ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

បើ​គ្រាន់តែ​ឮឈ្មោះ​ថា​ សហគមន៍​នេសាទ ប្រិយមិត្ត​ប្រហែលជា​គិត​ថា ពាក្យ​នេះ​​គ្រាន់តែ​ជា​សហគមន៍​សម្រាប់​ប្រជា​នេសាទ​ប៉ុណ្ណោះ​ទេ​មើល​ទៅ តែ​លើស​ពីនេះ​វា​ក៏​ជា​អេកូ​ទេសចរ​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ទឹកដី​ខេត្ត​កំពត។ អ្នកទេសចរ​អាច​ទៅដល់​រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​តែ ៧គីឡូម៉ែត្រ​ពី​ក្រុង​កំពត។

 
ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

លោក សឹម ហ៊ីម ជា​ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ បាន​មានប្រសាសន៍ថា សហគមន៍​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ មាន​គោលបំណង ឲ្យ​ប្រជា​នេសាទ​យល់ដឹង​ពី​ផលប្រយោជន៍​នៃ​ការ​បង្កើត​សហគមន៍ ចូលរួម​ការពារ​ដែន​នេសាទ​សាធារណៈ កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​អ្នកនេសាទ ទប់ស្កាត់​បទល្មើស​នេសាទ​ផ្សេងៗ និង​ឲ្យ​ប្រជាជន​យល់​ពី​ច្បាប់​នេសាទ។

 
ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

 

ចំណែក ឯ​អេកូ​ទេសចរ​ គឺជា​ផ្នែក​មួយ​របស់​សហគមន៍ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ស្វែងរក​ចំណូល​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សហគមន៍​ដូចជា ដែល​ត្រូវ​ចំណាយ​លើ​ការ​យាមល្បាត បទល្មើស​កាប់​បំផ្លាញ​ដើម​កោង​កាង បទល្មើស​នេសាទ។ ម្យ៉ាងទៀត​សហគមន៍​ក៏បាន​បង្កើត​ជា​ការងារ សម្រាប់​សមាជិក​ដូចជា ក្រុម​ចុងភៅ ក្រុម​ផ្ទះ​ស្នាក់ ក្រុម​មគ្គទេសក៍ ក្រុម​សន្តិសុខ ក្រុម​បរិស្ថាន និង​សមាជិក​ផ្សេងទៀត​ដែល​មិនបាន​ចូល​ក្នុង​ខាងលើ អាច​លក់​ផលិតផល​ក្នុងស្រុក​នានា និង ផល​នេសាទ​របស់​គេ​បាន​ដែរ។

 

នៅ​រមណីយដ្ឋាន​ត្រពាំង​សង្កែ គឺ​សម្បូរ​​ដើម​កោង​កាង​ច្រូងច្រាង​គួរ​ឲ្យ​ចង់​ពេចពិល​រមិលមើល មាន​រោង​ធំៗ​ពីរ ដែល​អាច​ប្រើ​ជា​កន្លែង​ប្រជុំ និង​កន្លែង​ញ៉ាំ​អាហារ​ដ៏​ប្រសើរ។ ជាប់​រោង​ធំៗ​ទាំងពីរ​នេះ​គឺជា​ផ្ទះបាយ បន្ទប់ទឹក ភ្ជាប់​អំពី​នេះ​ទៅ​អ្នក​នឹង​ឃើញ​មាន​បន្ទប់​បឹង​កាឡូ​ស្អាតៗ​ចំនួន ១១ ដែល​សង់​ដាច់​ពី​គ្នា សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​គួរ​ឲ្យ​ចង់​ស្នាក់នៅ​បំផុត។ ​សម្រាប់​ជនជាតិ​ខ្មែរ និង ​បរទេស ៤ ០០០ រៀល។ លោក សឹម ហ៊ីម និយាយ។

 

ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ បាន​ឲ្យ​ដឹង​ថា សហគមន៍​មាន​ផ្ដល់​សេវាកម្ម​មួយ​ចំនួន​ដូចជា៖

