ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​៦ មីនា ​នេះ កីឡាករ​កម្ពុជា​២​រូប​ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍ ​«​កំពូល​អ្នក​ប្រដាល់់​ស្រា​បៀរ ​Black Cat (​ប្លេ​ក​ខេត​)» របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​កម្ពុជា​ទាំង​២​រូប​នោះ​សុទ្ធតែ​បង្ហាញ​មហិច្ឆតា​មិន​ចង់​ចាញ់ បើ​ទោះជា​ក្ដី​សង្ឃឹម​របស់​គេ​ត្រូវ​គេ​មើលឃើញ​ថា​អាច​មាន​ឧបសគ្គ​រារាំង​ក្ដី​។

កីឡាករ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ បើ​ទោះជា​ត្រូវ​គេ​មើលឃើញ​ថា​បាត់​មុខ​មួយ​រយៈ និង​មិនដឹង​ថា តើ​គេ​ធ្លាក់ដៃ ឬ​ល្អ​ដូច​មុន ក៏​គ្រូបង្វឹក​របស់​គេ​បាន​លើក​ឡើង​ថា គេ​ប្រឹង​ហ្វឹកហាត់​សំបើម​ណាស់​មុន​នឹង​ឈាន​ដល់​ឡើង​រេញ​នៅ​យប់​ថ្ងៃអាទិត្យ ។ ទាំង​សាមីខ្លួន​ផ្ទាល់ និង​ក្រុម​គ្រូបង្វឹក​សុទ្ធតែ​អះអាង​ថា កីឡាករ​រូប​នេះ​ហ្វឹក​ហាត់​ហ្មត់ចត់ ដោយសារ​តែ​គេ​ចង់​ឈ្នះ មិន​ចង់​ចាញ់​បាក់មុខ​ក្នុង​ពេល​ឡើង​ប្រកួត​ដែល​ក្នុង​រយៈពេល​ចុង​ក្រោយ​ គឺ​យូរ​ៗ​ម្ដង​ ទើប​មាន​គូប្រកួត ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ ព្រំ សំណាង បាន​បញ្ជាក់​ប្រាប់​លោក​ថា គេ​ខំ​ហ្វឹកហាត់ និង​មានការ​ត្រៀម​ទុកជា​មុន​ ទើប​នាំ​ឲ្យ​សហព័ន្ធ​ប្រដាល់​សម្រេច​ឲ្យ​ឡើង​ប្រកួត​ធ្វើ​ជា​គូ​ឯក នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​ប្លេ​ក​ខេត​សម្រាប់​ថ្ងៃអាទិត្យ​។

លោក​ញាណ សុធី មន្ត្រី​ទទួល​បន្ទុក​បាន​អះអាង​ថា ការ​ប្រដាល់​របស់​ស្រា​បៀរ ​Black Cat ឲ្យ​តែ​ដល់​ការ​ប្រដាល់​អន្តរជាតិ​មួយ​លើក​ៗ រមែង​ទទួល​បាន​អ្នក​ទស្សនា​កក​ក្ដាំង​ខ្លាំង​ណាស់ ។ អ៊ីចឹង​ហើយ​ទើប​លោក​សម្រេចចិត្ត​សម្រិតសម្រាំង​ចំពោះ​កីឡាករ​របស់​កម្ពុជា និង​ភាគី​ថៃ ដើម្បី​ឲ្យ​ឡើង​ប៉ះ​គ្នា​ហើយ​ប្រកួត​អស់ពី​សមត្ថភាព ។ លោក​ថា ព្រំ សំណាង ទទួល​ការ​ហ្វឹកហាត់​ច្រើន​ណាស់ ដោយ​លោក និង​គ្រូបង្វឹក​របស់​គេ​អាច​ធ្វើ​ជា​សាក្សី​បាន​។ លោក​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ ​Black Cat បើ​ទោះជា​កីឡាករ​រូប​នេះ ពិបាក​ស្វែងរក​គូប្រកួត​ដែល​អាច​ធ្វើ​ឲ្យ​ឱកាស​ឡើង​រេញ​របស់​គេ​មិនសូវ​បាន​ញឹក​ញាប់ ដែល​នាំ​ឲ្យ​សរសៃសសូង និង​សាច់ដុំ​ចង់​ស្ពឹក​មិន​រួស​ដូច​មុន ។ លោក​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​តាំងពី​ម៉ោង​៨​យប់​ស្អែក នឹង​កន្ត្រាក់​បានការ​ចាប់​អារម្មណ៍​មិន​ចាញ់​ការ​ប្រដាល់​អន្តរជាតិ​ដែល​សង្វៀន​នេះ​ធ្លាប់​បាន​រៀបចំ​ឡើង​នោះ​ឡើយ ដោយសារ​តែ​សមាសភាព​របស់ ព្រំ សំណាង គឺជា​កីឡាករ​ល្អ​លំដាប់​ជួរ​មុខ​ម្នាក់​របស់​ប្រទេស​កម្ពុជា ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឃូ បា ដែល​ជា​កីឡាករ​ល្អ​ម្នាក់​ផង​ដែរ មក​ពី​ទីក្រុង​បាងកក ។ 

