ស្នង​​​ការស្តីបន្ទោស​​​​​នាយ​ប៉ុស្តិ៍​​សង្កាត់​ភ្នំពេញថ្មី​​ខ្លាំងៗ​​​ចំពោះ​ការ​​មិន​អើពើ​បង្ក្រាប​បទ​ល្មើស​

ថ្លែង​ទៅ​កាន់​ក្រុម​ប្រជាពលរដ្ឋ​ដែល​​​​មាន​​​​ការ​​​ក្តៅ​​​ក្រហាយ​​​​​​នៅ​​​​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ លោក​ ជួន សុវណ្ណ ស្នងការ​រាជធានី​បាន​ស្ដីបន្ទោស​នាយ​ប៉ុស្តិ៍​សង្កាត់​ស្ដីទី​ម្នាក់​​ខ្លាំង​ៗ​ចំពោះការ​​​បណ្ដោយ​​ឲ្យ​​​​​ជន​​ប្រើ​ប្រាស់​​​គ្រឿង​​​​​​ញៀន ចោរ​ប្លន់​ប្រដាប់​​អាវុធ​​ និង​ក្រុម​ក្មេង​​​ទំនើង​​​​កាន់​ដាវ​​​​​កាំ​​​បិត​​​​បង្ក​ការ​អុកឡុក​យ៉ាង​អនាធិបតេយ្យ​ក្នុង​​​មូល​​​ដ្ឋាន ហើយ​​ថែម​ទាំង​គំរាម​​មិន​ដំឡើង​ឋានៈ​លោក​ជា​នាយ​ប៉ុស្តិ៍​ពេញ​សិទ្ធិ​ទៀត​ផង​។

ចាប់​តាំង​ពី​លោក ដួង វណ្ណៈ កាន់​តំណែង​បន្ត​ពី​​​លោក កែវ សុទ្ធោធ៍ ​នាយ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​​​​ភ្នំពេញ​ថ្មី​ដែល​ចូល​និវត្តន៍​ប្រហែល​២ខែ​មក ប្រជាពលរដ្ឋ​​ក្នុង​សង្កាត់​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​រាជធានី​ភ្នំពេញ​នេះ បាន​​​​ត្អូញត្អែរ​ចំពោះ​ការ​កើន​ឡើង​បទល្មើស​ នេះ​បើ​យោង​តាម​​លោក ជុំ សារ៉ាយ ​​​ជា​​​ចៅ​សង្កាត់​​ដែល​បាន​ជួយ​រៀបចំ​វេទិកា​សាធារណៈ​ ​​ដើម្បី​លើក​ឡើង​ការ​តវ៉ា​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។

ចំណុច​សំខាន់​​​​នៃ​​​​ការ​​​តវ៉ា​​​​ដែល​បាន​លើក​ឡើង​អំឡុង​វេទិកា​សាធារណៈ​នោះ គឺ​ការ​ព្រងើយ​កន្តើយ​របស់​​លោក ដួង វណ្ណៈ ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​នេះ​ក្ដៅ​ក្រហាយ​ នៅ​ពេល​មន្ត្រី​នគរ​បាល​​​ក្រោម​ឱវាទ​របស់​លោក​មិន​ព្រម​​​​​ចាប់​​​ខ្លួន​បុរស​ម្នាក់​ដែល​គេ​ចាប់​បាន​ពេល​លួច​កៅអី​ជ័រ​ពី​​​រោង​​ជប់លៀង​។

លោក​​ ជុំ សារ៉ាយ មាន​ប្រសាសន៍​ថា “​​នគរ​​បាល​របស់​គាត់​មិន​បាន​ឃុំខ្លួន​ចោរ​ទេ ព្រោះ​ពួកគេ​គ្មាន​ពាក្យ​បណ្ដឹង​ [ផ្លូវ​ការ​] ហើយ​បន្ទាប់​​​​មក​ក៏​​​​​​​ដោះ​​​លែង​​​​​​​​​ចោរ​នោះ​​​ឲ្យ​​​​​​រួច​ខ្លួន​” ​​​ហើយ​​​​​​​ថា ​ហេតុការណ៍​នេះ​​ និង​ហេតុ​ការណ៍​ផ្សេង​ៗ​​​ទៀត​ដូច​នេះ​បាន​បណ្ដាល​ឲ្យ​ឧត្ដម​សេនីយ៍​ឯក ជួន សុវណ្ណ ប្រលះ​លោក ដួង វណ្ណៈ ឲ្យ​អាម៉ាស់​​​​​​​នៅ​ចំពោះ​មុខ​មនុស្ស​ជាច្រើន។

