នាវាទេសចរ អន្តរជាតិធុនយក្ស ១គ្រឿង ដឹកភ្ញៀវបរទេសជិត ៤.០០០នាក់ មកទស្សនកិច្ចកម្ពុជា

ភ្នំពេញ៖ នាវាទេសចរណ៍ បរទេសធុនយក្ស ១គ្រឿង មានឈ្នោះ SAPPHIRE PRINCESS បាននាំភ្ញៀវទេសចរ បរទេសចម្រុះជាតិ សាសន៍ជិត ៤.០០០នាក់ មកកាន់កំពង់ផែសមុទ្រ ខេត្តព្រះសីហនុ នាថ្ងៃទី០២ មីនា ឆ្នាំ២០១៦ ដើម្បីទស្សនាកម្សាន្តឆ្នេរសមុទ្រ និងរមណីយ៍ដ្ឋាននានា ក្នុងខេត្តនេះ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា «នាវាទេសចរណ៍ បរទេសធុនយក្ស មួយគ្រឿងមានឈ្នោះ SAPPHIRE PRINCESS បាននាំភ្ញៀវទេសចរ បរទេសចម្រុះជាតិ សាសន៍ជិត ៤.០០០នាក់ បានបោះយុថ្កា ចតនៅក្នុងលំហ សមុទ្រខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តអន្តរជាតិ”។

ប្រធានប៉ុស្តិ៍នគរបាលច្រក ទ្វារកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ លោក វរសេនីយឯក ស៊ាង ឡេង បានឲ្យដឹងថា នាវាទេសចរណ៍ ធុនយក្សនេះ បាននាំភ្ញៀវទេសចរ បរទេសចម្រុះជាតិ សាសន៍ចំនួន ២.៦០២នាក់ ស្រី១.៤១៣នាក់ មាន៤៦ មានសញ្ជាតិផ្សេងគ្នា និងមាននាវិកសរុប ១.០៩៥នាក់ ស្រី ២២៦ នាក់ មាន ៥៣សញ្ជាតិ បានធ្វើ ដំណើរតាមនាវានេះ មកពីប្រទេសវៀតណាម នៅម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦ មុននឹងធ្វើដំណើចាក ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ នៅ ល្ងាចថ្ងៃដដែល។

លោកបន្តថា នាវាទេសចរណ៍យក្សនេះ មានបណ្តោយ ២៨៨ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ជម្រៅទឹក ៨.៣ម៉ែត្រ ហើយក្នុងចំណោម ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើតាម នាវាយក្សនេះ ភាគច្រើន ជាជនជាតិ អូស្ត្រាលីចំនួន ៧៤៨នាក់ អង់គ្លេសចំនួន ៧២១នាក់ អាម៉េរិកចំនួន ៤៩២នាក់ ក្រៅពីនោះមានភ្ញៀវទេសចរ សញ្ជាតិផ្សេងទៀត។ ភ្ញៀវទេសចរធ្វើដំណើរ តាមនាវាយក្ស នេះ ភាគច្រើនជាមនុស្ស មានវ័យចំណាស់។

សូមបញ្ជាក់ថា នាដើមឆ្នាំ២០១៦ ភ្ញៀវទេសចរបរទេស បានធ្វើដំណើតាម នាវាចូលមកទស្សនា នៅកម្ពុជា តាមច្រកកំពង់ផែសមុទ្រ ក្រុងព្រះសីហនុមានការកើន ឡើងជាបន្តបន្ទាប់ កត្តាដែលនាំឲ្យមាន ភ្ញៀវទេសចរបរទេស ចូលមកទស្សនាកម្ពុជា កាន់តែច្រើនឡើងនោះ ដោយសារតែខេត្តព្រះសីហនុ ធានាបាននូវសន្តិសុខ សុវត្ថិភាពល្អ ធ្វើឲ្យភ្ញៀវទេសចរ មានទំនុកចិត្ត ម្យ៉ាង ទៀតឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិក ក្លឹបឆ្នេរស្អាតលើពិភពលោក ជាកត្តាទាក់ទាញភ្ញៀវ ទេសចរបរទេសមកលេង កម្សាន្តនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែច្រើនឡើង៕