ចរាចរណ៍​ខែកុម្ភៈ កើតឡើង​៣៦២​លើក ស្លាប់​១៧៩​នាក់ និង​របួសស្រាល​-​ធ្ងន់​៥៥៧​នាក់

ចរាចរណ៍​ខែកុម្ភៈ កើតឡើង​៣៦២​លើក ស្លាប់​១៧៩​នាក់ និង​របួសស្រាល​-​ធ្ងន់​៥៥៧​នាក់

រាជធានី​ភ្នំពេញ ៖ ខែកុម្ភៈ ២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើត ឡើង​ចំនួន​៣៦២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៧៩​នាក់ និង​របួសធ្ងន់​ស្រាល​៥៥៧​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ខែមករា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង តែ​ចំនួន​អ្នក​ស្លាប់ និង​របួស​បាន​ថយ​ចុះ ។

យោង​តាម​របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០១៦ កើតឡើង​ចំនួន​៣៦២​លើក បើ​ធៀប​ទៅ​នឹង​ខែមករា ឆ្នាំ​២០១៦ មានការ​កើនឡើង​៣៨​លើក ស្មើនឹង​១២​ភាគរយ ។ ស្លាប់​ចំនួន​១៧៩​នាក់ ថយ​ចុះ​៩​នាក់ ស្មើនឹង​៥​ភាគរយ របួសធ្ងន់​ចំនួន​៣៦០​នាក់ កើនឡើង​២២​នាក់ ស្មើនឹង​១២​ភាគរយ និង​របួសស្រាល​ចំនួន​១៩៧​នាក់ ថយ​ចុះ​១០២​នាក់ ស្មើនឹង​៣៤​ភាគរយ ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​មក​ពី បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន​១៣២​លើក ថយ​ចុះ​១៤​លើក ស្មើនឹង​១០​ភាគរយ​។ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន​៥៧​លើក កើនឡើង​២៣​លើក ស្មើនឹង​៦៨​ភាគរយ​។ បើក​ជែង​គ្រោះថ្នាក់​៣២​លើក ថយ​ចុះ​១២​លើក ស្មើនឹង​២៧​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព​៣៧​លើក​កើនឡើង​១​លើក ស្មើនឹង​៣​ភាគរយ​។ មិន​ប្រកាន់​ស្តាំ​៤៨​លើក កើនឡើង​២២​លើក ស្មើនឹង​៨៥​ភាគរយ​។  បត់​មិន​ប្រយ័ត្ន​គ្រោះថ្នាក់​៤១​លើក កើនឡើង​១៥​លើក ស្មើនឹង​៥៨​ភាគរយ កត្តា​យានយន្ត​១១​លើក កើនឡើង​៤​លើក ស្មើនឹង​៥៧​ភាគរយ និង​ងងុយដេក​២​លើក ។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ច្រើន​គឺ​នៅ​រាជធានី​ភ្នំពេញ កើតឡើង​ចំនួន ២៩​លើក ស្លាប់​២៣​នាក់ របួសធ្ងន់​២៣​នាក់​របួសស្រាល​៣​នាក់ ។

ខេត្តកណ្តាល​១៦​លើក ស្លាប់​១៤​នាក់​, របួសធ្ងន់​១៩​នាក់ ។
ខេត្តព្រៃវែង​កើតឡើង​១៥​លើក​ស្លាប់​១៤​នាក់​របួសធ្ងន់​១០​នាក់ របួសស្រាល​១៦​នាក់ ។
ខេត្តកំពត​១៩​លើក ស្លាប់​៨​នាក់ របួសធ្ងន់​១៩​នាក់ រ​បួ​ស្រាល​១១​នាក់ ។
ខេត្តបន្ទាយមានជ័យ ៣៣​លើក ស្លាប់​១៩​នាក់ របួសធ្ងន់​៣១​នាក់ របួសស្រាល​៨​នាក់ ។
ខេត្តកំពង់ធំ កើតឡើង​១៧​លើក ស្លាប់​១២​នាក់ របួសធ្ងន់​១៣​នាក់ របួសស្រាល​៦​នាក់ ។
ខេត្តរតនគិរី កើតឡើង​១២​លើក ស្លាប់​៨​នាក់ របួសធ្ងន់​៧​នាក់ ។
ខេត្ត​ត្បូងឃ្មុំ កើត​១០​លើក ស្លាប់​១១​នាក់​របួសធ្ងន់​១០​នាក់ របួសស្រាល​២​នាក់ ។

គួ​រំលឹក​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ខែមករា គិត​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៦ កើតឡើង​ចំនួន ៣១៥​លើក បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ថយ​ចុះ​៣១​លើក ស្មើនឹង​៩​ភាគរយ ស្លាប់​ចំនួន​១៨២​នាក់ កើនឡើង​៣៤​នាក់ ស្មើនឹង​២៣​ភាគរយ​។ របួសធ្ងន់​ចំនួន​៣២៩​នាក់ ថយ​ចុះ​១៧​នាក់ ស្មើនឹង​៥​ភាគរយ និង​របួសស្រាល​ចំនួន​២៩៣​នាក់ កើនឡើង​១០៤​នាក់ ស្មើនឹង​៥៥​ភាគរយ ៕