លោក​​​បន្ត​ថា “​ឯកឧត្ដម​ ជួន សុវណ្ណ មាន​ប្រសាសន៍​ថា ’​លោក​​​ឯង​គ្មាន​សមត្ថភាព​​​​ធ្វើ​​​ជា​​​​នាយ​ប៉ុស្តិ៍​សង្កាត់​​ទេ ពីព្រោះ​គេ​​​​​​​អនុញ្ញាត​ឲ្យ​​​លោក​​​​ឯង​ធ្វើ​ជា​នាយប៉ុស្តិ៍​ស្ដីទី​ដើម្បី​តែង​តាំងលោក​​​​ឯង​ជា​នាយ​​ប៉ុស្តិ៍​សង្កាត់ ប៉ុន្តែ​​លោក​​​​​​​ឯង​​​​បែរ​ជា​ធ្វើបែប​នេះ”។

លោក​​​លើក​ឡើង​បន្ថែមទៀត​ថា លោក​ក៏​​​​ខឹង​​​​​​​ដូច​អ្នក​ភូមិ​ដែរ​ចំពោះ​លោក ដួង វណ្ណៈ ដែល​ធ្វើ​ជា​មន្ត្រី​នគរ​បាល​​​ក្នុង​សង្កាត់​នេះ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ និង​ដែល​​កាល​ពី​មុន​​ជា​នាយ​រង​ប៉ុស្តិ៍​។

​លោក ជា សម្បត្តិ អនុប្រធាន​ភូមិ​គោក​ឃ្លាង​​​ថ្លែង​​​​ថា ចាប់​តាំង​​ពីលោក ដួង វណ្ណៈ ទទួល​បន្ទុក​​​​​ដឹក​​​នាំ​​​​​​កង​កម្លាំង​​សង្កាត់​មក លោក​បាន​កត់​ត្រា​ឃើញ​​​​កើន​ឡើង​​​ករណី​​ចោរ​ចូល​​​លួច​​​​​​​​​ប្លន់ ចំណែកឯ​ក្មេងស្ទាវ​ញៀន​ថ្នាំ​បាន​ចាប់​ផ្ដើម​​​​ប្រើ​ដាវ​សាមូរ៉ៃ​​ដើម្បី​បំភ័យ​ប្រជា​ពលរដ្ឋ​​​រស់​​​នៅ​​​​​​ក្នុង​​​មូល​​​ដ្ឋាន។ ​​​គាត់​​​និយាយ​​​​​​​ថា ​”​ខ្ញុំបាន​កត់​ត្រា​​ក្នុង​សៀវភៅ​របស់​ខ្ញុំថា នគរ​បាល​សង្កាត់​ហាក់​ដូច​​​មិន​ជួយ​​ទប់​ស្កាត់​បទ​ល្មើស​ទាំង​នេះ​ទេ និង​មិន​សហការ​ជាមួយ​​ប្រជាពលរដ្ឋ​ និង​មន្ត្រី​មូលដ្ឋាន​”។

ពេល​ទាក់​ទង​​​កាលពី​​ម្សិលមិញ លោក ដួង ​វណ្ណៈ បាន​​​​បដិសេធ​​​មិន​ឆ្លើយ​បំភ្លឺ​​​ទេ​​​​ជុំវិញ​ការ​​​ស្ដីបន្ទោស​​​​​របស់​​​ស្នងការ​​​​រាជ​​​ធានី ប៉ុន្តែ​បាន​អួត​ថា ​​មេចោរ​​​នោះ និង​បក្ខ​ពួក​​​​​ម្នាក់​​​ត្រូវ​​​​នគរ​​​​​បាល​​​​​​​ចាប់​ខ្លួន​​​​​​​​បាន​ហើយ​​​​កាលពី​រសៀល​ថ្ងៃ​អង្គារ ​ភ្លាមៗ​​​​បន្ទាប់ពី​វេទិកា​នេះ។ លោក​​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា “​ជន​សង្ស័យ​ពីរ​នាក់​ឈ្មោះ ហ៊ុន ចាន់ណារ៉ូ ​អាយុ​២៩​ឆ្នាំ និង​ ណេន ​វ៉ាន់ណេត ​​អាយុ​២៤​ឆ្នាំត្រូវ​បាន​ចាប់​ខ្លួន​​​ហើយ​​​​​”។

ទោះ​ជា​យ៉ាង​ណា ឧត្ដម​សេនីយ៍​ឯក ជួន សុវណ្ណ មិន​អាច​ទាក់​ទង​បាន​​​​​​ទេ​៕ សុខុម​​​​

 

The post ស្នង​​​ការស្តីបន្ទោស​​​​​នាយ​ប៉ុស្តិ៍​​សង្កាត់​ភ្នំពេញថ្មី​​ខ្លាំងៗ​​​ចំពោះ​ការ​​មិន​អើពើ​បង្ក្រាប​បទ​ល្មើស​ appeared first on ខេមបូឌា ដេលី.