ហេតុអ្វី បានជាគំនរឈើ ឆេះជាបន្ដបន្ទាប់?

ជាបឋម ខ្ញុំសូមគាំទ្រចំណាត់ការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា ដែលបាន បង្កើតគណៈកម្មការទប់ ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំ ដោយនាយឧត្ដមសេនីយ៍ផ្កាយមាស ៤ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃ ប្រទេស ដោយមានសមាជិកមកពី ក្រសួងសំខាន់ៗ ដើម្បីចុះប្រតិបត្ដិការទប់ ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើតាមបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។ខ្ញុំនៅតែយល់ថា ហេតុអ្វីគំនរឈើនៅតាម តំបន់ដីសម្បទានសេដ្ឋកិច្ច មួយចំនួនចេះតែបន្តឆេះ ដោយគ្មានហេតុផល គ្មានការស៊ើប សង្កេតនិង ធ្វើការពន្យល់?

ជាការពិត ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលផលិតនៅអតីតសហភាពសូវៀត បាន ដឹកនាយឧត្ដមសេនីយ៍ និងសហសេវិកទៅ ត្រួតពិនិត្យនៅតាមបណ្ដាចំណុចដែលសង្ស័យថា មានបទល្មើសព្រៃឈើចាប់ពី ខេត្ដត្បូង ឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងរហូតដល់ មណ្ឌលគិរី ។ ជាលទ្ធផលក្រុមប្រតិបត្ដិការ ដឹកនាំដោយនាយឧត្ដមសេនីយ៍បានចុះទៅ ដល់ឆែកឆេរឃើញ និងឃាត់ព្រមទាំងធ្វើ កំណត់ហេតុ ។ សកម្មភាពទាំងនេះទទួល បានការគាំទ្រផង ការមិនគាំទ្រផងពីសំណាក់ ប្រជាពលរដ្ឋខ្មែរ និងអង្គការ សង្គមស៊ីវិល អ្នកវិភាគ ក៏ដូចជា បក្សនយោបាយនៅសភា សំឡេងភាគតិច និងបក្សនយោបាយនៅ ក្រៅរដ្ឋសភា ។ គាំទ្រដោយសង្ឃឹមថា អាចរកការពិតឃើញ មិនគាំទ្រដោយសារគ្មានជំនឿថា អាចរក ឃើញការពិត។

បន្ទាប់មកគណៈកម្មការ ដឹកនាំដោយ នាយឧត្ដមសេនីយ៍សៅ សុខា បានថ្លែងជា សាធារណៈ ក៏ដូចជា ប្រាប់ទៅអង្គការដៃគូ រដ្ឋាភិបាលថា គណៈកម្មការនិងរៀបចំ ប្រមែប្រមូលនូវភស្ដុតាងទាំងនេះ ដើម្បី រាយការណ៍ជូនថ្នាក់ដឹកនាំក៏ដូចជាប្ដឹងទៅតុលាការចំពោះក្រុមហ៊ុនព្រៃសម្បទានមួយចំនួន និងអ្នកពាក់ព័ន្ធនៅក្នុងរឿងបទល្មើសព្រៃឈើ ។

