ឧ​ត្ត​មនា​វី​ឯក ទៀ សុខា ល្បី​ខាង​កាង​បទល្មើស​នាំ​ប្រេង​គេចពន្ធ​ចូល​តាម​ដែនសមុទ្រ​

​ប្រភពពី​មន្ត្រី​យោធា​នៅតាម​បណ្ដា​កោះ​មួយចំនួន​ក្នុង​ដែនសមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​និង​ជា​មេបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ កំពុងតែ​ប្រើប្រាស់​អំណាច​និង​តួនាទី​មិន​ប្រក្រតី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា គឺជា​អ្នកកាង​បទល្មើស​នាំចូល​ប្រេង​គេចពន្ធ​ពី​ប្រទេស​សៀម​ចូល​ស្រុក​ខ្មែរ​តាម​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សកម្មភាព​នាំចូល​ប្រេង​គេចពន្ធ​របស់​ក្រុម​ឈ្មួញ​ស្និទ្ធ​នឹង​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មាន​ទំហំធំធេង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​លោក ទៀ សុខា និង​បក្ខពួក​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទៀ សុខា បាន​ឲ្យ​ដឹងថា ប្រេង​គេចពន្ធ​ត្រូវគេ​នាំចូល​តាម​ទូក​ធំៗ​ឡើង​នៅ​កំពង់ផែ​ក្នុងស្រុក​ស្ទឹងហាវ និង​ផែ​កោះ​ខ្យង​ជាដើម ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គ្រាន់តែ​ឮឈ្មោះ​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា ពួកគេ​រួញ​ខ្លួន​គ្រប់គ្នា​តែម្តង​។ ជាងនេះទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា បាន​យកឈ្មោះ​ក្រុមហ៊ុន​សូគីម៉ិច ធ្វើជា​របាំង​សម្រាប់​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​សមុទ្រ ហើយ​ដឹក​យកទៅ​ចែកចាយ​នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកំពង់ស្ពឺ ហើយក៏​មាន​ចូល​មកដល់​រាជធានី​ភ្នំពេញ​ផងដែរ​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ពិនិត្យមើល​ផងដែរ ព្រោះ​បទល្មើស​នាំចូល​ប្រេង​គេចពន្ធ​តាម​ដែនសមុទ្រ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន ហើយ​តម្លៃ​ប្រេង​ក្នុងប្រទេស​កម្ពុជា​នៅតែ​ខ្ពស់ជាង​ប្រទេសជិតខាង​ដដែល ដោយសារ​ឈ្មួញ​ឃុបឃិត​ជាមួយ​ក្រុមមន្ត្រី​ពុករលួយ​។

មន្ត្រី​យោធា​ជើង​ទឹក​នៅ​ខេត្ត​ព្រះសីហនុ និង​មូលដ្ឋាន​រាម បាន​លើកឡើងថា ការដែល​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាង​អំណាច​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក ដែលជា​ឪពុក​របស់ខ្លួន​។ ម្យ៉ាងទៀត​លោក ទៀ សុខា ក៏​អាង​អ៊ុំ​ប្រុស​របស់ខ្លួន គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ផងដែរ ដូច្នេះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ បានដឹង​យ៉ាងច្បាស់​ពី​ករណី​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា នៅ​ពីក្រោយ​បទល្មើស​នាំចូល​ប្រេងសាំង​គេចពន្ធ​ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន​សូគីម៉ិច ក៏ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ក្អក​ឡើយ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​បទល្មើស​នាំចូល​ប្រេង​គេចពន្ធ​តាម​ដែនសមុទ្រ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តទៅ​ទៀត​៕

12784502_1529486227346954_1881485606_n​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​