លក់​ការ៉េម​បំពង់​តាម​ចិញ្ចើមផ្លូវ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

6 Videos

​បើ​ក្រឡេកមើល​ជ្រុង​មួយ​នៃ​របរ​រកស៊ី​ខ្នាតតូចៗ​នាពេល​បច្ចុប្បន្នយើង​អាច​ឃើញថា​មុខរបរ​រកស៊ី​លក្ខណៈ​គ្រួសារ​តាម​ផ្ទះ​និងតូចៗ​នៅតាម​ផ្លូវ​បាន​បង្កើតឡើង​រីកដុះដាល​ដូច​ផ្សិត​ជា​បន្តបន្ទាប់ ។ អាជីវកម្ម​មួយចំនួន​ហាក់បី​ដូចជា​តូចតាច​ធម្មតា​ប៉ុន្តែ​ធាតុពិត​មាន​ទីផ្សារ​ធំ​ទូលាយ​ដូចជា​អាជីវ​ម្ម​ធំ​ដូចគ្នា។ទាំងនេះ​វា​មិនមែន​កើតចេញពី​ការបង្កើត​ភ្លាមៗ​ចេញ​ជា​មុខមាត់ហើយ​រកចំណូលបាន​ភ្លាមៗ ​ទាំងស្រុង​នោះទេ​គឺ​ត្រូវ​ចំណាយ​ពេលវេលា ការចាយវាយ ការព្យាយាម​យ៉ាងច្រើន​លើសលប់​ទើប​ធ្វើឱ្យ​អាជីវកម្ម​របស់ខ្លួន​ទទួលបាន​ជោគជ័យ​និងទទួលស្គាល់​ពី​អតិថិជន​គាំទ្រ​ទៅលើ​ផលិតផល​របស់ខ្លួន ។ ជាក់ស្តែង​ងាក​មក​មើល​របរ​រកស៊ី​ត្រឹមតែ​រទេះរុញ​ការ៉េមរបស់​គ្រួសារ​មួយ​ដែល​ពួកគាត់​បានធ្វើ​អាជីវកម្ម​នេះ​ជាង​ម្ភៃ​ឆ្នាំរកបាន​ចំណូល​ស្រោចស្រង់​ជីវភាព​គ្រួសារ​និង​មាន​អតិថិជន​ជាច្រើន​គួរឱ្យកត់សម្គាល់ ។

លក់​ការ៉េម​បំពង់​តាម​ចិញ្ចើមផ្លូវ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

M88

​បើ​យើង​ធ្វើដំណើរ​ក្នុង​ទីក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ផ្សារសេរី​ភាព​នោះនឹង​បានឃើញ​រទេះរុញ​លក់​ការ៉េម​បំពង់​សាមញ​មួយ​ធុង​តាំង​បញ្ឈរ​ដោយមាន​ប្តី​ប្រពន្ធ​និងកូនស្រី​ម្នាក់​ឈរ​លក់​យ៉ាង​ញាប់ដៃ​ញាប់ជើង ។ ក្រឡេកមើល​មួយ​ភ្លែតទៅ​វា​ហាក់បីដូចជា​មុខរបរ​មួយ​សាមញ្ញ​នៅលើ​ចិញ្ចើមផ្លូវ​ឱ្យ​រស់​សម្រាប់តែ​ការចាយវាយ​មួយពេលៗ​តែប៉ុណ្ណោះ ប៉ុន្តែ​ផ្ទុយ​មកវិញ​អាជីវ​កម្មនេះ​បាន​បង្កើត​រសជាតិ​ឈ្ងុយ​ឆ្ងា​ញ្ញ់​ពិសា​ទាញយក​បាន​ចំណូល​ច្រើន​ក្រាស់ក្រែល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរឡើង។ តាម​សម្តី​របស់​អ្នកស្រី ឡាយ ទូច ដែលជា​អ្នកបង្កើត​មុខ​បរ​នេះ​បាន​រៀបរាប់ថាការ៉េម ​បំពង់​នេះ​បើ​និយាយ​ទៅ​វា​ហាក់បីដូចជា​ចាស់គំរឹល​បន្តិច ព្រោះ​បច្ចុប្បន្ននេះ​មាន​ប្រជាជន​ច្រើន​មាន​ចំណូលចិត្ត​ទៅលើ​ការ៉េម​រសជាតិ​ប្លែកៗ​មកពី​បរទេស​មិន​ថា​ប្រភេទ​ដាក់​កំប៉ុង​ឬ​វេច​ខ្ចប់​ឡើយ​សុទ្ធ សឹង​ជា​រសជាតិ​ថ្មី​ទាំងអស់ខុសប្លែក​ពី​រសជាតិ​ការ៉េម​ដើម​កា្ល​ស្សេ​ទឹកកក​របស់គាត់ ។ យ៉ាងណាមិញ​ទោះបី ជា​ការ៉េម​បំពង់​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី ឡាយ ទូច បាន​រក្សា​រសជាតិ​ឆ្ងាញ់​ពិសាមាន​ទីផ្សារ​នាំមុខគេ​គួរសម​នាពេល​បច្ចុប្បន្ន ។

