សាលាក្ដី​ខ្មែរ​ក្រហម​សួរ​ដេញដោល​ភស្តុតាង​​ស្ដីពី​មន្ទីរ​សន្តិសុខ​អូរកន្សែង

អង្គ​ជំនុំជម្រះ​សាលាដំបូង នៅ​ថ្ងៃ​ទី​២ ខែ​មីនា បញ្ចប់​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខសោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រព្រឹត្ត​លើ​ជនជាតិ​ចាម វៀតណាម និង​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ចាប់​ផ្ដើម​ស្ដាប់​សាក្សី​ទី​១ ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ អូរកន្សែង នៅ​ខេត្ត​រតនគិរី។

សាក្សី​ឈ្មោះ ផន ថុល មក​ពី​ខេត្ត​រតនគិរី អះអាង​ថា លោក​ជា​អតីត​អ្នក​ទោស​មួយ​រូប​នៅ​មន្ទីរសន្តិសុខ ខេត្ត​រតនគិរី នៅ​ក្នុង​របប​ខ្មែរក្រហម។ លោក​ក៏​ជា​កម្មករ​ជំនាញ​មួយ​រូប​នៅ​ចម្ការ​កៅស៊ូ​នៅ​ពេល​ចាប់​ខ្លួន។

លោក ផន ថុល បញ្ជាក់​ជូន​អង្គ​ជំនុំជម្រះ​ថា ពួក​ខ្មែរក្រហម​ចាប់​លោក​យក​ទៅ​ដាក់​គុក ក៏​ព្រោះ​តែ​លោក​ចេះ​ព្យាបាល​ជំងឺ​ដើម​កៅស៊ូ៖ «សួរ​ចុះ​សួរ​ឡើង បាន​អ្នក​សួរ​ចម្លើយ​ប្រាប់​ខ្ញុំ​វិញ​ថា មូល​ហេតុ​ដែល​គេ​ចាប់​សមមិត្ត​មក​សាលា​កែប្រែ​នេះ គឺ​គេ​ចោទ​ថា សមមិត្ត​ជា​ពួក​វណ្ណៈ​ថ្នាក់​លើ ហើយ​ប្រើ​បច្ចេកទេស​ព្យាបាល​ជំងឺ​កៅស៊ូ​នេះ គឺ​ជា​បច្ចេកទេស​សក្ដិភូមិ ដែល​គេ​ហៅ​ថា បច្ចេកទេស​ជិះ​យន្តហោះ។ អ៊ីចឹង​វណ្ណៈ​កសិករ​គេ​អត់​ត្រូវ​ការ​ពពួក​ហ្នឹង​ទេ មក​បម្រើ​ឱ្យ​ចម្ការ​កៅស៊ូ។ មិន​មែន​ជា​បច្ចេកទេស​វណ្ណៈ​កម្មករ​កសិករ​ទេ។ ដូច្នេះ​គេ​មិន​ត្រូវ​ការ​ទេ។ គេ​សួរ​ថា សមមិត្ត​និយាយ​មើល តើ​បច្ចេកទេស​ដែល​គេ​សមមិត្ត​ថា បច្ចេកទេស​សក្ដិភូមិ​ហ្នឹង​គេ​ធ្វើ​របៀប​ម៉េច ហើយ​ខ្ញុំ​ក៏​ប្រាប់​អ្វី​ដែល​ខ្ញុំ​ចេះ ដែល​ខ្ញុំ​រៀន ខ្ញុំ​ថា កៅស៊ូ​កាល​កើត​ជំងឺ​ក័រទីស្យូម គេ​យក​ខ្លាញ់​គោ ឬ​អង់ទីមីស៊ីន ដែល​មាន​មក​ពី​បរទេស​យក​មក​លាប​ពន្លាក ដើម្បី​កុំ​ឱ្យ​វា​ឆ្លង​ជំងឺ​គ្នា។ ដល់​ពេល​ខ្ញុំ​និយាយ​បច្ចេកទេស​ដែល​ខ្ញុំ​រៀន​ពី​បារាំង​មក គេ​ថា​ខ្ញុំ​ហ្នឹង បច្ចេកទេស​ជិះ​យន្តហោះ ពពួក​សក្ដិភូមិ​ជាន់​ខ្ពស់។ អ៊ីចឹង​ហើយ​បាន​គេ​ថា គេ​អត់​ត្រូវ​ការ​ទេ​ពពួក​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ឱ្យ​ខ្ញុំ​មក​រៀន ដើម្បី​កុំ​ឱ្យ​បញ្ហា​ហ្នឹង​កើត​ឡើង​ចំពោះ​ប្រជាជន​ទៀត»

