ហេង ពិទូ-ហ្សូណូ ​នឹង​ចូលរួមរំលឹក​បទ​ចម្រៀងទសវត្សរ៍​ទី​៦០

កម្មវិធី​ប្រគំ​តន្ត្រី​ ដើម្បី​លើក​កម្ពស់​សិល្បៈ​តន្ត្រី​ទសវត្សរ៍​ទី៦០ នឹង​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​​ពី​លោក ហេង ពិទូ ហ្សូណូ នេន​ទុំ និង​ក្រុម​​ Rap Clap Ya Hands DJ វ័យ​ក្មេង Maily ស្រីលក្ខណ៍ ជា​ដើម។

 

នាយក​ប្រតិបត្តិ សេង ពិសិដ្ឋ ក្រុម​ហ៊ុន​ ANUSSA​ មាន​ប្រសាសន៍​មក​កាន់​ Sabay ថា​ ដើម្បី​ឲ្យ​ឧបករណ៍​ភ្លេង​ខ្មែរ និង​បទ​ចម្រៀង​ខ្មែរ​នៅ​តែ​មាន​ភាព​រស់​រវើក​​ក្នុង​ចិត្ត​បងប្អូន​ តារា​ចម្រៀង​​ខាង​លើ​​ នឹង​នាំ​យក​នូវ​បទ​អំឡុង​​ទសវត្សរ៍​៦០​មក​ច្រៀង​ឡើង​វិញ។

 

ហេង ពិទូ-ហ្សូណូ ​នឹង​ចូលរួមរំលឹក​បទ​ចម្រៀងទសវត្សរ៍​ទី​៦០

 

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ លោក​ សេង ពិសិដ្ឋ ប្រាប់​ថា​ តារា​ចម្រៀង​ ហេង​ ពិទូ ហ្សូ​ណូ​ និង​តារា​ដទៃ​ទៀត​នឹង​លើក​យក​ស្នាដៃ​​បទ Original របស់​ពួក​គេ​ កែ​ច្នៃ​ឡើង​វិញ​រួម​ជាមួយ​នឹង​ឧបករណ៍​បុរាណ​មាន​ដូចជា ចាប៉ី រនាត ខ្លុយ ស្គរ ទៀត​ផង។

 

នាយក​ប្រតិបត្តិ ក្រុម​ហ៊ុន​ ANUSSA​ លើក​ឡើង​ថា​៖ “ ដើម្បី​ឲ្យ​បទ​ចម្រៀង ​​និងឧបករណ៍​សម័យ​បុរាណ​កាន់​តែ​រស់​និង​ស្ថិត​នៅ​ក្នុង​ចិត្ត​បងប្អូន​ តារា​ចម្រៀង​របស់​​យើង ព្យាយាម​ធ្វើ​យ៉ាងណា​ ដើម្បី​ញ៉ាំង​កម្មវិធី​កាន់​តែ​សប្បាយ​ ជាក់​ស្ដែង​ដូច​លោក ហេង​ ពិទូ គាត់​នឹង​​យក​បទ​ចម្រៀង​ Original របស់​គាត់​ កែ​ច្នៃ​ជាមួយ​នឹង​ឧបករណ៍​បុរាណ​ ដូចជា​ចាប៉ី​ ស្គរ ជា​ដើម​ ក្នុង​កម្មវិធី ARAK”។៕

 

តន្ត្រី ARAK បែប​ថ្មី គ្រោង​ប្រគំ​លើក​ដំបូង​មុន​ចូល​ឆ្នាំ​ខ្មែរ​

 

ARAK នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ខាង​មុខ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ដែើ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន ANUSSA​ ​សហការ​រៀបចំ​ដោយ Sabay។ សំបុត្រ​ចូល​រួម​ មាន​តម្លៃ​៥​ដុល្លារ​សម្រាប់​ខែ​មីនា​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម ប្រិយមិត្ត​អាច​​ទាក់​ទង​លេខ​ទូរសព្ទ​ 012 230 140 / 010 911 776 ឬ​ចូល​​ទំព័រ

facebook.com/AnussaEventPlanner៕
​​

អត្ថបទ៖ ថា ម៉ាលីដា