ប៉ូលិស បង្ក្រាប​ក្រុមចោរ​ប្រដាប់អាវុធ ប្លន់​ផ្ទះ​ចងការ​ប្រាក់ នៅ​ឃុំ​រក​កោង​

​កណ្តាល: ក្រុមចោរប្លន់​ប្រដាប់អាវុធ មាន​គ្នា ៥​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់ ផ្ទះ​ប្រជាពលរដ្ឋ ដែលជា​អ្នក​ចងការ​លុយ នៅ​ភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​២ មីនា  ត្រូវបាន​នគរបាល​ខេត្តកណ្តាល បង្ក្រាបបាន​ទាន់ពេលវេលា​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ក្រុមចោរប្លន់ បាន​បាញ់​មកលើ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច បាន​បាញ់​តបតទៅវិញ ដើម្បី​ការពារ​ខ្លួន និង​បាន​ចាប់​បក្ខពួក ចោរប្លន់​បាន ២ នាក់ ដោយ​ក្នុងនោះ​មាន​មេក្លោង​ម្នាក់​។​

​ជនសង្ស័យ​ដែល​ចាប់ខ្លួន ឈ្មោះ ហ៊ីង នី រហស្សនាម​ហៅ មមីស អាយុ​ជាង ៤០ ឆ្នាំ ជា​មេក្លោង ដែល​កន្លងមក តែងតែ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា នៅ​ខេត្តស្វាយរៀង ព្រៃវែង ពោធិសាត់ និង​នៅ​ខេត្ត​ណ្តា​ល និង​មាន​ដីកា​តាម​ចាប់ខ្លួន​ថែម​ទៀតផង​។ រីឯ​ម្នាក់ទៀត​ឈ្មោះ ស្រី ស្រ៊ា​ន់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្លុក​ខ្នុង ឃុំ​ព្រែក​ញៀប ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស កាលពី​ខែតុលា ឆ្នាំ​២០១៥ ជាប់ចោទ​ពីបទ ប៉ុនប៉ង​លួច​។​

​ចំណែក​បក្ខពួក​ម្នាក់ទៀត នគរបាល កំពុងតែ​ឡោម​ព័ន្ធ​ចាប់ខ្លួន និង ២ នាក់ រត់គេចខ្លួន ដោយ​នគរបាល តាម​ប្រមាញ់​។​

​បើតាម​របាយការណ៍ បានអោយដឹងថា ក្រុម​នេះ​គឺជា​មុខសញ្ញា​ប្លន់​ផ្ទះ​វេរ​លុយ Wing នៅ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្ដាល កាលពី​ថ្ងៃទី​១២.១២.២០១៥ និង​បក្ខពួក បន្ត​បម្រុង​ធ្វើ​សកម្មភាព​ប្លន់ ផ្ទះ​ចងការ​ប្រាក់ នៅ​ភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​០២.០៣.២០១៦ វេលា​ម៉ោង ១៧.៣០​នាទី ។​

-​នៅ​ព្រឹក​ថ្ងៃទី​០២.០៣.២០១៦ ដោយ​ទទួលបាន​ព័ត៌មាន​ជំនាញ​ក្ដាប់បាន​ថា ក្រុម​បក្ខពួក​ចោរប្លន់ បាន​ប្រមូលផ្ដុំ​កម្លាំង​របស់​វា មកជួប​ជុំគ្នា នៅ​ចំណុច​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​អាវុធ​វែង​ខ្លី មាន​៖១.​ឈ្មោះ ហ៊ីង នី ហៅ ប៉េ​ន ហៅ មមីស (​មេក្លោង​), ២.​ឈ្មោះ កីឡាករ​, ៣.​ឈ្មោះ ក្រៃ​ថោង​, ៤.​ឈ្មោះ វី​ណា និង​៥. មិន​ស្គាល់ឈ្មោះ​។​

​ក្រុម​នេះ បាន​ប្រមូលផ្ដុំ​កម្លាំង មកជួប​ជុំគ្នា ធ្វើដំណើរ​ទៅ​មើល​ភូមិសាស្ត្រ ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល បម្រុង​ធ្វើ​សកម្មភាព នៅ​ថ្ងៃទី​២៩.០២.២០១៦ និង​មក​ពិនិត្យមើល​ភូមិសាស្ត្រ​ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល និង​បន្ត​មក​មើល​ព្រែក​ក្ដាម ឃុំ​វិហារ​លួង ស្រុក​ពញាឮ​។​នៅ​ថ្ងៃទី​០១.០៣.២០១៦ ក្រុម​នេះ បានមក​ជួបជុំគ្នា ស៊ីផឹក​ពេលយប់ នៅ​ផ្លូវជាតិ​លេខ​៣ ផ្ទះ​ខា​រា​អូ​ខេ ឈ្មោះ មីង​តាំង  មានឈ្មោះ មីង លី ភេទ​ស្រី នៅ​ភូមិ​ថ្លុក​ខ្នុង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដើម្បី​រៀបចំ​គម្រោងការ​ប្លន់ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ។ បន្ទាប់មក នៅ​ព្រឹក ថ្ងៃទី​០២.០៣.២០១៦ ព្រឹក​មិញ​នេះ ក្រុម​មុខសញ្ញា​ប្លន់ ដែល​ដឹកនាំ​ដោយ​ឈ្មោះ​ហ៊ីង នី ហៅ មមីស បាន​ឲ្យ​បក្ខពួក​គ្នា​វា ឈ្មោះ កីឡាករ រហស្សនាម ហៅ​ក្រៅ ឡើងមក​ព្រែក​ក្ដាម ស្រុក​ពញាឮ ដើម្បី​មក​យក​អាវុធ​វែង ដឹក​តាម​រថយន្ត មក​គោលដៅ​ផ្សារ​រកា​កោង​២ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់ ម្ចាស់ផ្ទះ​ឈ្មោះ ស៊ុ​ក សុវណ្ណនី ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន នៅ​ភូមិ​ព្រែក​ជ្រៃ ឃុំ​រកា​កោង ស្រុក​មុខកំពូល​ខេត្តកណ្ដាល ។

