អ្នក​គាំទ្រ​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​ការ​ប្រកួតGreek Cup រវាងPAOK និង Olympiakos

ការ​ប្រកួត Greek Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើងទី១រវាង PAOK និង Olympiakos នៅ​ក្នុង​ប្រទេសក្រិក ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ផ្ទុះ​ហិង្សា​រត់​ចូល​ទី​លាន​ប្រកួត។

 

អ្នក​គាំទ្រ​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​ការ​ប្រកួតGreek Cup រវាងPAOK និង Olympiakos

 

ដើមចម​នៃ​ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ពេល​ដែល​ក្រុម Olympiakos កំពុង​នាំ​មុខ PAOK ២-១ ហើយ​ចុង​ម៉ោង​អ្នកចាំទី Stefano Kampino របស់ Olympiakos បាន​បង្ក​កំហុស​លើ​ខ្សែ​បម្រើ Robert Mak តែ​មិន​ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​ប៉េណាល់ទី ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​កំហឹង​តែម្តង។

 

អ្នកគាំទ្រ​ជាច្រើន​ពាន់​នាក់​បាន​នាំគ្នា​សម្រុក​ចូល​ទីលាន គប់​ដុំ​ភ្លើង​សម្រាប់​អុជពេល​គាំទ្រ​បាល់ទាត់ និង​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​ប៉ូលិស។ ឆ្លើយតប​នឹង​បញ្ហា​នេះ​ លោក Ivan Savvidis ជា​ម្ចាស់ PAOK បាន​សុំទោស​​អ្នក​គាំទ្រ ហើយ​លោក​បាន​សម្រេច​ចិត្ត​ដក​ក្រុម​ចេញ​ពីកម្មវិធី Greek Cup។

 

“ខ្ញុំ​សូម​សម្ដែង​ការ​សុំ​ទោស​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ពួក​យើង​ពិតជា​មិន​អាច​ទទួល​យក​បាន ចំពោះ​ហេតុការណ៍ ដែល​បាន​កើត​ឡើង។ PAOK នឹង​មិន​ទៅ​លេង​ជើង​ទី២ នៅ​ទីក្រុង​អាតែន​នោះ​ទេ បើ​ទោះ​បី​ជា​ត្រូវ​រងការ ពិន័យ ឬ​ត្រូវ​សហព័ន្ធ​ដក ឈ្មោះ​ក្លឹប​ចេញ​ពី​ក្របខ័ណ្ឌ Super League ក៏​ដោយ”។ លោក Savvidis ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ដូច្នេះ ៕

 

ចុចអាន៖ Messi ថា​ចង់​ជួយ​ក្រុម​ឈ្នះ​ពាន ជា​ជាង​បំបែក​កំណត់​ត្រា

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun