រឿងរ៉ាវ​មេ​ឈ្មួញ លី យ៉ុង​ផាត់ ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ នៅតែ​មិនទាន់មាន​ដំណោះស្រាយ​

កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជិត​២០០​នាក់​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​(Phnom Penh Sugar) របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បានមក​ដាក់​ញត្តិ​ដល់​សាលាខេត្ត​កំពង់ស្ពឺ​។ សកម្មភាព​របស់​ប្រជាពលរដ្ឋ​រងគ្រោះ គឺ​មកសុំ​អន្តរាគមន៍​ឲ្យ​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគាត់​ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​២០១០​រហូតដល់​បច្ចុប្បន្ន​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​លើង​ឡើង​ថា ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ ធ្វើ​ឲ្យ​ពួកគាត់​៣២៤​គ្រួសារ​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​សម្រាប់​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​មក​ដាក់​ញ​តិ្ត​ដល់​សាលាខេត្ត​កំពង់ស្ពឺ​នោះ មកពី​ភូមិ​ចំនួន​៦​នៃ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ តំណាង​៣២៤​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​ដី​សម្បទាន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​។ តំណាង​ប្រជាពលរដ្ឋ​មួយរូប​បាន​លើកឡើងថា ក្រោយពេល​បាត់បង់​ដីធ្លី​សម្រាប់ធ្វើ​ស្រែចម្ការ​ចិញ្ចឹមជីវិត​បានធ្វើ​ឲ្យ​ពួកគាត់​ជួប​បញ្ហាលំបាក​យ៉ាងខ្លាំង​ក្នុងការ​រស់នៅ ហើយ​កូនចៅ​មួយចំនួន​ក៏​មិនបាន​ទៅ​រៀនសូត្រ​ដែរ ដោយសារតែ​ជីវភាព​ខ្វះខាត​។ ហេតុនេះហើយ​ទើប​ពួកគាត់​ហែ​ញត្តិ​មកឈរ​នៅមុខ​សាលាខេត្ត​កំពង់ស្ពឺ ដើម្បី​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​រក​ដំណោះស្រាយ​។

​សូមបញ្ជាក់ថា លទ្ធផល​នៃ​ការ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ បានស្នើ​ឲ្យ​មន្ត្រី​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ដីធ្លី​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប​និង​ត្រឹមត្រូវ​តាម​នីតិវិធី​។ ក៏ប៉ុន្តែ​ជាក់ស្តែង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​៦​ភូមិ​នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ជាមួយ​មេ​ឈ្មួញ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​នោះ មិន​ត្រូវបាន​មន្ត្រី​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​ឡើយ​។ ហេតុនេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ដង្ហែ​ក្បួន​យក​ញត្តិ​មក​ដាក់​ដល់​សាលាខេត្ត​កំពង់ស្ពឺ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់​ពួកគាត់​៕

f0253610_1374861មេឈ្មួញ​ លី យ៉ុងផាត់ សមាជិកព្រឺទ្ធសភាគណបក្សប្រជជន

1e654d63-550b-4ac9-8461-90eef203a712ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកសុំអន្តរាគមន៍ពីសាលាខេត្តកំពង់ស្ពឺ