បុរសចិត្តអន្តេរថី ទាត់ក្មេងតូចម្នាក់ មួយទំហឹង ចំកណ្តាលខ្នង ដោយសារតែខឹង ធ្វើឲ្យកូនស្រីខ្លួនដួល ដោយអចេតនា (មានវីដេអូ)

ចិន៖ បុរសចិត្តព្រៃផ្សៃម្នាក់ បានទាត់ក្មេងប្រុសតូចម្នាក់ ចំកណ្តាលខ្នង បណា្តលឲ្យកុមាររងគ្រោះ រងរបួសជាទម្ងន់ ដោយសារតែបុរសនោះ មានកំហឹង នឹងក្មេងប្រុសរងគ្រោះ​ដែលបានធ្វើឲ្យកូនស្រីរបស់ខ្លួនដួល។

វីដេអូឃ្លីបមួយកំពុងតែល្បីពេញបណ្តាញទំនាក់ទំនងសង្គម ថតបានដោយកាម៉េរាសុវត្ថិភាព បង្ហាញពីសកម្មភាពបុរសម្នាក់ហ៊ានលើកជើងទាត់ក្មេងប្រុសរងគ្រោះ ចំកណ្តាលឆ្អឹងខ្នង បន្ទាប់ពីក្មេងប្រុសនោះ ធ្វើឲ្យកូនស្រីរបស់ខ្លួនដួល។ បើយោងតាមប្រភពបានដឹងដែរថា ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង ប្រមាណ ៨:៣០នាទីយប់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

ដំបូងឡើយក្មេងប្រុសនោះ រួមជាមួយកូនស្រីម្នាក់ បានលេងបង្វិលទោងជាមួយគ្នា ដោយមានក្មេងបីបួននាក់ផ្សេងទៀតជិះពីលើ។ បន្តិចក្រោយមក​ ក្មេងប្រុសរងគ្រោះ បានបង្វិលទោងបន្ត ហើយក៏ទៅប៉ះត្រូវក្មេងស្រីកំពុងតែឈរបណ្តាលឲ្យដួលដោយអចេតនា។ ក្រោយពីឃើញដូចនេះ បុរសដែលជាឪពុកក្មេងស្រីនោះ បានក្រោកឡើងពីកៅអី ហើយក៏ស្ទុះទៅទាត់ក្មេងប្រុសរងគ្រោះ ទាំងកម្រោលចំកណ្តាលឆ្អឹងខ្នងតែម្តង បណ្តាលឲ្យកុមាររងគ្រោះ យំឈឺចុកចាប់ ដេកអួលនៅនឹងដី។​

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង នៅកន្លែងក្មេងលេង ស្ថិតក្នុងផ្សារទំនើបមួយកន្លែង ក្នុងក្រុង Dongying ខេត្ត Shandong ប្រទេសចិន។

ទោះជាយ៉ាង ពេលនេះបុរសជាឪពុកនោះ ត្រូវបានប៉ូលិសក្នុងតំបន់ធ្វើការឃាត់ខ្លួនហើយ បន្ទាប់ពីមានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បង្ហាញពីភាពខឹងសម្បារ និងសម្តែងពីភាពមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើដ៏សាហាវឃោឃៅនេះ ទៅលើក្មេងតូចដល់ម្លឹងដែលមិនទាន់ដឹងអ្វី៕

បុរសចិត្តអន្តេរថី ទាត់ក្មេងតូចម្នាក់ មួយទំហឹង ចំកណ្តាលខ្នង ដោយសារតែខឹង ធ្វើឲ្យកូនស្រីខ្លួនដួល ដោយអចេតនា (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត