Payet មិន​ហ៊ាន​ប្រដូច​ខ្លួន​ឯង​នឹង​វីរបុរស​បាល់ទាត់​បារាំង Zidane

Dimitri Payet កីឡាករ​នាំ​លេង​របស់ West Ham បាន​អរគុណ​អ្នក​គាំទ្រ​ដែលប្រៀប​ធៀប​ខ្លួន​ជាមួយ  Zinedine Zidane តែ​រូបគេ​សុំ​​បដិសេធ​ចំពោះ​ការ​ប្រៀបធៀប​នោះ ក្រោមហេតុផល​ថា​វីរបុរស​ក្រុម​ជម្រើស​ជាតិ​បារាំង គឺ​​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​​ខ្លួន​ឆ្ងាយ​ណាស់។

 

Payet មិន​ហ៊ាន​ប្រដូច​ខ្លួន​ឯង​នឹង​វីរបុរស​បាល់ទាត់​បារាំង Zidane

 

ការ​បកស្រាយ​ដូច្នេះ​របស់​តារា​ជើង​ស៊ុត​សញ្ជាតិ​បារាំង បន្ទាប់​ពី​អ្នកគាំទ្រ​ក្រុម​ញញួរ​ធំ West Ham តែង​ស្រែក ច្រៀង​បទ​ចម្រៀង ដែល​រៀបរាប់​ថា “គេ ​Payet គឺ​ល្អ​ជាង Zidane” ( he’s better than Zidane)។

 

Payet បាន​បក​ស្រាយ​ថា៖ “ពិត​ណាស់ ខ្ញុំ​ស្រលាញ់​បទ​នោះ ដែល​តែង​ត្រូវ​អ្នក​គាំទ្រ​ច្រៀង​ពេល​ យើង​លេង​នៅ​ទឹកដី Upton Park ។ ការ​ដែល​យក​ខ្ញុំ​ទៅ​ប្រៀប​នឹង Zidane គឺជា​ទស្សនៈ​របស់​អ្នក​គាំទ្រ តែ​មែនទែន​ទៅ គឺ Zidane ​ស្ថិត​នៅ​កម្រិត​ខ្ពស់​ជាង​ខ្ញុំ”។

 

ខ្សែបម្រើ​វ័យ​២៨ឆ្នាំ​បាន​ផ្ទេរ ពី Marseille មក West Ham កាល​ពីដើម​រដូវកាល​ ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់ ក្នុងចំណោម​២៦​ប្រកួត (គ្រប់​កម្មវិធី)។ គេ​ជា​កម្លាំង​សំខាន់​ជួយ​ឲ្យ​ក្រុម​ដែល​កំពុង​ដឹកនាំ​ដោយ​លោក Slaven Bilić ឈរ​នៅ​លេខ​៦​ជា​បណ្តោះ​អាសន្ន​ ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស មាន​១ពិន្ទុ​ក្រោម​ក្រុម​លេខ​៤៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal