អ្នកវិភាគថា ពលរដ្ឋកម្ពុជា មិនជ្រើសរើស យកការ ធ្វើបដិវត្តន៍ពណ៌ទេ

ភ្នំពេញ៖ អ្នកវិភាគសង្គម លោក មាស នី បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា មិនជ្រើសរើសយកការ ធ្វើបដិវត្តន៍ពណ៌ដូចបណ្ដា ប្រទេសមួយចំនួន ក្នុងតំបន់មជ្ឈិមបូព៌ា នោះទេ ព្រោះ បណ្ដាលឲ្យប្រទេសជាតិ មានគ្រោះថ្នាក់។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ លោក មាស នី បានឲ្យដឹងថា ការលើកឡើងរបស់ប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថារាជរដ្ឋាភិបាលកម្ពុជា កំពុងភ័យខ្លាចពាក្យបដិវត្តន៍ គឺស្របទៅតាមការយល់ជាទូទៅ ហើយវាមានហេតុផលគ្រប់គ្រាន់ ដែលបង្ហាញថារាជរដ្ឋាភិបាល កំពុងភ័យខ្លាចបដិវត្តន៍មែន...។

លោកបន្តថា  ការភ័យខ្លាចនេះ មិនមែនត្រឹមតែរាជរដ្ឋាភិបាលកម្ពុជានោះ គឺទាំងមេដឹកនាំប្រទេសមួយចំនួន ដែលកាន់អំណាចយូរឆ្នាំក៏ដូចគ្នាដែរ ហើយបញ្ហានេះ បង្ហាញតាមរយៈ ការចាត់វិធានការផ្សេងៗ, ការប្រកាសមិនឲ្យមានការរៀបចំជួបជុំគ្នា ឬនិយាយពីពាក្យបដិវត្តន៍ជាដើម។

លោកបានបញ្ជាក់ថា “ប៉ុន្តែ តាមទស្សនៈរបស់ខ្ញុំ គិតថាពលរដ្ឋខ្មែរហាក់ដូចជា មិនដើរទេអារឿងច្រក់បដិវត្តន៍ ទោះបីរាជរដ្ឋាភិបាលភ័យខ្លាច យ៉ាងណាក៏ដោយ គឺថាពលរដ្ឋខ្មែរមិនដើរច្រក់ហ្នឹងទេ ប៉ុន្តែអាចនឹងដើរក្នុងច្រក់មួយទៀត តាមរបៀបនៃការរស់របស់គាត់ មិនមាត់ មិននិយាយ ក៏ប៉ុន្តែគាត់តាមដាន គាត់ជជែកគ្នា គាត់ពិភាក្សាគ្នាគាត់ ហើយគាត់នឹងធ្វើការផ្លាស់ប្តូរ នៅពេលបោះឆ្នោតខាងមុខ”។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) ឯកឧត្តម សម រង្ស៊ី បានលើកឡើងថា គណបក្សកាន់អំណាច កំពុងភ័យខ្លាចនឹងពាក្យបដិវត្តន៍ ហើយក៏បាន អំពាវនាវ កុំឲ្យមានការភ័យខ្លាចនេះពាក្យនេះ ប៉ុន្តែ យ៉ាងណាក្តីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការភ័យខ្លាចដូច មេបក្សប្រឆាំងលើកឡើងនោះទេ តែកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល តាមរដ្ឋធម្មនុញ្ញមានតួនាទី រក្សាការពារសណ្ដាប់ធ្នាប់ប្រទេស និងមិនអនុញ្ញាតិឲ្យមានបដិវត្តន៍ ពណ៌នៅក្នុងប្រទេសកើតឡើងឡើយ៕

អ្នកវិភាគថា ពលរដ្ឋកម្ពុជា មិនជ្រើសរើស យកការ ធ្វើបដិវត្តន៍ពណ៌ទេ