ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ការ​ទម្លាយ​ការសម្ងាត់​ក្នុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ

អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស​បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ និង​សិទ្ធិ​បុគ្គល ទាក់ទង​នឹង​ការ​រក្សា​ការសម្ងាត់​ក្នុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ និង​នៅ​កន្លែង​ណា​មួយ។

តើ​ករណី​បញ្ចេញ​នូវ​ខ្សែអាត់​សំឡេង​ទាក់ទង​ទៅ​នឹង​រឿង​ស្នេហា​រវាង​​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​នារី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​បន្ត​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​សារព័ត៌មាន​ក្នុង ស្រុក ជា ច្រើន​ទៀត នៅ​ពេល​ថ្មីៗ​នេះ ខុស​នឹង​ផ្លូវ​ច្បាប់ និង​ជា​ការ​រំលោភ​លើ​សិទ្ធិ​បុគ្គល​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ការ​បែក​ធ្លាយ ឬ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នយោបាយ ជាពិសេស គណបក្ស​ប្រឆាំង តែងតែ​លេចចេញ​នៅ​ពេល​ជិត​មាន​ការ​បោះឆ្នោត​ម្តងៗ។

ជាក់ស្ដែង​ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​តៗ​គ្នា​នូវ​សំឡេង​ឆ្លងឆ្លើយ​រឿង​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​បាន​លួច​ថត​តាម​ទូរស័ព្ទ​ក្នុង​ពេល​លោក​សន្ទនា​ស្នេហា​ជាមួយ​នារី​ម្នាក់ ដែល​គេ​សង្ស័យ​ថា ជា​ស្រី​កំណាន់​លួចលាក់​របស់​លោក​នោះ ស្ទើរ​គ្រប់​ដំណាក់កាល​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។

វីដេអូ​ជា​សំឡេង​នោះ ត្រូវ​គេ​យក​មក​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​ទៀត​ជា​បន្តបន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មីនា មក។ ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​អះអាង​បញ្ជាក់​ជា​សាធារណៈ​ពី​សាមីជន​ទាំង​ពីរ ថា​សំឡេង​សន្ទនា​នោះ​ពិត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ករណី​នេះ លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​លួច​ថត ឬ​លួច​ស្ដាប់​កិច្ច​សន្ទនា​ជា​ឯកជន​របស់​បុគ្គល​ណា​ម្នាក់​ដោយ​គ្មាន​ការ​អនុញ្ញាត ក្នុង​បំណង​មិន​ល្អ ក្នុង​អំពើ​ទុច្ចរិត គឺ​ខុស​ច្បាប់ និង​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​តាម​មាត្រា ៣០១ នៃ​ក្រមព្រហ្មទណ្ឌ។

លោក​មេធាវី ហុង គឹមសួន បញ្ជាក់​ដូច្នេះ៖ «បើសិនជា​ជនរងគ្រោះ មាន​ន័យ​ថា អ្នក​ដែល​ត្រូវ​គេ​លួច​ថត​សំឡេង គាត់​ប្ដឹង អ៊ីចឹង​អ្នក​យក​រឿង​រ៉ាវ​របស់​គាត់​សំឡេង​របស់​គាត់​ទៅ​ផ្សាយ​បន្ត ដោយ​គ្មាន​ការ​យល់​ព្រម ក្នុង​ន័យ​មិន​ល្អ អ៊ីចឹង​ជន​នោះ​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ»

មាត្រា​៣០១ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា បទ​ស្ដាប់ ឬ​ថត​ពាក្យ​សម្ដី​ឯកជន អំពើ​ស្ដាប់ ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន ជា​ការសម្ងាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ ២​លាន​រៀល លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ ប៉ុន្តែ​ការ​លួច​ថត​សំឡេង​ត្រូវ​បាន​សន្មត​ជា​ការ​ព្រមព្រៀង ប្រសិនបើ​បុគ្គល​ដែល​ពាក់ព័ន្ធ​ករណី​នេះ​បាន​ទទួល​ដំណឹង​អំពី​ការ​ស្ដាប់ ឬ​ថត​ហើយ បុគ្គល​នោះ​មិន​បាន​ជំទាស់​នោះ​ទេ។

ក្នុង​រឿង​នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​លួច​ថត​សន្ទនា​តាម​ទូរស័ព្ទ ហើយ​យក​ផ្សព្វផ្សាយ​បន្ត​នោះ ថា​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​បុគ្គល​ឯកជន​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​ទទួលបន្ទុក​ផ្នែក​ស៊ើប​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ គេ​មិន​ដឹង​ថា ខ្សែ​អាត់​សំឡេង​លោក កឹម សុខា ដែល​គេ​ផ្សព្វផ្សាយ​នោះ ពិត ឬ​មិន​ពិត​នោះ​ទេ ប៉ុន្តែ​បើ​តាម​ច្បាប់ សមត្ថកិច្ច​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ការពិត និង​អ្នក​ប្រព្រឹត្ត​បទល្មើស​ឲ្យ​ឃើញ៖ «បើ​ទោះ​បី​ជា​សំឡេង​នោះ​ពិត​ក៏ដោយ មិន​ពិត​ក៏ដោយ ក៏​អ្នក​ប្រព្រឹត្ត​នោះ​ត្រូវ​មានទោស​ដែរ ទាក់ទង​ការ​បរិហារកេរ្តិ៍ ឬ​បរិហារ​បង្កាច់​កេរ្តិ៍​ជាដើម អា​ហ្នឹង​ទោស​មួយ​ជាន់​ទៀត»

លោក​បន្ត​ថា ករណី​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​នយោបាយ​ទៅ​លើ​គណបក្ស​ខ្លះ​ដែរ៖ «យើង​ឃើញ​ថា បុគ្គល​ដែល​ឆ្លៀត​ឱកាស​ដើម្បី​បំផុស​បំផុល​ឲ្យ​មាន​ចរន្ត​នយោបាយ​កើត​ឡើង​នេះ គឺ​គាត់​មាន​ចេតនា​ហើយ ព្រោះ​យើង​ឃើញ​ថា សំឡេង​នេះ​ចេញ​មួយ​ខ្សែ​ហើយ​មួយ​ខ្សែ​ទៀត ហើយ​បញ្ហា​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​ខ្លះ​ដែរ»

លោក មេធាវី ហុង គឹមសួន ក៏​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ដូច​គ្នា​នេះ​ដែរ​ថា បើ​ទោះ​បី​ជា​ខ្សែអាត់​នោះ​ពិត​ក្ដី មិន​ពិត​ក្ដី ក៏​ការ​លួច​ថត និង​យក​ទៅ​ផ្សព្វផ្សាយ​បែប​នេះ គឺ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ម្នាក់​ដែរ​នោះ ហើយ​អ្នក​ប្រព្រឹត្ត​អាច​ត្រូវ​មាន​ទោស​មួយ​ផ្សេង​ទៀត គឺ​ការ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។

​លោក​មេធាវី​លើក​ឡើង​ដោយ​ឡែក​ចំពោះ​អ្នក​ប្រព្រឹត្ត​ទាក់ទង​នឹង​ការ​លួច​ផិត​ក្បត់​ប្ដី ឬ​ប្រពន្ធ​វិញ គឺ​អាច​មាន​ទោស​ទាក់ទង​នឹង​ច្បាប់​ឯក​ពន្ធភាព៖ «ច្បាប់​ឯកពន្ធនភាព​​នេះ​វា​ទាក់ទង​នឹង​ប្រពៃណី​ច្រើន​ដែរ  ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​ហ្នឹង​មិន​មាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ»

​លោក​បន្ត​ថា ច្បាប់​នេះ​មាន​អានុភាព​ទៅ​បាន​ក៏​អាស្រ័យ​ទៅ​លើ​គូភាគី​ប្ដី ឬ​ប្រពន្ធ​សម្រេច​ចិត្ត​ប្ដឹង ឬ​ក៏​មិន​ប្ដឹង ហើយ​ច្បាប់​នេះ​ទៀតសោត ក៏​មិន​ចាប់​បង្ខំ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ទោស បើសិនជា​គេ​រក​ឃើញ​កំហុស ដូច​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​នោះ​ឡើយ។

ទន្ទឹម​គ្នា​នេះ លោក អំ សំអាត ក៏​មាន​ក្ដី​បារម្ភ​ផង​ដែរ បន្ទាប់ពី​រឿង ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ លេច​ឡើង​ហើយ​ត្រូវ​គេ​ផ្សាយ​ជា​សាធារណៈ​បែប​នេះ។

​លោក​ថា ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ អាច​ចាប់​ផ្ដើម​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ដែល​ពួកគាត់​កំពុង​ប្រើ​នោះ ថា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​សន្ទនា​ជា​លក្ខណៈ​បុគ្គល ដែល​ពេល​ខ្លះ​ពួកគាត់​ត្រូវ​មាន​ការសម្ងាត់​ត្រូវ​រក្សា​ទុក ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​ជា​មនុស្ស ហើយ​សិទ្ធិ​នេះ​អាច​នឹង​ត្រូវ​បាត់បង់​ដែល​ជា​រឿង​អយុត្តិធម៌​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។