អធិការនគរបាល​ក្រុង​បាត់ដំបង អាង​មាន​លោក ស ថេត ជា​ខ្នងបង្អែក​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​កាន់តែខ្លាំង​

ថ្មីៗ​នេះ​អំពើអាក្រក់​និង​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ដឹងឮ​និង​ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្តែង​។ ក៏ប៉ុន្តែ​ក្រោយពេល​ដឹងឮ​រឿងអាស្រូវ​របស់លោក យឹម វិចិត្រ រួចមក​បែរជា​លោក ស ថេត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ទំនងជា​លោកស្នងការ​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក យឹម វិចិត្រ ផងដែរ​។

ឥឡូវនេះ​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគេ​គ្មាន​ទឹកចិត្ត​បំពេញការងារ​តទៅទៀត​ទេ ព្រោះ​លោក​អធិការ យឹម វិចិត្រ ដែល​អាង​មាន​លោក ស ថេត នៅ​ពី​ក្រោយខ្នង​កំពុងតែ​បង្ហាញ​ភាព​ក្រអឺតក្រទម​ខ្លាំង​ជាង​មុន​ថែមទៀត​។ ជាមួយគ្នានេះ​ប្រភពពី​មន្ត្រីនគរបាល​តូចតាច​មួយចំនួន​បាន​បញ្ជាក់ថា លោក យឹម វិចិត្រ កំពុង​ព្យាយាម​រកមុខ​អ្នក​ទម្លាយ​រឿងអាស្រូវ​របស់ខ្លួន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងផង​ដែរ ដោយបាន​ប្រើពាក្យ​គំរាមកំហែង​ខ្លាំងៗ​ទៀតផង​។ បញ្ហា​នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក យឹម វិចិត្រ ប្រព្រឹត្ត​អំពើអាក្រក់​និង​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ហើយ​។

គួរ​រំលឹក​ដែរ​ថា រឿងអាស្រូវ​របស់លោក យឹម វិចិត្រ ដែល​ត្រូវ​កូនចៅ​លាតត្រដាង​មានដូចជា ករណី​ស៊ីដាច់​ម៉ូតូ​ជនសង្ស័យ ការចាប់យក​ឈើ​ពី​ឈ្មួញ​ទៅ​ទុក​ធើ្វ​ផ្ទះ​របស់ខ្លួន ការបើក​ឲ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា បៀ​អាប៉ោង កន្ទុយលេខ និង​ភ្នាល់​ទឹកភ្លៀង​ជាដើម នៅក្នុង​ក្រុង​បាត់ដំបង​។ លើស​នេះ​ទៅទៀត​លោក យឹម វិចិត្រ បាន​ចាត់តាំង​មនុស្ស​ស្និទ្ធ​នឹង​ខ្លួន​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​អ្នកបើក​លេងល្បែង​ស៊ីសង​ក្នុង​មួយកន្លែងៗ​ពី​១០០​ទៅ​៣០០​ដុល្លារ​ក្នុង​មួយខែ ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ មិនតែប៉ុណ្ណោះ​លោក យឹម វិចិត្រ បាន​រក្សាទុក​កាត​អេ​ធី​អឹម របស់​មន្ត្រីនគរបាល​ដែល​មិន​មក​ធ្វើការ​ដើម្បី​បើកប្រាក់​ខែ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​តាម​គ្រប់​រូបភាព​របស់​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​។ ដោយសារ​ថា​គ្រាន់តែ​ផ្លាស់​ពី​ស្រុក​ថ្មគោល មក​ធ្វើជា​អធិការនគរបាល​ក្រុង​បាត់ដំបង ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ​លោក យឹម វិចិត្រ មាន​ជីវភាព​ធូរធារ​ជាង​មុន​យ៉ាង​ចម្លែក​រហូត​មាន​លុយ​ទិញ​ផ្ទះ​២​ល្វែង​នៅ​បុរី​រំចេក ដើម្បី​បង្ហាញ​ពី​ភាព​ហ៊ឺហា​របស់ខ្លួន​។ លើស​នេះ​ទៅទៀត​ករណី​លោក យឹម វិចិត្រ ស៊ីដាច់​ម៉ូតូ​ជនសង្ស័យ​យកទៅ​ឲ្យ​កូន​របស់ខ្លួន​ជិះ គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង​ដែល​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ឡើយ​៕

12644964_1551267155187650_2102684710360585579_n1-300x250លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង camnews-56d3e927eb649លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង