​រថយន្ត Lexus 470 មួយគ្រឿង បើកបរ​លឿន មិន​ប្រយ័ត្ន​បុក​មេគោ​ផើម​ងាប់​មួយ​ក្បាល​

ស្វាយរៀង: រថយន្ត Lexus 470 មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​មេគោ​ផើម ងាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង ៦:៣០​នាទី យប់​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ព្រៃ​សង្ឃ័រ ឃុំ សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​បើតាម​សមត្ថ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ មាន​រថយន្ត Lexus 470 មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 3989 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​មេគោ​ផើម​មួយ​ក្បាល រត់​កាត់​ទទឹង​ថ្នល់ ស្របពេល​រថយន្ត Lexus 470 មកដល់ ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​បណ្តាល​ឲ្យ​បុក​មេគោ​ប៉ើង ទៅខាង​ឆ្វេង​ដៃ ជាង​១០​ម៉ែត្រ ងាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ តែម្តងទៅ​។

​ប្រភព​ខាងលើ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ ក្រោយពី​បុក​មេគោ​រួចមក ម្ចាស់​គោ​មិន​ហ៊ាន​ចេញមុខ​នោះទេ មិនដឹងថា ម្ចាស់​នៅ​ណា​ទេ​។ ហើយ​រថយន្ត Lexus 470 ដែល​បុក​មេគោ​នោះ ខូចខាត  បែក​ចង្កៀង​ខាងឆ្វេង បែក​កាង ប៉ើង​ដំបូល និង​ផ្ទុះ​ពោង​២​ផងដែរ​៕V​