​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវធ្វើ​

លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែមីនា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២៥ រាជធានី​-​ខេត្ត​។ កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ត្រូវគេ​សង្កេតឃើញថា​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជាការ​បញ្ជាក់​គោលជំហរ​ថា​គណបក្ស​ង្គ្រោះ​ជាតិ​កំពុង​ដើរ​លើផ្លូវ​ត្រូវ និង​ឆ្ពោះទៅរក​គោលដៅ​ជោគជ័យ​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់ថា​ដូចដែល លោក​ធ្លាប់បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើនដង​មកហើយ​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដឹង​ហើយ​ថា ដរាបណា​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​គោលជំហរ​រឹងមាំ​របស់ខ្លួន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជួប​ឧបសគ្គ​ជាច្រើន​ត​ទៅមុខទៀត​។​

​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវធ្វើ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា  គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​តាមផ្លូវ​ត្រូវ គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​រួបរួមគ្នា​យ៉ាងរឹងមាំ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ចំណុចខ្លាំង​របស់​ខ្មែរ​។ ដូច្នេះ អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​ត​ទៅមុខទៀត​នោះ​គឺ ត្រូវតែ​ធ្វើទៅ​តាម​គោលដៅ តាម​ផែនការ​យុទ្ធសាស្ដ្រ​តែប៉ុណ្ណោះ​។ គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​ធ្វើតាម​អារម្មណ៍ ឬ ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​លោត​នោះទេ ត្រូវ​រក្សា​នូវ​ការអត់ធ្មត់​តទៅទៀត ដូចដែល​បាន​ជម្រាប​ហើយ​ថា យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ប្រជែង​ជាមួយ​គណបក្សនយោបាយ​ផ្សេងទៀត​លើ​ផ្នែក​គោលនយោបាយ​ជាសំខាន់ ហើយក៏​មិន​ប្រជែង​លើ​រឿង​បុគ្គល​នោះទេ​។ លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​សំខាន់​គឺ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត ពោលគឺ​ដោះស្រាយ​បញ្ហា​ជាច្រើន និង​ស្មុគស្មាញ​ដែល​ប្រជាពលរដ្ឋ និង​សង្គម​កម្ពុជា​កំពុង​ប្រឈម​៕

12814088_1298620586821904_3643904355051050122_n 12805779_1298620953488534_6077386797244936708_n 12806031_1298620270155269_275996621374954959_n 12809752_1298620840155212_799585584919357068_n