 
ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

១. អាហារដ្ឋាន​ន៖ ផ្ដល់​ជូន​អាហារ​ស្រស់ៗ​របស់​ប្រជា​នេសាទ​ផ្ទាល់ (សូម​បញ្ជា​ទិញ​ទុកជាមុន)
២. បន្ទប់​ជួល​បឹង​កា​ឡូ៖ សម្រាប់​ការ​ស្នាក់​តម្លៃ ៨ ដុល្លារ​ក្នុង១បន្ទប់(អាច​កក់​ទុកជាមុន)
៣. កន្លែង​ប្រជុំ៖ ប្រកបដោយ​បរិយាកាស​ល្អ ក្នុង​តម្លៃ ៣០ ដុល្លារ​ក្នុង១ថ្ងៃ ឬ ៥០ ដុល្លារ សម្រាប់២ថ្ងៃ
៤. ជិះ​ទូក​ទៅលេង​ឆ្នេរ៖ ចម្ងាយ៤គីឡូម៉ែត្រ តម្លៃ ១៥ ដុល្លារ(មិន​គិត​ពី​ចំនូ​ន​មនុស្ស)
៥. ទូក​កា​យ៉ាក៖ ចង់​សាកល្បង​អ៊ុំ​ទូក​លេង​ទេ តម្លៃ​ត្រឹមតែ ៣ ដុល្លារ​ប៉ុណ្ណោះ​ក្នុង១ម៉ោង
៦. ដើម​កោង​កាង៖ សហគមន៍​មាន​លក់​ដើម​កោង​កាង ឬក៏​លោកអ្នក​ចង់​ដាំ​ដើម​កោង​កាង​ផ្ទាល់​នៅ​ទីនេះ​ក៏បាន ឯ​តម្លៃ ២ ០០០៛ ក្នុង១ដើម។

 
ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

 

ចង់ដឹង​ទីតាំង​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​នៅ​ឯណា? ដើម្បី​ទៅ​កាន់​តំបន់​នេះ គឺ​អ្នកទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល ៧គីឡូម៉ែត្រ​ពី​ក្រុង​កំពត។ គេ​អាច​ធ្វើ​​ដំណើរ​ចេញពី​ក្រុង​កំពត ទៅតាម​ផ្លូវ ៣៣ (ផ្លូវ​ទៅ​កែប) ខ្វះ​ប្រមាណ​ជា២០ម៉ែត្រ ដល់​គីឡូម៉ែត្រ​លេខ ៧ ហើយ​ក្រឡេក​មើល​​ទៅ​ស្តាំ​ដៃ អ្នក​នឹង​ឃើញ​មាន​ស្លាក​ពីរ​បី​ផ្ទាំង​ដែល​បង្ហាញ​ពី​សហគមន៍​ត្រពាំង​សង្កែ។

 

សូម​ចូល​ទៅតាម​ផ្លូវលំ​មួយ ​ដែល​នៅ​ជាប់​នឹង​ស្លាក​ទាំងនោះ ទៅ​ក្នុង​តែ ៥០០ម៉ែត្រ​ពី​ផ្លូវជាតិ​ប៉ុណ្ណោះ។ សហគមន៍​ត្រពាំង​សង្កែ​មាន​ទីតាំង​ក្នុង​ភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ។ គ្រាន់តែ​ចូល​ទៅ​ដល់​ទី​នេះ​ភ្លាម អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​ដោយ​បាន​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ខ្យល់​ត្រជាក់​បក់​មក​មិន​ដាច់​គួរ​ជាទី​មនោ​រម្យ។

 

ចំពោះ​អស់​លោកអ្នក​ដែល​មាន​បំណង​មក​កម្សាន្ត​នៅ​ទីនេះ ឬ​ត្រូវការ​សេវាកម្ម​ណាមួយ អាច​ទាក់ទង​លោក សឹម ហ៊ីម ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ តាម​ទូរស័ព្ទ​លេខ 096 243 0808។

 
ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

អត្ថបទ៖ ឡុ​ច គីម​សាយ