អូស្ត្រាលី៖ កំទេចកំទី ដែលរកឃើញនៅ ម៉ូសំប៊ិក អាចជាបំណែក យន្តហោះ MH-370

ស៊ីដនី៖ យោងតាមការលើកឡើង របស់រដ្ឋមន្រ្តីសាធារណៈការ អូស្រ្ដាលី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កំទេចកំទីយន្ដហោះ ដែលត្រូវបាន រកឃើញនៅ ឆ្នេរម៉ូសំប៊ិក កាលពី ថ្ងៃពុធ ម្សិលមិញនេះ អាចជាបំណែកខ្លះ របស់ជើងហោះហើរ ម៉ាឡេស៊ី MH-370 ហើយនឹងត្រូវបានគេបញ្ចូន ទៅកាន់អូស្រ្តាលី ដើម្បីធ្វើការវិភាគបន្ដ។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នេះដោយដកស្រង់ សម្ដីរដ្ឋមន្រ្តី ទទួលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនលោក ដារ៉ែន ឆេស្ទ័រ ក្នុងសេចក្ដី ថ្លែងការណ៍បន្ដទៀតថា “បំណែកដែកមួយ មានប្រវែងប្រមាណជា ១ម៉ែត្រ ត្រូវបានគេរកឃើញ នៅឆ្នេរសមុទ្រម៉ូសំប៊ិក” ហើយបំណែកនេះ នឹងត្រូវបានបញ្ជូន ទៅកាន់អូស្រ្ដាលី ដើម្បីឲ្យក្រុម អ្នកជំនាញទីនោះ ធ្វើការពិនិត្យ និងវិភាគបន្ដ។

លោកបានបន្ដទៀតថា ទីតាំងបំណែកនោះ ត្រូវបានគេរាយការណ៍ថា គឺដូចទៅនឹងការបង្ហាញ កំណត់សម្គាល់ដោយ ការិយាល័យសុវត្ថិភាព ដឹកជញ្ជូនអូស្ត្រាលី និងបានបញ្ជាក់ ឡើងវិញ ពីតំបន់ស្វែងរក ការបាត់ខ្លួនរបស់ យន្ដហោះ MH-370 នៅមហាសមុទ្រ ឥណ្ឌា ភាគខាងត្បូង។

គួរបញ្ជាក់ថា ការរកឃើញនេះ ទើបតែបានប៉ុន្មានថ្ងៃ នៃខួបគម្រប់ ២ឆ្នាំនៃការបាត់ខ្លួនយន្ដហោះ MH-370 ជាជើងហោះហើរ ម៉ាឡេស៊ី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដែលចេញ ដំណើរ ពីទីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង ជាមួយនឹងអ្នកដំណើរ ២៣៩នាក់៕

អូស្ត្រាលី៖ កំទេចកំទី ដែលរកឃើញនៅ ម៉ូសំប៊ិក អាចជាបំណែក យន្តហោះ MH-370

អូស្ត្រាលី៖ កំទេចកំទី ដែលរកឃើញនៅ ម៉ូសំប៊ិក អាចជាបំណែក យន្តហោះ MH-370