អ្នកតាមដានគ្រប់មជ្ឈដ្ឋានខាងលើបាន ឱ្យដឹងថា រហូតមកដល់ពេលនេះមិនទាន់បានឃើញ គណៈកម្មការដឹកនាំដោយនាយឧត្ដមសេនីយ៍សៅ សុខា ដាក់ពាក្យបណ្ដឹង ព្រមទាំងបង្ហាញនូវរបាយ ការណ៍ជាក់លាក់ណាមួយពីលទ្ធផលនៃប្រតិបត្ដិការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ នៅឡើយទេ ។ប៉ុន្ដែផ្ទុយទៅវិញអ្វីដែលជាការគួរឱ្យ សង្ស័យ បែរជាគំនរឈើ ដែលបានកាប់រំលំ នៅក្នុងដីសម្បទានមួយចំនួនបានឆេះជាបន្ដ បន្ទាប់ទៅវិញ ខណៈគណៈកម្មការបានដាក់ កម្លាំងអាវុធ ហត្ថនិងនគរបាលពង្រាយយាម ២៤ម៉ោងលើ២៤ម៉ោងនៅតំបន់ទាំងអស់នោះ ដែលគណៈកម្មការ យល់ឃើញថា គំនរ ឈើទាំងអស់នោះ គឺជាភស្ដុតាងដ៏សំខាន់ សម្រាប់បញ្ជូនទៅតុលាការ ក៏ដូចជា រាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។ ផ្ទយទៅវិញ គ្រាន់តែឭព័ត៌មានមិនផ្លូវការថា គណៈកម្មការនិង រៀបចំឯកសារប្តឹងតែមកដល់ពេលនេះ មិនទាន់ប្រែប្រួលទេ ។

ក្រុមអ្នកតាមដានគ្រប់ភាគីពាក់ព័ន្ធបាន លើកជាសំណួរចោទសួរថា  តើហេតុអ្វីបាន ជាគំនរឈើនៅក្នុង ដីសម្បទានទាំងអស់នោះ រាប់សិបម៉ែត្រគូបត្រូវបានដុតបំផ្លាញ ដោយស្រួលៗម្ល៉េះ រហូតដល់ទៅទីតាំង គំនរ ឈើចំនួន៣កន្លែង(ឆេះឈើក្នុងឃ្លាំង «យូនីហ្គ្រីន» ស្ថិតក្នុងស្រុកកោះញែក, ក្រុមហ៊ុន កសិកម្ម ខ្មែរ អង្គរនិងក្រុមហ៊ុន ដាយ ណាម) ហើយ ដែលត្រូវបានឆេះយ៉ាងសន្ធោរសន្ធៅ ជាបន្ដបន្ទាប់គ្មានការស៊ើប សង្កេត និង ការពន្យល់ច្បាស់លាស់ ។ ដោយមិនចង់រៀបរាប់វែងឆ្ងាយ ទុកពេលវេលាតាមមើល តទៅទៀត ខ្ញុំមានជំនឿថា  ការដែលគំនរឈើរាប់សិបម៉ែត្រគូបត្រូវបានគេលួច ដុតដោយស្រួលៗ បែបនេះ គួរតែមានវិធានការរឹតបន្ដឹង ប្រុងប្រយ័ត្នជាងមុនឱ្យបានខ្លាំងបំផុត បើមិនដូច្នេះទេ ពិបាកនឹងធ្វើឱ្យមជ្ឈ ដ្ឋាននានា ដែលតាមរឿងនេះដោយយកចិត្ដទុកដាក់ ជឿជាក់ទៅលើគណៈកម្មការ នេះ ។ ម្យ៉ាងទៀតមជ្ឈដ្ឋាននានា ក៏បានផ្ដល់ជាទស្សនទានថា ក្រៅពីការ ទប់ស្កាត់ ឈើ ដែលរលំទៅហើយនោះ ក៏គួរតែគណៈកម្មការនេះងាកទៅមើលឈើ នៅតំបន់ព្រៃឡង់ ខ្លះផងដែរ ព្រោះឈើនៅតែត្រូវបានក្រុមទុច្ចរិតកាប់រំលំជាបន្ដបន្ទាប់ដដែល ហើយឈើទាំងនេះ កន្លងមកក៏ឃាត់យកទៅបន្សុតនៅតាមតំបន់ព្រៃសម្បទានទាំងនេះផងដែរ ក្រោមរូបភាពឈើកាប់នៅក្នុងដីសម្បទាន ៕

ហេតុអ្វី បានជាគំនរឈើ ឆេះជាបន្ដបន្ទាប់?

ហេតុអ្វី បានជាគំនរឈើ ឆេះជាបន្ដបន្ទាប់?