សាក្សី​ឱ្យ​ដឹង​ថា មន្ទីរ​សន្តិសុខ​អូរកន្សែង ត្រូវ​បាន​ពួក​ខ្មែរក្រហម​ដាក់​ថា សាលា​កែប្រែ ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​កងពល ៨០១ ដែល​មាន​ទីតាំង​នៅ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី។ លោក​មិន​ដែល​បាន​ឃើញ​មុខមាត់​ប្រធាន​កងពល​ទេ ប៉ុន្តែ​ឮ​កង​ការពារ​ហៅ​ថា សារឿន។ រី​ឯ​ប្រធាន​សាលា​កែប្រែ​នៅ​មន្ទីរ​សន្តិសុខ​នោះ មាន​ឈ្មោះ សែ ឆាង និង ទីន។ អ្នក​ដែល​ជាប់​ឃុំឃាំង​នៅ​សាលា​កែប្រែ​កងពល ៨០១ មាន​ចម្រុះ​ទាំង​ប្រជាជន មាន​ទាំង​សហជីព​ចម្ការ​កៅស៊ូ និង​ទាំង​កងទ័ព ដែល​មាន​កំហុស។ អ្នកទោស​ជា​ប្រជាជន គឺ​យក​មក​ពី​ស្រុក​លំផាត់ និង​វ៉ឺនសៃ។

សាក្សី ផន ថុល អះអាង​ថា មន្ទីរ​សន្តិសុខ​អូរកន្សែង គឺ​ជា​កន្លែង​ឃុំឃាំង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ និង​សម្លាប់​អ្នក​ទោស។ កង​ការពារ​ឈ្មោះ ទីន សន្តិសុខ​បាញ់​សម្លាប់​ជន​ជាតិ​ភាគ​តិច​ម្នាក់​ដែល​រត់​ចេញ​ពី​សាលា​កែប្រែ ហើយ​លោក​ជា​អ្នក​កប់​សាកសព។

លោក​បន្ត​ថា នារី​ម្នាក់​ត្រូវ​គេ​សម្លាប់​វះ​យក​ប្រមាត់៖ «ខ្ញុំ​អត់​បាន​ចាំ​នារី​នោះ​ទេ។ ប៉ុន្តែ​អ្នក​សម្លាប់​នោះ​ឈ្មោះ ញ៉ុក ដែល​ជា​សន្តិសុខ​របស់​សាលា​កែប្រែ​តែ​ម្ដង គឺ​យក​ពូថៅ​ពុះ​ឆ្អឹង​ខ្នង​យក​ប្រមាត់ ហើយ​ប្រមាត់​នោះ​យក​ទៅ​ដាក់​នៅ​លើ​ចង្ក្រាន​បាយ។ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​តែម្ដង។ ពេល​ដែល​សម្លាប់​ខ្ញុំ​អត់​បាន​ឃើញ​ទេ ឃើញ​វា​យក​ប្រមាត់​ដែល​ប្រឡាក់​សុទ្ធ​តែ​ឈាម​នៅ​លើ​ដៃ ហើយ​ប្រមាត់​យក​ទៅ​ចង​ព្យួរ​នៅ​ចង្ក្រាន​បាយ។ វា​និយាយ​ខ្លួន​ឯង​ថា វា​ជា​អ្នក​កាត់​យក​ប្រមាត់​ទៅ​ឆ្អើរ។ រឿង​ខុស​សីលធម៌។ ប្ដី​នារី​នោះ​ឈ្មោះ ស៊ន នៅ​ស្ទឹងត្រែង តែ​រឿង​រស់ ឬ​ស្លាប់​ខ្ញុំ​អត់​ដឹង​ទេ»

ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី ផន ថុល នៅ​មិន​ទាន់​ចប់​ទេ លោក​នឹង​ត្រូវ​មក​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៅ​ពេល​នេះ កំពុង​ធ្វើ​សវនាការ​ពិនិត្យ​ដេញដោល​លើ​ភស្តុតាង​ក្នុង​ប្រធានបទ​ទី​៤ នៃ​សំណុំរឿង ០០២ វគ្គ ២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន។ ប្រធានបទ​ទី​៤ នៃ​សំណុំរឿង ០០២ វគ្គ ២ គឺ​ទាក់ទង​នឹង​ការ​បោស​សម្អាត​ផ្ទៃក្នុង​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ ៣​កន្លែង គឺ​មន្ទីរសន្តិសុខ អូរកន្សែង នៅ​ខេត្ត​រតនគិរី មន្ទីរ​សន្តិសុខ​ភ្នំក្រោល ខេត្ត​មណ្ឌលគិរី និង​មន្ទីរ​សន្តិសុខ ស-២១ នៅ​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។