លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​មាន​ទ្រព្យ​ជួយ​លើក​ស្ទួយ​វប្បធម៌​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ទិវា​វប្បធម៌​ជាតិ នៅ​ព្រឹកថ្ងៃទី៣ មីនា អំពាវនាវ​ឲ្យ​អ្នក​មាន​ទ្រព្យ​ធន​ទាំង​អស់ ចូលរួម​លើក​ស្ទួយ​វប្បធម៌​ជាតិ​ឲ្យ​ថ្កុំថ្កើង។ ទន្ទឹម​នឹង​នេះ លោក​ជំរុញ​ឲ្យ​ម្ចាស់ ផលិតកម្ម​នានា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​សិល្បករ​គ្រប់រូប ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធភាព​រស់​នៅ ក្នុង​សង្គម​បាន​សមរម្យ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ខែ​តុលា ឆ្នាំ​១៩៩៧។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​អគ្គនាយកដ្ឋាន​ពីរ និង​សាកលវិទ្យាល័យ​ភូមិន្ទសិល្បៈ​មួយ ដែល​មាន​មហា វិទ្យាល័យ​ក្រោម​ចំណុះ​ចំនួន៥ និង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​វប្បធម៌​មួយ។

ក្រសួង​នេះ​មាន​មុខងារ និង​ភារកិច្ច​ដូចជា ប្រតិបត្តិ​នយោបាយ​ការពារ​ថែរក្សា និង​លើកតម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​សម្បត្តិ​វប្បធម៌​ទូទៅ​របស់​កម្ពុជា។ គ្រប់គ្រង​បណ្ដា​រមណីយដ្ឋាន បុរាណ​វិទ្យា នរវិទ្យា និង​ប្រវត្តិវិទ្យា ផ្ដុំ​ឡើង​វិញ និង​លើក​តម្កើង​បណ្ដា​តម្លៃ​វប្បធម៌ និង​ជំនឿ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​សង្គមជាតិ បំផុស​ការ​បង្កើត​ស្នាដៃ​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​សកម្មភាព​វប្បធម៌។

ក្រៅពី​នេះ គឺ​គ្រប់គ្រង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្នុង​ការ​បណ្ដុះបណ្ដាល​សិល្បករ តន្ត្រី ស្ថាបត្យករ បុរាណវិទូ និង​អ្នក​ជំនាញ​ផ្សេងៗ​ទៀត ដែល​សហការ​ជាមួយ​ក្រសួងអប់រំយុវជន​និង​កីឡា។

ក៏​ប៉ុន្តែ​ក្រសួង​វប្បធម៌​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​សូវ​មាន​ធនធាន ឬ​អភិវឌ្ឍន៍ ថែរក្សា​វប្បធម៌ ជាតិ​ឲ្យ​រុងរឿង​នោះ​ទេ ដែល​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ស្ថាប័ន​ជាតិ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។