បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែ​កើតមាន​ដដែល​

​ការប្ដេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បាន​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​រួចមក បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​រដ្ឋ​ជុំវិញ​បរិវេណ​បឹង​កង្កែប ដែលជា​បឹង​ធម្មជាតិ​សំបូរ​ទៅដោយ​ព្រៃកោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​ពង​កូន​បន្ត​ពូជ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សកម្មភាព​រំលោភ​កាន់កាប់​ដី​រដ្ឋ​នៅ​ជុំវិញ​បឹង​កង្កែប​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ពុំមាន​សមត្ថភាព​ដោះស្រាយ​បានឡើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អុង បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រដ្ឋាភិបាល​ចាត់វិធានការ​យក​ដី​ជុំវិញ​បឹង​កង្កែប​មក​ទុក​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ ព្រោះ​បច្ចុប្បន្ន​ដី​តំបន់​នេះ​ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច រំលោភ​យក​ហើយ​មន្ត្រី​យោធា​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​មួយចំនួន​ក៏​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវទេសចរ​ដែល​ចូល​ទៅដល់​តំបន់​បឹង​កង្កែប​មានការ​សោកស្ដាយ​នៅពេល​ឃើញ​ព្រៃកោងកាង​ជុំវិញ​បឹង​កង្កែប​ត្រូវបាន​គេ​កាប់​ទន្ទ្រាន ហើយ​ហ៊ុមព័ទ្ធ​ដី​ជា​ឡូត៍ៗ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ទីរ​ពាក់ព័ន្ធ​ទប់ស្កាត់​ទាល់តែសោះ​។ បឹង​កង្កែប​ជា​បឹង​ធម្មជាតិ​សំបូរ​ទៅដោយ​ព្រៃកោងកាង​រាប់រយ​ហិកតា​នៅក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឬ​នៅជាប់​ចម្ការ​ដូង​ចេង​ហេង​លើ​ឆ្នេរសមុទ្រ​រាម កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រភពពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ឧកញ៉ា លឹម ហ៊ុយ​ឡេង លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​រាម និង​លោក នួន ប៊ុន​ថុល នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃកោងកាង​រំលោភ​យក​ដី​នៅ​តំបន់​ជុំវិញ​បឹង​កង្កែប​នោះដែរ​។ នាយទាហាន​និង​ពលទាហាន​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​មួយចំនួន​បាន​អះអាងថា លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា បាន​យក​ទីតាំង​ដី​ព្រៃកោងកាង​ដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកទៅ​ដាំដូង ហើយ​អ្នកពាក់ព័ន្ធ​ដទៃទៀត​បាន​លក់​បន្ត​ឬ​ព័ទ្ធរបង​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ដូច្នេះ​គេ​ចាំមើល​ចំណាត់ការ​បន្តទៀត​រប​ស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ព្រោះ​រាល់​ការប្ដេជ្ញាចិត្ត​របស់លោក យន្ត មីន ជា​បន្តបន្ទាប់​កន្លងទៅ​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង​៕

83លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ 09d0d1e0-41c6-452a-8cec-f978c943d804 77518c50-d7b2-4f7d-9fa9-9669b0b2b2e2