ឆ្លងកាត់​ការ​ប្រកួត​បាន​ដល់​៧៦​លើក ឈ្នះ​៦៥​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក លោក​មាន​ជំនឿ​ថា​កីឡាករ​ថៃ​នឹង​មិន​អាច​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​បរាជ័យ​ស្រួល​ទេ ដោយ​សារ​តែ​ការ​ប្រកួត​ក្រៅផ្លូវការ​របស់​កីឡាករ​រូប​នេះ ក៏​រាប់​មិន​អស់​នៅ​លើ​សង្វៀន​។ យ៉ាងណា​ក៏​ដោយ លោក​ថា កីឡាករ ឃូ បា ក៏​មាន​ថ្វីដៃ និង​កម្រិត​វាយ​ប្រយុទ្ធ​មុត​ស្រួច​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​នោះ​ដែរ ដោយសារ​តែ​ការ​ឡើង​រេញ​របស់​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​ក៏​ធ្លាប់​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ខកចិត្ត ។ លោក​ថា គូ​នេះ​កីឡាករ​ថៃ​មាន​ប្រៀប​តិច​ជាង ប៉ុន្តែ​មិន​មាន​ន័យ​ថា បទ​ពិសោធន៍​ច្រើន​ជាង​នឹង​អាច​ធ្វើ​ឲ្យ​កីឡាករ​ព្រំ សំណាង អាម៉ាស់មុខ​នៅ​លើ​សង្វៀន​របស់​ស្រា​បៀរ​ Black Cat បាន​ទេ​។

លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៩៩​លើក ឈ្នះ​៨៧​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ដោយនៅ​ក្នុង​ប្រទេស​ថៃ​គេ​ក៏​មាន​ប្រវត្តិ​ធ្លាប់​ផ្ដួល​កីឡាករ​បរទេស និង​កីឡាករ​ថៃ​ល្អ​ៗ​ឲ្យ​បាក់មុខ​ច្រើន​នាក់​ផង​ដែរ​នា​ពេល​ចុង​ក្រោយ ។ លោក​នៅ​តែ​យល់​ថា​កីឡាករ​កម្ពុជា​នៅ​មាន​សង្ឃឹម ដោយសារ​សំអាង​ថា ព្រំ សំណាង ក្រៅពី​ជា​កីឡាករ​ខ្លាំង​ដែល​មានការ​ទទួលស្គាល់ ក៏​ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប​ដែល​គេ​ជ្រកកោន មាន​ន័យ​ថា​ទោះ​មិនសូវ​មាន​គូប្រកួត​ឡើង​រេញ ក៏​សរសៃសសូង​មិន​ស្ពឹក​ស្រពន់​នោះ​ដែរ ដោយសារ​តែ​បាន​ហ្វឹកហាត់​ខ្លួនឯង និង​បង្វឹក​សិស្ស​ជា​ប្រចាំ​។ 

នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat» នោះ​ដែរ កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​ដែល​កំពុង​ឡើង​កូដ ក៏​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​វេលា​យប់​​ថ្ងៃ​អាទិត្យ​​ដូច​គ្នា​ផង​ដែរ​។ កីឡាករ​រូប​នេះ រឹតតែ​មាន​អ្នក​ទុកចិត្ត​ខ្លាំង​ចំពោះ​ការ​ប្រកួត​របស់​គេ​ជាង​កីឡាករ ព្រំ សំណាង ទៅ​ទៀត ដោយសារ​តែ​គេ​មិន​ដែល​ឃ្លាតឆ្ងាយ​ពី​ការ​ហ្វឹកហាត់​ព្រោះតែ​បាន​ឡើង​ប្រកួត​ញឹកញាប់ ។ កីឡាករ​ដែល​ជា​កូនសិស្ស​របស់​លោក​មាស សុខ​គ្រី រូប​នេះ ធ្វើ​ឲ្យ​គេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រកួត​របស់​គេ​ក្នុង​នាម​ជា​គូ​អន្តរជាតិ​បើក​ឆាក​យប់ថ្ងៃអាទិត្យ​។ កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​គេ​ក្នុង​ការ​ប្រកួត​ដែល​មានការ​រំពឹង​ថា​ នឹង​ទទួល​បានការ​ចាប់អារម្មណ៍​នេះ​ គឺ​កីឡាករ​ថៃ​ឈ្មោះ ស៊ី តា ដែល​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​៤៩​លើក ឈ្នះ​៤៧​លើក និង​ចាញ់​២​លើក និង​មាន​ប្រវត្តិ​ធ្លាប់​ស៊ី​កីឡាករ​ល្អ​រាប់​មិន​អស់ ជាមួយនឹង​លទ្ធផល​ចាញ់​តិច​ដោយ​កម្រ​នៅ​លើ​សង្វៀន ។

ដោយឡែក​សម្រាប់​កីឡាករ​កម្ពុជា​ហ៊ឹ​ម សេរី​វិញ គេ​ធ្លាប់​ប្រកួត​បាន​៥៨​លើក ឈ្នះ​៥០ ចាញ់​៦​លើក និង​ស្មើ​២​លើក ដែល​ទោះជា​ចាញ់​ច្រើន​ជាង​កីឡាករ​ថៃ ក៏​មាន​ប្រវត្តិ​ឡើង​រេញ​ច្រើន​ជាង​កីឡាករ​ថៃ​ដូច​គ្នា​ផង​ដែរ ។ អ្នកដឹកនាំ​ខាង​កីឡាករ​ថៃ​បាន​ជឿជាក់​ចំពោះ​កីឡាករ ស៊ី តា ប៉ុន្តែ​ភាគី​ខាង​ខ្មែរ​ក៏​ទុកចិត្ត​មិន​ណ​យ​ដែរ​ជាមួយនឹង​សមត្ថ​ភាព​​ដ៏​ខ្លាំងក្លា​របស់​កីឡាក​រហ៊ឹម សេរី​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ក្រុមហ៊ុន​Black Cat លើក​នេះ ។

សម្រាប់​សង្វៀន​ប៉ុស្តិ៍​លេខ​៥​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ ក៏​មានការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ព្រឹត្តិការណ៍​Tiffy Super Fight រវាង​កីឡាករ​ល្អ​ៗ​ផង​ដែរ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​នៅ​ក្នុង​សាល​ប្រដាល់​ជ្រោយចង្វា​នៅ​ជិត​សាកលវិទ្យាល័យ​ន័​រតុ​ន ៕