តុលាការកំពូល កោះហៅ អតីតយោធា ផ្កាយ២ ចាន់ ឫទ្ធីឌី និងគូកន ចូលសវនការ នៅថ្ងៃទី៤ មីនា ជុំវិញសំណុំរឿង ជួញដូរគ្រឿងញៀន ជិត៥គីឡូក្រាម

ភ្នំពេញ៖ ចៅក្រមតុលាការកំពូល បានកោះហៅ អតីតយោធាផ្កាយ២ លោក ចាន់ ឫទ្ធីឌី និង គូកនម្នាក់ទៀត ចូលសវនាការ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនិងករណីជួញដូរ គ្រឿងញៀនជិត ៥គីឡូក្រាម ដែលប្រព្រឹត្តកាលពី កំឡុងឆ្នាំ២០១២។

ជនជាប់ចោទ អតីតយោធាផ្កាយ២ លោក ចាន់ ឫទ្ធីឌី និង គូកនឈ្មោះ ឌៀប ស៊ុនឡាយ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្ទុះលេខ៤៤EO ផ្លូវលំ ភូមិអូរអណ្ដូងទី១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ក្រោយសេចក្តីសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បន្តផ្តន្ទាទោស ជនជាប់ចោទ ទំាងពីរនាក់ ដាក់ពន្ធនាគារ ២០ឆ្នាំនោះ ជនជាប់ចោទទាំងពីរ បានប្តឹងសាទុក្ខ ចំពោះសេចក្តីសម្រេច របស់តុលាការ ថ្នាក់ទំាងពីរនេះ មកកាន់តុលាការកំពូល។

លោក ចាន់ ប្ញទ្ឋីឌី ដែលគេស្គាល់ថា ជាថៅកែភោជនីយដ្ឋាន រស្មីបឹងកេងកង និង លោក ឌៀប ស៊ុនឡាយ ជាម្ចាស់សំអាងការ រតនាពេជ្រ ត្រូវកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ ដោយដកហូត គ្រឿងញៀន ប្រភេទយ៉ាម៉ា ចំនួន២០សុង ទម្ងន់៣៧១៩,៥ក្រាម និងប្រភេទម៉ាទឹកកក ចំនួន៩៨៩,៩ក្រាម រថយន្ត៤គ្រឿង ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀន ១គ្រឿង និងសម្ភារមួយចំនួនទៀត៕

តុលាការកំពូល កោះហៅ អតីតយោធា ផ្កាយ២ ចាន់ ឫទ្ធីឌី និងគូកន ចូលសវនការ នៅថ្ងៃទី៤ មីនា ជុំវិញសំណុំរឿង ជួញដូរគ្រឿងញៀន ជិត៥គីឡូក្រាម