​បន្ទាប់ពី​រៀបការ​រួច​នៅ​ឆ្នាំ ១៩៩១ អ្នកស្រី​ក៏បាន​រៀន​ពី​វិធី​ធ្វើ​ការ៉េម​នេះ​ពី​មិត្តភក្តិ​របស់​ប្តីរួមផ្សំ​នឹង​ការកែច្នៃ​ខ្លួនឯង​ទៀត​ក៏​ចាប់ផ្តើម​ធ្វើ​ការ៉េម​រុញ​ដើរ​លក់តាមផ្លូវ​សម្រាប់​ចិញ្ចឹមជីវិត ។ ការចាប់ផ្តើម​ដំបូង​ជួប​ការលំបាក​ក្នុង​ការផលិត​ការ៉េមខុស​ដែល​ត្រូវ​ចាក់ចោល​ម្តង​ហើយ​ម្តងទៀត ។ ថ្វី​ដ្បិត​កាលនោះ​ការ៉េម​មួយ​ដើម​ត្រឹមតែ ១០០ រៀល ប្រើ​ធុង​ស័​ង្កី​សម្រាប់​ក្លាស្សេ​គួបផ្សំ​ជីវភាព​ខ្វះខាត​ផង​អ្នកស្រី នៅតែ​សម្រេចចិត្ត​ព្យាយាម​រក​កម្រៃ​ពី​ការលក់​ការ៉េម​នេះ​ជាមួយ​ស្វាមី​ដោយ​រុញ​ធុងការ៉េម​ពេញ​ក្នុង​ទីក្រុង​ភ្នំពេញ​តាំងពីព្រឹក​ព្រលឹម​រហូតដល់​ព្រលប់​រំពឹង​បាន​ប្រា​ក់មក ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​និង​ការសិក្សា​របស់​កូនៗ ។

លក់​ការ៉េម​បំពង់​តាម​ចិញ្ចើមផ្លូវ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

ប្រាំ​មួយឆ្នាំ​ក្រោយមក​ដោយយល់ឃើញថា​ទីផ្សារ​មាន​សម្ភារ​ចេញ​ថ្មីៗ​ហើយ​ធុង​ការ៉េម​របស់ខ្លួន​ចាស់​ធ្លុះធ្លាយ​ទៀត​នោះ អ្នកស្រី និង ស្វាមី​បានសម្រេច​ចិត្ត​ខ្ចីបុល​ពី​បងប្អូន​ទិញ​ធុង​ប្រភេទ​ថ្មី​ដើម្បី ងាយស្រួល​ដល់​ការរកស៊ី​របស់ខ្លួន ។ មុខរបរ​ធ្វើ​ការ៉េម​បាន​វិ​វ​ឌ្ឍ​ទៅ​មុខជា​បន្តបន្ទាប់​ជាមួយ​ក្តីសង្ឃឹម​រំពឹង​ចិញ្ចឹមជីវិត​របស់ខ្លួន​និង​កូនៗ​ឱ្យចូល​សាលារៀន​ក្រេបយកចំណេះ​វិជ្ជា​មាន​អនាគត​ដូច​គេឯង ។ រហូតដល់​ឆ្នាំ ២០១២ រសជាតិ នៃ​ការ៉េម​ដូង ត្រាវ សណ្តែកខៀវ សណ្តែកក្រហម អូ​វ៉ាន់​ទីន ទឹក​ស៊ីរ៉ូប៍ ដែលជា​ស្នាដៃ​របស់​អ្នកស្រី ឡាយ ទូច បាន​ខិតខំ​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​នោះ​ពេលនេះចាប់ផ្តើម​ហុច​ផល​ដោយ​ស្រូប​យកបាន​អតិថិជន​ជាច្រើន​ជាវ​ផលិតផល​ការ៉េម​របស់គាត់កុម្ម៉ង់​ទិញ​ដុំនិងរាយ ហើយ​អ្នកណា​ក៏​ស្គាល់​ការ៉េម​របស់គាត់​ដែរ ។

