ម៉ូហ្សាំប៊ី បញ្ជាក់ថា រកឃើកំទេចកំទីយន្តហោះ "គ្មានភស្តុតាង" ណាមួយបញ្ជាក់ថា ជារបស់យន្តហោះ MH370 ដែលបានបាត់ ខ្លួននោះទេ

ម៉ាពូតូ៖ អាជ្ញាធរអាកាសចរណ៍ នៅក្នុងប្រទេសម៉ូហ្សាំប៊ី បានឲ្យដឹងកាលពីរាត្រី ថ្ងៃពុធម្សិលមិញថា ពួកគេ បានរកឃើញ នូវកំទេចកំទីយន្តហោះ មួយនៅឆ្នេរសមុទ្រ នៃប្រទេស ម៉ូហ្សាំប៊ី ប៉ុន្តែ "មិនទាន់ច្បាស់ថា" វាជាបំណែកណាមួយ ដែលជារបស់យន្តហោះ ប៊ូអ៊ីង៧៧៧ដែលបានបាត់ខ្លួន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ថា លោក Joao Abreu ប្រធានវិទ្យាស្ថានអាកាសចរណ៍ ស៊ីវិលជាតិ ម៉ូហ្សាំប៊ី បានបញ្ជាក់ថា "រហូតមកដល់ ពេល បច្ចុប្បន្ននេះ មិនទាន់មាន ភស្តុតាងណាមួយ បង្ហាញឡើងថា វាជាបំណែករបស់ យន្តហោះ MH370នោះទេ" ។

លោកបានបន្តថា អាជ្ញាធរអូស្ត្រាលី ក៏បានទំនាក់ទំនង មកកាន់វិទ្យាស្ថាន របស់គាត់ដែរ ដែលបានរកឃើញនូវ កំទេចកំទីយន្តហោះ នៅក្នុងទឹកដីម៉ូហ្សាំប៊ី ។

លោកបានបរិយាយថា កំទេចកំទីយន្តហោះ ដែលរកឃើញ និងបាននាំយកមក ដល់វិទ្យាស្ថាន វាត្រូវបាន ប្រទះឃើញដោយអ្នកនេសាទម្នាក់ និងភ្ញៀវទេសចរ អាម៉េរិកាំងម្នាក់ ដែលពួកគេ បានឃើញវានៅ ឆ្នេរសមុទ្រកាលពី០២ថ្ងៃមុន ហើយក៏នាំយកមកដល់ វិទ្យាស្ថានដើម្បីត្រួតពិនិត្យ ។

គួររំលឹកថា យន្តហោះអាកាសចរណ៍ ម៉ាឡេស៊ី MH370 ដែលជាប្រភេទ Boeing 777-200ER បានបាត់ ខ្លួនពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដោយបានហោះហើរ ចេញពីកូឡាឡាំពួរ ឆ្នោះមក កាន់ក្រុងប៉េកាំង ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ភាគច្រើនជាជនជាតិចិន ៕