លោក ព្រហ្ម ចាន់​សុខា បង្ក​ឲ្យ​កាន់​តែមាន​ភាពស្មុគស្មាញ​នៅ​កន្លែង​ធ្វើលិខិត​ឆ្លងដែន​

​ក្រោយពេល​ដក​លោក វុ​ធ ផល្លី ចេញពី​តំណែង​ប្រធាន​នាយកដ្ឋាន​លិខិតឆ្លងដែន ហើយ​ដាក់​លោក ព្រហ្ម ចាន់​សុខា ជំនួស​វិញ​នោះ​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​កាន់តែខ្លាំង​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​និង​ពន្យារ​លិខិតឆ្លងដែន​។ បញ្ហា​នេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ជាងនេះទៅទៀត​សេវា​ធ្វើលិខិត​ឆ្លងដែន​បច្ចុប្បន្ន​កាន់​តែមាន​ភាពស្មុគស្មាញ​ជាង​ជំនាន់​លោក វុ​ធ ផល្លី នៅ​ធ្វើជា​ប្រធាន​នាយកដ្ឋាន​លិខិតឆ្លងដែន​ថែមទៀត​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ដែល​ទៅ​ពន្យារ​លិខិតឆ្លងដែន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ទៅ​ជួប​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​នេះ​គេ​សួរថា តើ​ត្រូវការ​ប្រញាប់​ឬ​ធ្វើតាម​ដំណើរ​? ប្រសិនបើ​ត្រូវ​ការយក​ប្រញាប់​រយៈពេល​១​ថ្ងៃ​ត្រូវ​បង់​៣៥​ដុល្លារ តើ​បើ​មិន​ប្រញាប់​ទុក​រយៈពេល​២​ឬ​៣​ថ្ងៃ​តម្លៃ​ត្រឹម​១២​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ពួកគេ​ប្រើល្បិច​ចុះឡើង​ធ្វើយ៉ាងណា​ដើម្បី​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ពន្យារ​លិខិតឆ្លងដែន​ឲ្យ​បាន​ច្រើន​តាម​ជំនាញ​របស់ខ្លួន​។ នៅក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​បច្ចុប្បន្ន​មាន​លោក ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រធាន​ដល់​ទៅ​៨​នាក់ ប៉ុន្តែ​ការងារ​មាន​សភាព​យឺតយ៉ាវ​ខ្លាំងណាស់ ហើយ​ពេលខ្លះ​មន្ត្រីនគរបាល​ធ្វើលិខិត​ឆ្លងដែន​ធ្វើ​ប្ញ​ក​ធ្វើ​ពា​ដាក់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​

ទាក់ទង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​រាល់​ទង្វើ​មិន​ប្រក្រតី​នៅក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​ក្រោម​ការគ្រប់គ្រង​របស់លោក ព្រហ្ម ចាន់​សុខា ជាបន្ទាន់​។ ជាពិសេស​នាយ​ឧ​ត្ត​ម​ស​នី​យ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មិនត្រូវ​ទុក​ឲ្យ​លោក ព្រហ្ម ចាន់​សុខា និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​ក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​មាន​មនុស្ស​ច្រើនណាស់ គួរតែ​ធ្វើការ​ងារ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​តាម​សេចក្ដីត្រូវការ​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​ក្រុម​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​បច្ចុប្បន្ន កំពុង​បង្ក​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅធ្វើ​លិខិតឆ្លងដែន​ឬ​ពន្យារ​លិខិតឆ្លងដែន ដោយ​ពួកគេ​មិនបាន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ដែលមាន​ចែង​ឡើយ​៕

neth savoeunលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ 313_3លោក ព្រហ្ម ចាន់​សុខា