ការ៉េម​ធុង​ដែល​ធ្លាប់តែ​រុញ​នៅតាម​ផ្សារ ប៊ូ​ឌី​ញ … គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញពេលនេះ​បាន​តាំង​បញ្ឈរ​នៅ​មួយកន្លែង​ក្បែរ​ផ្សារ​សេរីភាព​ដែលមាន​មនុស្ស កុះករ​មកពី​គ្រប់​ទីកន្លែង​ចោមរោម​ទិញ​ដោយ​មិនចាំបាច់​ចំណាយពេលវេលា​រុញ​អស់កម្លាំង​ដូច​ពីមុន​នោះឡើយ ។ កាលពីមុន​មួយ​ដើម​តម្លៃ ១០០ រៀល តែ​ពេលនេះ​អាច​លក់បាន​ដល់​ទៅ ៧០០ រៀល ហើយ​សម្រាប់​ការបោះ​ដុំ​ក៏​ដូចគ្នា​ដែរ​គឺ​ទិញ ២០ ដើម ថែម ១ ។​

លក់​ការ៉េម​បំពង់​តាម​ចិញ្ចើមផ្លូវ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

រដូវក្តៅ និង រដូវរ​ស្សា​លែង​ជាការ​រាំងស្ទះ​ដល់​របរ​រកស៊ីមួយ​នេះ​ទៀតហើយ ។ ក្នុង​មួយថ្ងៃៗ​ការ៉េម​ដែល​គ្មាន​ម៉ាកគ្មាន​ស្លាក​យីហោ​អាច​លក់បាន​ពី ៥០០ ទៅ ៧០០ ដើម ជាពិសេស​មាន​ភ្ញៀវ​ទូរស័ព្ទ​មក​កុម្ម៉ង់​ទិញ​ជា​រៀងរាល់ថ្ងៃ​មិនដែល​អាក់ខាន ។ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ចែករំលែកដោយ​ខ្លួនឯង​យ៉ាង​លឿន​រហ័ស​ធ្វើឱ្យ​អាជីវកម្ម​រទេះ​ការ៉េម​បំពង់ក្លាស្សេ​ទឹកកក​មួយ​នេះ​កាន់តែ​ល្បី​រន្ទឺ​ជា​លំដាប់ ។ អ្នកស្រី ឡាយ ទូច បាន​បញ្ជាក់ថាភ្ញៀវ​របស់គាត់​ច្រើនណាស់​មិន​ថា​អ្នកតូច​អ្នកធំ​ឡើយ​ពួកគាត់​កុម្ម៉ង់​ទិញ​ម្តង ៨០ ទៅ ១០០ ដើម​ឬ​លើសពីនេះ​ដោយ​តម្រូវ​វេច​ខ្ជ​ប់ដា​ក់​ធុង​ឱ្យ​ពួកគាត់​ក៏មានដែរ ។ ពេលខ្លះ​មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើនពេក​ធ្វើ​មិនទាន់​ក៏មានដែរ ។

​ដោយសារតែ​មានគំនិត​ច្នៃប្រឌិត​និង​ថ្វីដៃ​ល្អ​ក្នុងការផលិត​ការ៉េម​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នេះធ្វើ ឱ្យ​មនុស្ស​មិនតិចទេ​មកសុំ​ការហាត់​រៀន​ពី​វិធីសាស្ត្រ​ធ្វើ​ការ៉េម​បន្ត ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​អ្នកស្រី ឡាយ ទូច បដិសេធ​ព្រោះ​ជា​មុខរបរ​ប្រចាំត្រកូល​ជា​ឆ្នាំងបាយ​របស់គាត់​ពី​ដើម​មកហើយ ។ ម្យ៉ាងវិញទៀត​ខ្លាច​នៅពេល​បង្រៀន​ហើយ​គ្មាន​ពេលវេលា​សម្រាប់​អាជីព​អាចធ្វើឱ្យ​ខូចគុណភាព​ផលិត ផល​របស់ខ្លួន ។ ជាមួយគ្នានេះដែរ​អ្នកស្រី​បាន​ប្រាប់​ផងដែរ​ថាមុខរបរ​លក់​ការ៉េម​នេះ​វា​មិនមែនជា​ការងាយស្រួល​ឡើយ​គឺ​ត្រូវ​ចំណាយ​ពេលវេលា កម្លាំង និង ការព្យាយាម​ច្រើន​ដើម្បី​បង្កើតបាន​ផលិតផល​សម្រេច ។

