ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ សកម្មភាព​ជីកដី​រែង​យក​រ៉ែ​ត្បូង នៅ​ចំណុច​ក​ក្បែរ​ស្ទឹង​ប​យ៉ា​ខា ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់
ប​យ៉ា​ខា ក្រុងប៉ៃលិន កំពុង​តែ​ដំណើរការ​ដោយ​រលូន ខណៈ​ម្ចាស់​អះអាង​ថា បាន​នឹង​កំពុង​រត់​ច្បាប់​ធ្វើ​អាជីវកម្ម ចាប់ពី​សង្កាត់ រហូត​ដល់​រដ្ឋបាល​សាលាខេត្ត​អស់ហើយ តែ​មិន​ទាន់​ធ្លាក់​មក​ដល់​ដៃ​នៅឡើយ​ទេ ។

នេះ​ជា​ការ​អះអាង​របស់​អ្នក​ជីកដី​កកាយ​យក​រ៉ែ​ត្បូង ឈ្មោះ​ឌុ​ច ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ខណៈ​ដែល​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប្រាប់​ថា ធ្វើ​ដូចនេះ គឺ​ខុស​នឹង​ច្បាប់ ត្រូវ​បញ្ឈប់​សកម្មភាព​នោះ​ភ្លាម ។

អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន លោក​សុខ សួន បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​០២ មីនា ២០១៦ ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្រកប​របរ​អាជីវកម្ម​ខ្នាត​តូច ដោយ​ជីកដី​ករែង​យក​រ៉ែ​គ្រប់​ប្រភេទ ជា​លក្ខណៈ​គ្រួសារ គ្រាន់តែ​ប្រើប្រាស់​ឧបករណ៍​សម្ភារ​សាមញ្ញ​ៗ ដែល​មាននៅ​ក្នុង​មូលដ្ឋាន​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​មិន​លើស​ពី​១​ហិ​កតា និង​ជម្រៅ​មិន​លើស​ពី​៥​ម៉ែត្រ​ឡើយ ។ ម្យ៉ាង​វិញ​ទៀត ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ជា​មូលដ្ឋាន មិន​ឱ្យ​លើស​ពី​៧​នាក់ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ផង​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា ដោយឡែក​សកម្មភាព​ជីកដី​រែង​យក​រ៉ែ​ត្បូង​នៅ​ចំណុច​ក្បែរ​ស្ទឹង​ប​យ៉ា​ខា ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ដែល​មាន​ម្ចាស់​ឈ្មោះ​ឌុ​ច កំពុង​ដំណើរការ​យ៉ាង​រលូន​នោះ គឺ​ខុស​នឹង​ច្បាប់ ព្រោះ​ក្នុង​លក្ខខណ្ឌ ខណៈ​កំពុង​រត់​ច្បាប់​នៅឡើយ មិន​អនុញ្ញាត​ឱ្យ​ដំណើរការ​ធ្វើ​សកម្មភាព​ជីកដី​រែង​យក​រ៉ែ​ត្បូង​បាន​ទេ លុះត្រាតែ​ច្បាប់​ចេញ​រួចរាល់ ទើប​អាច​ធ្វើ​ទៅ​បាន​។

លោក​ក៏​បាន​ពន្យល់​បន្ថែម​ថា ពលរដ្ឋ​សុំ​ច្បាប់​ចាប់ពី​សាលាសង្កាត់ សាលាក្រុង មន្ទីរ​រ៉ែ និង​ថាមពល ទើប​ឈាន​ដល់​សាលាខេត្ត ក្រោយមក​ខាង​លោក នឹង​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​ក្រសួង ដើម្បី​ចេញ​លិខិតអនុញ្ញាត ទើប​អាច​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​ជា​លក្ខណៈ​គ្រួសារ ។

ចំណែក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ការ​ជីក​យក​រ៉ែ​នៅ​តំបន់​ខាងលើ​នេះ ខាង​លោក​នឹង​ចុះ​ទៅ​ហាមឃាត់​ម្ចាស់ មិន​ឱ្យ​បន្ត​ធ្វើ​សកម្មភាព​នោះ​​ទេ លុះត្រាតែ​ច្បាប់​នោះ ត្រូវ​បាន​អនុញ្ញាត​រួចរាល់​តាម​បែបបទ​ពី​ក្រសួង​រ៉ែ និង​ថាមពល ។

លោក​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បញ្ឈប់​សកម្មភាព​នោះ​ម្តង​រួច​ទៅ​ហើយ តែ​ក្រោយមក​ម្ចាស់​គ្រឿងចក្រ លួច​នាំ​គ្នា​បន្ត​ជីក​កកាយ​ដដែល​ទៀត ។