ឯកឧត្តម កឹម សុខា ៖ យើងមិនធ្វើអ្វី តាមតែគេចាក់នោះទេ

ភ្នំពេញ៖ ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានលើកឡើងថា លោកមិនត្រូវធ្វើតាមអារម្មណ៍ ឬ មិនធ្វើអ្វីតាមតែគេចាក់ឲ្យ លោតនោះទេ។

ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិទាំង២៥ រាជធានី-ខេត្ត នាទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ។ នេះបើតាមទំព័រហ្វេសប៊ុក របស់ឯកឧត្តម កឹម សុខា នាថ្ងៃទី០៣ មីនា ឆ្នាំ២០១៦។ ការបញ្ជាក់របស់ ឯកឧត្តម កឹម សុខានេះ ធ្វើឡើងបន្ទាប់ពី ត្រូវបានម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះរឿងពិត CNRP បានទម្លាយអាថ៌កំបាំងស្នេហា របស់ឯកឧត្តម ជាមួយស្ត្រីកំណាន់ម្នាក់ឈ្មោះ ម៉ុន ស្រីមុំ ដែលមានជាច្រើនភាគ។ ក្នុងនោះស្រ្តីឈ្មោះមុំ ក៏បានលើកឡើងជាបន្តបន្ទាប់ថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយឯកឧត្តម កឹម សុខា ក្នុងនោះថែមទាំងមានផ្ទៃពោះផងដែរ។

ឯកឧត្តម កឹម សុខា  បានសរសេរថា « ដូចដែលខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយើង ជាច្រើនដងមកហើយ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហរ រឹងមាំរបស់យើង តាមឆន្ទៈរបស់ ប្រជាពលរដ្ឋគឺ យើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត»។  

ឯកឧត្តម បញ្ជាក់ថា អ្វីដែលត្រូវធ្វើតទៅមុខទៀតនោះ គឺត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្រ្ដរបស់បក្សតែប៉ុណ្ណោះ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត។ ឯកឧត្តមបន្ថែមថា នាពេលកន្លងមកលោកលើកឡើង ហើយថា “យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”៕

ឯកឧត្តម កឹម សុខា ៖ យើងមិនធ្វើអ្វី តាមតែគេចាក់នោះទេ

ឯកឧត្តម កឹម សុខា ៖ យើងមិនធ្វើអ្វី តាមតែគេចាក់នោះទេ