ប្រធាន​សហគមន៍​យក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​រដ្ឋ​លក់​ហើយ ប្ដឹង​អ្នកភូមិ​ថែមទៀត​

បញ្ហា​ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​និង​បឹង​លក់ដូរ​ខុសច្បាប់ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ ព្រោះ​រឿងនេះ​ទៅ​ដល់ដៃ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី រួចទៅហើយ​។ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី បាន​កោះហៅ​សមាជិក​សហគមន៍​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ១៤​នាក់​ឲ្យ​ចូល​បំភ្លឺ​ពីបទ​បរិហារកេរ្តិ៍​តាម​បណ្ដឹង​របស់​សហគមន៍ ហើយ​អ្នក​ដែល​ត្រូវ​តុលាការ​កោះហៅ​បាន​ចូលទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​សមាជិក​សហគមន៍​ភូមិ​ប៉ក់​ធំ ចំនួន​៤​នាក់​ក្នុងចំណោម​១៤​នាក់​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តរតនគិរី ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​០១ និង​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦​។

កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ អ្នកភូមិ​ប៉ក់​ធំ ជាង​២០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅរបង​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ជា​កម្លាំងចិត្ត​ដល់​តំណាង​របស់​ពួកគាត់​ដែល​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​តំណាង​អយ្យការ​។ អ្នកភូមិ​១​រូប​ដែល​ចូល​បំភ្លឺ​ចំពោះមុខ​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា អ្នកភូមិ​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​មន្ត្រី​តុលាការ​ដែល​បាន​សាកសួរ​រឿង​បណ្ដឹង​ចោទប្រកាន់​ពួកគាត់​ពីបទ​បរិហារកេរ្តិ៍​។ លោក ពួយ កាក់ តំណាង​អ្នកភូមិ​បាន​បញ្ជាក់ថា គាត់​ពុំមាន​ការភ័យខ្លាច​ឬ​ការគាបសង្កត់​អ្វី​ទេ ព្រោះ​អ្នកភូមិ​ពិតជា​រង​ផលប៉ះពាល់​ពី​ការលក់ដូរ​ដី​ដែល​បង្កឡើង​ដោយ​ប្រធាន​គណកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​ប្រាកដ​មែន គឺមាន​វីដេអូ រូបថត និង​សំឡេង ទាក់ទង​ទៅនឹង​ប្រធាន​សហគមន៍​ឈូសឆាយ​ដីធ្លី​។

​គេ​ចាំ​មើលថា តើ​សាលាដំបូង​ខេត្តរតនគិរី ចាត់វិធានការ​យ៉ាងណា​នៅពេលដែល​ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ឃុំ​ប៉ក់​ធំ ប្រើ​គ្រឿងចក្រ​ឈូសឆាយដី ហ៊ុមព័ទ្ធ​ដីព្រៃ​និង​បឹង​ធម្មជាតិ​លក់ដូរ​ខុសច្បាប់ ហើយ​ប្ដឹង​សមាជិក​របស់ខ្លួន​ទៀត​នោះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានលើកឡើង​ផងដែរ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី គួរពិនិត្យមើល​ករណី​នេះ​ផងដែរ ព្រោះ​លោក ប៉ូ​យ ព្លី​ន ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ភូមិ​ប៉ក់​ធំ ពិតជា​បាន​ប្រព្រឹត្ត​ដូច​អ្វីដែល​អ្នកភូមិ​បាន​ចោទប្រកាន់​ពិតមែន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើង​ឡើង​ទៀតថា អ្នកភូមិ​មិនបាន​បរិហារកេរ្តិ៍​ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ភូមិ​ប៉ក់​ធំ​នោះទេ គឺ​ពួកគាត់​គ្រាន់តែ​ការពារ​ដីព្រៃ​សហគមន៍​ជា​ប្រយោជន៍​រួម​ប៉ុណ្ណោះ​។ ដូច្នេះ​សង្ឃឹមថា​មន្ត្រី​សាលាដំបូង​ខេត្តរតនគិរី នឹង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ភូមិ​ប៉ក់​ធំ តាមច្បាប់​ជាមិនខាន ព្រោះ​អ្នកភូមិ​មាន​ភស្តុតាង​យ៉ាងច្បាស់​ក្រឡែត​បង្ហាញ​តុលាការ​រួចទៅហើយ​៕

12620473_884097831710580_547232589_oលោក ថង សាវុន អភិបាលខេត្តរតនគិរី 0fd8c59c-ef41-48a5-983c-edeb689f95b1