Camauto នាំ​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន​ជិត ១០០ ក្រុមហ៊ុន​មក​ពី ១២ ប្រទេស​តាំង​បង្ហាញ​

សប្ដាហ៍​ក្រោយ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន​ដ៏​ធំ​បំផុត Camauto 2016នឹង​រៀបចំ​នៅ​ទីក្រុង​កោះពេជ្រ ដោយ​មាន​ក្រុមហ៊ុន​ជាង ១០០ មក​ពី ១២ ប្រទេស​យក​ផលិតផល​តាំង​បង្ហាញ។

 

រយៈ​ពេល ៤ ថ្ងៃ​ពី​ថ្ងៃ ១០ ដល់ ១៣ មិនា នៅ​មិន​ជា​យូរ​ប៉ុន្មាន អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​លើ​វិស័យ​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន​នឹង​មាន​ឱកាស​បាន​ទស្សនា​ផលិតផល​ល្បីៗ​ចម្រុះ​ មាន​តាំង​ពី​ផលិតផល​គ្រឿង​ឡាន គ្រឿង​បន្លាស់ សេវាកម្ម​និង​ឧបករណ៍​ជួសជុល​ជា​ច្រើន​ទៀត។

 

តាម​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ពិព័រណ៍​ប្រាប់​ថា នៅ​ថ្ងៃ​នោះ​ក្រៅ​ពី​មាន​ផលិតផល​ជាច្រើន​​ដែល​បើក​ឲ្យ​ប្រិយមិត្ត​អាច​ចូល​ទស្សនា​ដោយ​សេរី ក៏​មាន​រៀបចំ​កម្មវិធី​ពិសេស​ជា​ច្រើន​ទៀត​ដូចជា​មាន​ការ​សំដែង​​សិល្បៈ​ស្នៀត​បង្ហោះ​ម៉ូតូ​ដ៏​រំភើប ការ​​តាំង​បង្ហាញ​រថយន្ត​ប្រភេទ​ប្រេលីកង់ 4×4 ប្លែកៗ​កម្រ​បាន​ឃើញ និង​មាន​ការ​លក់​ផលិតផល​បញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន​ចូលរួម​តាំង​ពិព័រណ៍។

 

យ៉ាង​ណា Camauto ឆ្នាំ​នេះ មិន​មាន​តាំង​បង្ហាញ​រថយន្ត​ថ្មីៗ​​​ដល់​អ្នក​ទស្សនា​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Andrew Siow អ្នក​រៀបចំ​កម្មវិធី​ពិព័រណ៍ Camauto 2016៕

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា