បាន​​ចាត់ទុក​ពួក​​​គាត់​​​ថា “បឹង​​​កក់​​​​១៣” ហើយ​​​បាន​​​ធ្វើ​​​យុទ្ធនាការ​​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​ពួក​​​គេ​​​មក​​​វិញ​​​​ ដែល​​​​ធ្វើ​​​ឲ្យ​​​អន្តរ​​​ជាតិ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ ជា​​​ហេតុ​​​​ ធ្វើ​​​ឲ្យ​​​សាលា​​​ឧទ្ធរណ៍​​​សម្រេច​​​កាត់​​​បន្ថយ​ទោស​​​ជាប់​​​ពន្ធនាការ​​​របស់​​​ពួក​​​គាត់​​នៅ​ខែ​​​ក្រោយ​​​ ដោយ​​​អនុញ្ញាត​ឲ្យ​ពួក​​​គាត់​​​​​​មាន​​​សេរី​​​ភាព​វិញ​​​ភ្លាម​​​ៗ។

ទោះ​​​ជា​​​យ៉ាង​​​ណា ស្ត្រី​​​ទាំង​​​នេះ​​​នៅ​​​តែ​​​បដិសេធ​​​មិន​​​ព្រម​​​ទទួល​​​យក​​​សាល​​​ដីកា​​​​​​ផ្តន្ទា​​​ទោស​​​ ហើយ​​​ចង់​​​ឲ្យ​​​តុលាការ​​​កំពូល​​​កែ​​​ប្រែ​​​បទចោទប្រកាន់​​​​នេះ​​​។

អ្នក​​​ស្រី ទេព វន្នី អាយុ​​​៣៥​​​ឆ្នាំ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា “ខ្ញុំ​​​ប្តឹង​សាទុក្ខ​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​​​​ពេញ​​​ចិត្ត​​​ដោយ​​​សារ​​​​​​​​​​​​​​​​​​​​សាល​​​ដីការបស់​​​​​​សាលា​​​ឧទ្ធរណ៍ និង​​​សាលក្រម​​​របស់​​​សាលា​​​ដំបូង​​​រាជធានី​​​បាន​​​ផ្តន្ទាទោស​​​ខ្ញុំ​​​ទាំង​​​​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្តបទ​​​ល្មើស​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​​​​”។

cam-photo-boeng-kak-satoshiអ្នកស្រី​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​អត់​​​មាន​​​កាន់​​​អ្វី​​​ទេ ហើយ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​គឺ​​​ជា​​​ការ​​​បំផ្លើស​​​។ ខ្ញុំ​​​មិន​​​អាច​​​ការ​​​ពារ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​បាន​ផង​​​ តើ​​​ខ្ញុំ​​​​​​មាន​​​សិទ្ធិ​​​អំណាច​ទន្ទ្រាន​​​ដី​​​កម្ម​​​សិទ្ធិ​​​ឯកជន និង​​​រារាំង​​​មន្ត្រី​​​សាធារណៈ​​​ម្តេច​​​នឹង​​​កើត​​​ទៅ​​​?”។

ស្រ្តី​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​​​​ប្រកាន់​​​ម្នាក់​​​ទៀត​​​ឈ្មោះ សុង ស្រី​​​លាភ អាយុ​​​៣១​​​ឆ្នាំ​​​បាន​​​លើក​​​ឡើង​​​ថា ស្ត្រី​​​ទាំង​​​នេះ​​​ចង់​​​ឲ្យ​​​គេ​​​លុប ​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ចេញ​​​ពី​​​បញ្ជី​​​តុលាការ​​​។ “ខ្ញុំ​​​ចង់​​​ឲ្យ​​​តុលាការ​​​កំពូល​​​ផ្តល់​​​យុត្តិធម៌​​​ ហើយ​​​​​​ធ្វើ​​​ឲ្យ​​​ឈ្មោះ​​​របស់​​​យើង​​​ស្អាត​​​ស្អំ​​​ឡើង​​​វិញ​​​។ វា​​​អស់​​​រយៈ​​​ពេល​​​៤​​​ឆ្នាំ​​​មក​​​ហើយ ​​​ខ្ញុំ​​​មិន​​​ចង់​​​ឮថា យើង​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​​​​នោះ​​​ឡើយ​​​”។

មេធាវីម្នាក់​ដែល​​​​តំណាង​ឲ្យ​ស្ត្រី​​​ទាំង​​​នេះ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ដោយ​​​លើក​​​ឡើង​​​ពី​​​ទឡ្ហីករណ៍​មុន​​​ៗ​​​មក​​​របស់​​​​សាក្សី​​​ និង​​​អ្នក​​​កាសែត​​​នៅ​​​កន្លែង​​​​តវ៉ា​ដើម​ដំបូង​ដែល​​​​​និយាយ​​​ថា ស្ត្រី​​​ទាំង​​​នេះ​​​គ្មាន​​​អាវុធ​​​ក្នុង​​​ដៃ​​​ទេ​​​។

មេធាវី​​​រូប​​​នេះ​​​ដែល​​​មាន​​​ឈ្មោះ​​​ សាន ​​​សុគន្ធា ​​​បាន​​​សួរ​​​ថា “តើ​​​អ្នក​​​មាន​​​​​​ភ័ស្តុតាង​​​ណា​​​មួយ​​​ដើម្បី​​​បង្ហាញ​​​ថា ក្នុងចំណោម​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ មានកូនក្តី​ណាម្នាក់​កាន់​​​ពូថៅ ឬ​​​ញញួរ​​​ដែរ​​​ឬ​ទេ​​​?។ យើង​​​បាន​​​ឃើញ​​​នគរ​​​បាល​​​ជា​​​ច្រើន​​​ចាប់​​​ខ្លួន​​​ពួក​​​គាត់​​​ ហើយ​​​សែង​​​ពួក​​​គាត់​​​ដូច​​​ជ្រូក​​​​​​ញាត់ចូល​​​​រថយន្ត​​​មួយ​​​បាំង​​​កន្លះ”។

អគ្គ​​​ព្រះរាជ​​​អាជ្ញា​​​រង​​​ ឈួន ចន្ថា មិន​​​បាន​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​បែប​​​នេះ​​​ទេ​​ ​​​​ដោយ​​​លើក​​​ឡើង​​​​ត្រឹម​តែ​​​ថា “សាលា​​​ឧទ្ធរណ៍​​​សម្រេច​​​ត្រឹម​​​ត្រូវ”​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ចៅ​​​ក្រម​​​ “ពិចារណា​​​​​​អំពី​ច្បាប់នេះ​​​​”។

សាល​​​ដីកា​​​ស្ថាពរ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​នឹង​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មីនា៕​​​ ស៊ុយឈាង​​​​​​

The post តុលាការ​​​ចាប់​​​ផ្តើម​​​ដោះស្រាយ​​​បណ្តឹងសាទុក្ខ​របស់​សកម្ម​​​ជនសិទ្ធិ​​​ដី​​​ធ្លី​​​​​​១៣នាក់ appeared first on ខេមបូឌា ដេលី.