​បន្ទាប់មក សមត្ថកិច្ច​ជំនាញ​ក្រសួង ខេត្ត ស្រុក ប៉ុស្តិ៍ បានរៀបចំ​ផែនការ ត្រៀម​ពួនស្ទាក់ ចាប់​មុនពេល​ធ្វើ​សកម្មភាព សមត្ថកិច្ច​បានកំណត់​ស្គាល់ ភិនភាគ​មុខសញ្ញា ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស និង​មាន​កាបូប​ដាក់ នៅ​ទូក​ម៉ូតូ​ខាងមុខ​។ ម៉ូតូ​សង្ស័យ​២​គ្រឿង​នៅ​ចំណុច​ផ្លូវបំបែក​ច្រកចូល ទៅ​ឃុំ​រកា​កោង​១ ហើយ​បាន​ឃាត់​មុខសញ្ញា ហៅ​ឲ្យ​ឈប់ ប៉ុន្តែ​មុខសញ្ញា​ជនសង្ស័យ ម៉ូតូ​២​គ្រឿង ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ចាម 1F-9405  ជិះ​គ្នា ០១​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ស្លាក​លេខ​ភ្នំពេញ 1FA-2128 ជិះ​គ្នា​០២​នាក់ មិន​ព្រម​ឈប់ ហើយ​បាន​បើក​គេច​បុក​សមត្ថកិច្ច បក​ក្រោយ​ឆ្ពោះ​ឡើង មក​ផ្លូវជាតិ​លេខ​៦​វិញ ដោយបាន​លូកដៃ ចូលក្នុង​កាបូប និង​ម្នាក់ទៀត យកដៃ​កាន់​ចង្កេះ​។ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ ក្រុម​ពួកវា​ទាំង​២​នាក់ បាន​ផ្ដួល​ម៉ូតូ​ចោល រត់គេច បំបែក​គ្នា ចុះមក​ខាងលិច​ផ្លូវ​ជាតិ​លេខ​៦ ខាងក្រោយ​ភូមិ ផ្ទះ​ប្រជាពលរដ្ឋ​។  

​តាមរយៈ​ដាន​ឈាម ដែល​ពួកវា​ត្រូវរបួស បន្ទាប់មក ត្រូវបាន​សមត្ថកិច្ច បន្ត​តាម​រុករក ព័ទ្ធ​ចាប់បាន​១​នាក់ ឈ្មោះ ហ៊ីង នី ហៅ មមីស ហៅ​ប៉េ​ន ដែល​បាន​រត់គេចខ្លួន​សំងំ នៅក្បែរ​គុម្ព​ឫស្សី ។  បក្ខពួក​របស់​វា ២​នាក់​ទៀត បាន​បើករថយន្ត​ម៉ាក​តូយ៉ូតា កូរ៉ូឡា ពណ៌​ស ដឹក​អាវុធ​គេចចេញ មក​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៦ ចូលមកក្នុង​ទិសដៅ​ភ្នំពេញ​។ ម្នាក់ទៀត បន្ត​រត់គេចខ្លួន​ចុះ ទៅក្នុង​ព្រៃ​វាល​បឹង​ខាង​ក្រោយ​ភូមិ បច្ចុប្បន្ន សមត្ថកិច្ច​បន្ត​ហ៊ុំព័ទ្ធ ។ ដោយឡែក ឈ្មោះ ហ៊ីង នី ហៅ មមីស តាមរយៈ​ការសង្គ្រោះ បន្ទាន់​របស់​ក្រុមគ្រូពេទ្យ​បឋម នៅ​មន្ទីរពេទ្យ​ជ័យជំនះ ស្នាមរបួស​ត្រូវ​គ្រាប់​ចំ​កន្លែង​កំប៉េះគូទ ចំហៀង​ចំនួន​២​គ្រាប់ ។​

​ករណីនេះ សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ រុករក​បក្ខពួក​រប​ស់វា​បន្ថែមទៀត​៕V​/S

ប៉ូលិស បង្ក្រាប​ក្រុមចោរ​ប្រដាប់អាវុធ ប្លន់​ផ្ទះ​ចងការ​ប្រាក់ នៅ​ឃុំ​រក​កោង​

ប៉ូលិស បង្ក្រាប​ក្រុមចោរ​ប្រដាប់អាវុធ ប្លន់​ផ្ទះ​ចងការ​ប្រាក់ នៅ​ឃុំ​រក​កោង​

ប៉ូលិស បង្ក្រាប​ក្រុមចោរ​ប្រដាប់អាវុធ ប្លន់​ផ្ទះ​ចងការ​ប្រាក់ នៅ​ឃុំ​រក​កោង​