លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​ថា បដិវត្តន៍​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បដិវត្តន៍ គឺជា​ការប្រែប្រួល​មួយ​យ៉ាង​ឆាប់រហ័ស ក្នុង​ផ្នត់គំនិត​មនុស្ស ឬ​ក្នុង​ការរស់នៅ​ក្នុងសង្គម ដែលមាន​ឥទ្ធិពល​ស៊ីជម្រៅ និង​យូរអង្វែង​។ លោក សម រង្ស៊ី បាន​បន្តថា ប្រទេស​កម្ពុជា អ្នកកាន់អំណាច​សព្វថ្ងៃ ហាក់ដូចជា​មានការ​ភ័យខ្លាច ចំពោះ​ពាក្យ បដិវត្តន៍ នេះ​ពីព្រោះ​ពួកគេ​នឹក​ដល់​សម័យ​ខ្មែរក្រហម ដែល​ពួកគេ​បាន​ឆ្លងកាត់ ហើយ​ដែលមាន​ការកាប់សម្លាប់​គ្នា និង​បង្ហូរឈាម​ក្រោម​ទង់​បដិវត្តន៍​។ តែ​តាម​ការពិត ពាក្យ បដិវត្តន៍ នេះ មិនមែន​មានន័យ​ចង្អៀតចង្អល់ និង​អាក្រក់​ជានិច្ច ដូច​កាលពី​សម័យ​ខ្មែរក្រហម​នោះទេ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា តាម​ការពិត ពាក្យ​បដិវត្តន៍​នេះ មិនមែន​មានន័យ​ចង្អៀតចង្អល់ និង​អាក្រក់​ជានិច្ច ដូច​កាលពី​សម័យ​ខ្មែរក្រហម​នោះទេ​។ បដិវត្តន៍​មាន​ច្រើន​ប្រភេទ​និង​ច្រើន​បែបយ៉ាង ហើយ​”​បដិវត្តន៍​”​មួយចំនួន​បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង ភាពជឿនលឿន និង​ភាពរុងរឿង ដល់​សង្គម និង​ដល់​មនុស្សលោក​ទាំងមូល​។ ឧទាហរណ៍ ៖ បដិវត្តន៍​រោង​ពុម្ព ម៉ាស៊ីនបោះពុម្ព​សៀវភៅ​លើកដំបូង​បង្អស់ របស់ Gutenberg ក្នុង​សតវត្សរ៍​ទី ១៥​។ បដិវត្តន៍​បញ្ញាញាណ The Enlightenment / Siècle des Lumières ការផ្តួចផ្តើម​គំនិត​សេរីភាព និង​គំនិត​វិទ្យាសាស្ត្រ ដើម្បី​ប្រឆាំង​អ​បិ​យ​ជំនឿ នៅ​ប្រទេស​បារាំង ក្នុង​សតវត្សរ៍​ទី ១៨​។ បដិវត្តន៍​ឧស្សាហកម្ម Industrial revolution ទ្វីបអឺរ៉ុប សតវត្សរ៍​ទី ១៩​។ បដិវត្តន៍​វេជ្ជសាស្ត្រ បន្ទាប់ពី​ការរកឃើញ​របស់ Pasteur ចាប់ពី​ទសវត្សរ៍ ១៨៦០​។ បដិវត្តន៍​បៃតង Green revolution ការបង្កើន​ផលិតភាព​កសិកម្ម ជា​ប្រវត្តិសាស្ត្រ ចាប់ពី​ទសវត្សរ៍ ១៩៦០ និង​បដិវត្តន៍​បច្ចេកវិទ្យា Technological revolution ការប្រើប្រាស់​កុំព្យូទ័រ និង​ឧបករណ៍​ពាក់ព័ន្ធ នៅ​ទូទាំង​ពិភពលោក នៅ​ចុង​សតវត្សរ៍​ទី ២០ និង​ដើម​សតវត្សរ៍​ទី ២១ នេះ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា និយាយ​ជាទូទៅ មាន បដិវត្តន៍ ដ៏​ល្អប្រសើរ​ជាច្រើន ដែល​នាំមក​នូវ​ការផ្លាស់ប្តូរ ទាំង​ផ្នត់គំនិត ទាំង​របៀប​រស់នៅ ទាំង​របៀប​ចាត់ចែង​ការងារ និង​ទាំង​របៀប​គ្រប់គ្រង​ប្រទេស​។ ពេលនេះ យុវជន​ទូទាំង​ពិភពលោក កំពុងតែ​ឆ្លងកាត់​បដិវត្តន៍​បច្ចេក​វិទ្យា​មួយ ទាក់ទង​ទៅនឹង​ព័ត៌មានវិទ្យា Information and communication technology ដែល​នាំមក​នូវ​ការប្រែប្រួល​ជា​វិជ្ជមាន ដែលមាន​សារៈសំខាន់​បំផុត ក្នុង​ការច្នៃ​ផ្នត់គំនិត និង​របៀប​រស់នៅ របស់​ប្រជាពលរដ្ឋ​ជាទូទៅ​។ ឧទាហរណ៍​ជាក់ស្តែង​ជាងគេ ក្នុង​បដិវត្តន៍​បច្ចេកវិទ្យា​នេះ គឺ​កុំព្យូទ័រ Computers ទូរស័ព្ទដៃ Cell phones/smart phones ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត internet និង​ហ្វេ​ស​ប៊ុ​ក Facebook ដែល​យើង​កំពុង​ប្រើប្រាស់​ទាំងអស់គ្នា​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា សម្រាប់​យុវជន​ខ្មែរ​ភាគច្រើន​លើសលប់ អ្វីៗ​ទាំងអស់នេះ ទើប​តែមាន​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បាន​នាំមក​នូវ​ការប្រែប្រួល​ជាច្រើន ក្នុង​ការទទួល​ព័ត៌មាន ស្វែងរក​ចំណេះដឹង និង​ទំនាក់ទំនង​គ្នា​ក្នុងសង្គម ដែល​ធ្វើ​ឲ្យ​សង្គម​នេះ ឈានទៅ​មុខ ឆ្ពោះទៅរក​តម្លាភាព ភាពជឿនលឿន និង​លទ្ធិប្រជាធិបតេយ្យ​។ ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​អំពាវនាវ ដល់​អ្នកកាន់អំណាច​ស​ព្វ​ថ្ងៃ​កុំ​ឲ្យ​ខ្លាច​ពាក្យ បដិវត្តន៍ នេះ​ខុស​រឿង ដោយ​នឹក​ឃើញតែ​ពី​សម័យ​ខ្មែរក្រហម​ប៉ុណ្ណោះ​។ សូមកុំ​ធ្វើបាប និង​ដាក់ទោស​ទៅលើ​យុវជន ដូចជា​និស្សិត​ឈ្មោះ គង់ រ៉ៃ​យ៉ា ដែលមាន​គំនិត​ជឿនលឿន​ទាន់សម័យ ពេល​ប្រើពាក្យ បដិវត្តន៍ ហើយ​ដែល​យល់ច្បាស់​អំពី​បរិបទ​ថ្មី ប្រែប្រួល​ឥតឈប់ឈរ ដែល​យើង​កំពុងតែ​រស់នៅ​ទាំងអស់គ្នា​៕

1520787_10151952719858800_864554368_n 10395162_1053820398008026_5798784777744286988_n