សព្វថ្ងៃនេះ​អ្នកស្រី​បានកូនស្រី​ទី​ពីរ​ជា​អ្នក​ជួយ​សម្រួល​ការងារ​នេះ ព្រោះ​កូនស្រី​ច្បង​បាន​រៀបការ​មាន​ស្វាមី ហើយ​កូនស្រី​ពៅ​រៀន​ចប់​ធ្វើការ​រៀងខ្លួន ។ រៀងរាល់ថ្ងៃ​អ្នកស្រី​ត្រូវ​ងើបឡើង​តាំងពី​ម៉ោង ៤ ព្រឹក រៀបចំ​ស្ងោរ និង លាយ​គ្រឿងផ្សំ​ផ្សេងៗ​រហូតដល់​ម៉ោង ៩ ទើបបាន​លក់ ។ រសជាតិ​ពិសេស​របស់​ការ៉េម​នេះគ្មានអ្វី​ច្រើន​នោះទេ​គ្រាន់តែ​ធ្វើតាម​ក្បួនខ្នាត​ត្រឹមត្រូវ និង​​ការច្នៃប្រឌិត​ខ្លួនឯង​ខ្លះមិន​ប្រើ មេ​ស្ករ ដាក់​ខ្ទិះដូង ទឹកដូង​សុទ្ធ​ប្រកបដោយ​អនាម័យ ។ ភាគច្រើន​ភ្ញៀវ​ដែល​មក​ទិញ​តែង​លាន់មាត់​គ្រប់គ្នា​ថា ការ៉េម​នេះ​ញ៉ាំ​ទៅ​ត្រូវមាត់​មិន​ផ្អែមពេក​ឆ្ងាញ់​សាក​មួយ​ហើយ​ចង់​មួយទៀត ។

​ជីវភាព​រីកចម្រើន​ដោយសារ​រទេះ​លក់​ការ៉េមបានធ្វើឱ្យ​អ្នកស្រី​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​កូនៗ​ឱ្យ​រៀន​ចប់​គ្រប់គ្នា មាន​ម៉ូតូ​ជិះ សម្ភារ​គ្រប់គ្រាន់និងជួយ​សម្រួល​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​គ្រួសារ មិន​ដូច​កាលពីមុន​មួយថ្ងៃៗ​ដេក​ពិបាកចិត្ត​ទឹកភ្នែក​គិត​ទៅលើ​ការសិក្សា​របស់​កូនៗ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ការចាយវាយ​ផ្សេងៗ ព្រមទាំង​ស្វាមី​មាន​ជំងឺ​ប្រចាំកាយ​ទៀត ។ បច្ចុប្បន្ននេះ​អ្នកស្រី ឡាយ ទូច និង គ្រួសារ​អាច​រកចំណូលបាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការលក់ការ៉េម​ជាមួយ​ធុង​រទេះ​នៅតាម​ចិញ្ចើមផ្លូវ​ជិត​ផ្សារ​សេរីភាព ។

កន្លងមក​មានមតិ​ជាច្រើន​ចង់ឱ្យការ៉េម​មួយ​នេះ​បើកហាង​ឬ​ធ្វើ​តូប​នៅផ្ទះ​ផ្ទាល់ខ្លួន​ដែរ​ប៉ុន្តែ​អ្នកស្រី ឡាយ ទូច បាន​ប្រាប់ថាអ្នកស្រី​មិនទាន់​គិតដល់​រឿងនេះ​ទេ​ព្រោះ​ការ​បើកហាង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ទីតាំង សម្ភារ ជាពិសេស​ខ្លាច​ខូចគុណភាព ។ ម្យ៉ាងវិញទៀត​សមាជិក​មាន​គ្នា​តិចពេក ហើយ​សព្វថ្ងៃនេះ មាន​ត្រឹមតែ​ប៉ុណ្ណឹង​គឺ​ធ្វើ​មិន​ចង់​ទាន់​ផង​តែ​អ្នកស្រី​អាចធ្វើ​វា​ទៅបាន​ប្រសិនបើ​ទៅ​អនាគត​កូនស្រីនិង​គ្រួសារ​ចង់រក​របរ​នេះ​ផ្ទាល់ខ្លួន​បន្ត ៕ សុខ​ឃីម​