ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ដោយសារ​តែ​កង្វះ​បច្ចេកវិទ្យា​ទំនើប និង​ការ​ប្រកួតប្រជែង​ជាមួយ​តំបន់ឧស្សាហកម្ម​នៅ​ប្រទេស​ជិតខាង ដែល​ផលិតផល​មាន​តម្លៃ​ថោក​ជាង​មី​យ៉ា​ន់​ម៉ា បាន​ធ្វើ​ឲ្យ​រោងចក្រ​ជា​ច្រើន​នៅ​ក្នុង​តំបន់ឧស្សាហកម្ម Mandalay ត្រូវ​បង្ខំចិត្ត​បិទទ្វារ ។

« ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក រោងចក្រ​ប្រមាណ​២០% នៅ​ក្នុង​តំបន់ឧស្សាហកម្ម​តំបន់​ទី​១ និង​ទី​២ ត្រូវ​បាន​បិទទ្វារ » ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​តំបន់ឧស្សាហកម្ម Mandalay លោក MaungMaungOo ។

លោក MaungMaungOo បន្ត​ថា ៖ « ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ជិតខាង​ទូ​ទាំង​តំបន់​អាស៊ាន គឺ​មាន​តម្លៃ​ថោក​ជាង​ផលិតផល​របស់​យើង ហើយ​គុណភាព​ផលិត​ផល​របស់​ពួក​គេ គឺ​ទាប​ជាង​យើង ប៉ុន្តែ​អតិថិជន​ហាក់ដូចជា​ជ្រើសរើស និង​ចូល​ចិត្ត​ទិញ​ផលិតផល​ដែល​មាន​តម្លៃ​ថោក​ជាង​ទៅ​វិញ » ។

គួរ​បញ្ជាក់​ថា តំបន់ឧស្សាហកម្ម​ពីរ​ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់ឧស្សាហកម្ម Mandalay មាន​រោងចក្រ​ធំ​ៗ​ចំនួន​៣៩២​រោងចក្រ​, រោងចក្រ​ធុន​មធ្យម​៣១២ និង​រោងចក្រ​តូច​ៗ ៥៧៦​គិត​ត្រឹម​ដំណាច់ឆ្នាំ​មុន ។ រោងចក្រ​ធុន​តូច និង​មធ្យម និង​រោងចក្រ​ដុត​លោហៈ ត្រូវ​បិទទ្វារ​ច្រើន​ជាងគេ ។

« រោងចក្រ​ដែល​មិន​ទាន់​បិទទ្វារ ហើយ​នៅ​បន្ត​ប្រតិបត្តិការ​បាន​រំលោភ​លើ​លក្ខខណ្ឌ​មួយ​ចំនួន និង​កំពុង​តែ​ស្រែក​ដ​ង្ហើ​យ​រក​ជំនួយ​ពី​រដ្ឋាភិបាល ដោយ​សង្ឃឹមថា រដ្ឋា​ភិបាល​​​ថ្មី​នឹង​អាច​ជួយ​ស្រោចស្រង់​រោងចក្រ​របស់​ខ្លួន​បាន  »​។ នេះ​បើ​តាម​ម្ចាស់​រោងចក្រ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក MaungMaungOo លើក​ឡើង​ថា ៖ « គណៈកម្មាធិការ​តំបន់ឧស្សាហកម្ម Mandalay បាន​ផ្តល់​វគ្គ​សិក្សា​ប្រចាំខែ​សម្រាប់​ជួយ​ដល់​រោងចក្រ​ទាំងឡាយ​ក្នុង​ការ​បង្កើន​ការ​ប្រកួតប្រជែង​របស់​ពួក​គេ និង​ចរចា​ជាមួយ​មន្ត្រី​មក​ពី​សមាគម​ជប៉ុន ក្នុង​គោលបំណង​គាំទ្រ​សុវត្ថិភាព​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម » ។

លោក​បន្ថែម​ថា ៖ « នេះ​មិនមែន​ជា​ពេល​ដែល​បុគ្គល​ម្នាក់​ៗ​ត្រូវ​ដណ្តើម​យក​ជោគជ័យ​រៀង​ៗ​ខ្លួន​នោះ​ទេ ។ ភាព​ជោគជ័យ​បាន​មក​ដោយសារ​ការ​សហការ​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​កំពុង​តែ​ព្យាយាម​លើក​ស្ទួយ​បញ្ញា​ស្មារតី​ដល់​រោងចក្រ ដើម្បី​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ និង​ការ​ផ្តល់​ជំនួយ​ឥណទាន ។ ពួក​យើង​ក៏​បាន​ផ្តល់​នូវ​ការ​ហ្វឹកហាត់​ផង​ដែរ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ដំណើរការ​រោងចក្រ​បាន​ល្អ​ប្រសើរ​ជាង​មុន » ៕