សម្ដេចតេជោ ឲ្យទូរទស្សន៍ទាំងអស់ ចាក់ផ្សាយសិល្បៈ បុរាណខ្មែរ ក្នុងម៉ោងមាស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៦ បានថ្លែងស្នើទូរទស្សន៍ក្នុង ស្រុកទាំងអស់ឲ្យចាក់ផ្សាយវិស័យសិល្បៈបុរាណខ្មែរ មានដូចជា របាំបុរាណ ល្ខោនយីកេ ជាដើម ក្នុងម៉ោងមាស ចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់ ដើម្បីលើកតម្កើងវប្បធម៌ខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៨  ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នាសាលសន្និសីទចតុមុខ។

សម្ដេចតេជោ បានថ្លែងថា ស្ថានីយ៍ទូរទស្សនទាំងអស់ ត្រូវចាក់ផ្សាយវិស័យសិល្បៈគ្រប់ទម្រង់នៅក្នុង ម៉ោងពិសេស។ សម្តេចថា បើសម្តេច ជាម្ចាស់ស្ថានីយ៍ទូរទស្សន៍វិញ គឺចាក់ផ្សាយទាំងអស់ ដើម្បីជួយ លើកស្ទួយវិស័យសិល្បៈខ្មែរឲ្យរីកចំរើនទៀត ទាំងនៅក្នុងតំបន់ និងពិភពលោក។

នាយករដ្ឋមន្រ្តីបន្ថែមថា "ចង់ដាស់តឿនទៅខាងផ្នែកទូរទស្សន៍ កន្លងទៅនេះក្រសួងព័ត៌មានបានតម្រូវ ឲ្យមានការចាក់នូវសិល្បៈខ្មែរ ឬភាពយន្តខ្មែរនៅក្នុងប៉ុន្មានម៉ោងនោះ (ម៉ោង៧ ដល់ម៉ោង៩យប់)។ អីចឹងទេបើខ្ញុំជាម្ចាស់ទូរទស្សន៍វិញ ខ្ញុំគិតថាទម្រង់អ្វីដែលយើងកំពុងធ្វើនេះ គឺជាផលិតផលសម្រាប់ ចិញ្ចឹមទូរទស្សន៍ក្នុងប៉ុន្មានម៉ោងនោះឯង”។ 

សម្តេចបញ្ជាក់ថា “អីចឹងឥឡូវនេះ ទូរទស្សន៍ខ្លះ យករឿងតាំងពីទស្សវត្សន៍ទី៨០ យកមកចាក់បាន អត់អីទេ។  ប៉ុន្តែមិនមែនតម្រូវត្រឹមតែបញ្ហាយកទៅចាក់ក្នុងកម្មវិធីនោះ តម្រូវតែរឿងភាពយន្តមួយមុខទេ អីចឹងបញ្ហាទាក់ទិនជាមួយរបាំ ទាក់ទិនជាមួយបញ្ហាល្ខោនបាសាក់ ឬក៏ទម្រង់យីកេដែលគេលេង សហការជាមួយក្រុមសិល្បៈនោះ ថតយកទៅទុក រួចហើយចាក់ផ្សាយអាម៉ោងនោះទៅ (ម៉ោង៧ ដល់ ម៉ោង៩យប់)។ អាហ្នឹងខ្ញុំសុំដាស់តឿនប៉ុណ្ណឹងទេ"។

ព្រមជាមួយគ្នានេះដែរ សម្តេចតេជោបានអំពាវនាវឲ្យធ្វើយ៉ាងណា ត្រូវកាត់បន្ថយការប្រើប្រាស់ វប្បធម៌ បរទេសនៅក្នុងសង្គមខ្មែរ ហើយងាកសម្លឹង និងធ្វើការគាំទ្រ ដល់វិស័យសិល្បៈខ្មែរ ក៏ដូចជាការគាំទ្រ សកម្មភាពកីឡាផងដែរ៕

សម្ដេចតេជោ ឲ្យទូរទស្សន៍ទាំងអស់ ចាក់ផ្សាយសិល្បៈ បុរាណខ្មែរ ក្នុងម៉ោងមាស

សម្ដេចតេជោ ឲ្យទូរទស្សន៍ទាំងអស់ ចាក់ផ្សាយសិល្បៈ បុរាណខ្មែរ ក្នុងម៉ោងមាស