បណ្ដាញ​ជនជាតិ​ដើម​ភាគតិច​សុំ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​បង្ក្រាប​បទល្មើស​ព្រៃឈើ

អង្គការ​ចំនួន ២៧ ដែល​ជា​បណ្ដាញ​ជនជាតិ​ដើម​ភាគតិច និង​ព្រៃឈើ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា នៅ​ថ្ងៃ​ទី​២ ខែ​មីនា គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​បង្កើត​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ។ ប៉ុន្តែ​ពួកគេ​ក៏​សំដែង​ការ​ស្ដាយ​ចំពោះ​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្មាន​ប្រសិទ្ធភាព​នោះ។

តំណាង​អង្គការ​ទាំង​២៧​នេះ បាន​សំណូមពរ​ដល់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​ចំនួន ៧​ចំណុច។

ចំណុច​ទាំង​៧​នោះ​រួម​មាន៖ សូម​ឲ្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចាត់​វិធានការ និង​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ បង្ហាញ​ពី​តម្លាភាព​ចំពោះ​លទ្ធផល​បង្ក្រាប​បទល្មើស​ព្រៃឈើ​កន្លង​មក​ដល់​សាធារណជន ទាំង​បរិមាណ​ឈើ​ដែល​បាន​ចាប់ ជនល្មើស​ពាក់ព័ន្ធ ព្រម​ទាំង​ចាត់​វិធានការ​លើ​ជនល្មើស​លួច​ដុត​ឈើ។

​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​យូរ​អង្វែង​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ របស់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​អស់​ឲ្យ​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​នាំ​ខ្លួន​មេខ្លោង និង​អ្នក​សមគំនិត​យក​មក​កាត់ទោស​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន។ ត្រូវ​បញ្ឈប់​គ្រប់​រូបភាព​ការ​គំរាមកំហែង​ពី​ប្រព័ន្ធ​តុលាការ និង​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​សកម្មជន​ការពារ​ព្រៃឈើ និង​ផ្ដល់​សិទ្ធិ​អំណាច​បន្ថែម​ទៀត​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ​ដល់​សហគមន៍​មូលដ្ឋាន។

ពន្លឿន​ការ​ទទួល​ស្គាល់​ស្របច្បាប់​ចំពោះ​សហគមន៍​ដែល​មាន​ស្រាប់​ដូចជា​សហគមន៍​ព្រៃឈើ​សហគមន៍​តំបន់​ការពារ សហគមន៍​នេសាទ និង​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​ផ្ដល់​កញ្ចប់​ថវិកា​ជាតិ​សមស្រប ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ចូលរួម​ទប់ស្កាត់​បទល្មើស ព្រៃឈើ និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ពួកគាត់​រស់​នៅ។

បទពិសោធន៍​ដែល​ទទួល​បាន​ពី​វិធានការ​ក្ដៅ​នេះ គួរ​យក​ទៅ​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​គោលនយោបាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ស្រាប់ ដើម្បី​ធ្វើ​វិសោធនកម្ម​កែ​លម្អ​ឲ្យ​ប្រសើរ ដូចជា​ការ​បញ្ឈប់​ការ​ផ្ដល់​បទ​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ត​ទៀត​ជាដើម ព្រោះ​ជាដើម​ចម​នៃ​ការ​បាត់បង់​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។