យុវជនម្នាក់ អ្នកដទៃសុទ្ធសាធ តែប្រថុយជីវិតជួយសង្គ្រោះ មនុស្សមួយគ្រួសារ ដែលជាប់ក្នុងឡានកំពុងឆេះ ជាប់ងារជាវីរៈបុរស

ចិន៖ បុរសម្នាក់បានប្រថុយជីវិត ជួយក្រុមគ្រួសារមួយ ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជាប់នៅក្នុងឡានកំពុងឆេះ បានជាប់ងារជាវីរៈបុរស។

យុវជនម្នាក់ អ្នកដទៃសុទ្ធសាធ តែប្រថុយជីវិតជួយសង្គ្រោះ មនុស្សមួយគ្រួសារ ដែលជាប់ក្នុងឡានកំពុងឆេះ ជាប់ងារជាវីរៈបុរស

បើតាមប្រភពពត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើ កើតឡើងវេលាម៉ោង ២:៤០ល្ងាច កាលពីថ្ងៃទី ១៨ខែកុម្ភៈកន្លងទៅ ស្ថិតនៅលើផ្លូវមួយឈ្មោះ Jiangxi ក្នុងប្រទេសចិន។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះប្រាំនាក់ ដេកស្តូកស្តឹងនៅតាមចិញ្ចើមផ្លូវទៅហើយ។ បន្ទាប់មកឡានពេទ្យ ក៏បានមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ប៉ុន្តែក្នុងចំណោមនោះ មានស្រ្តីម្នាក់រងរបួសធ្ងន់ និងបានស្លាប់នៅតាមផ្លូវតែម្តង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ប​ុរសវ័យក្មេងម្នាក់ បានចំណាយពេលជាង២នាទី ជួយសង្គ្រោះ សមាជិកក្រុមគ្រួសាររងគ្រោះនោះ ដោយប្រថុយជីវិតខ្លួនឯង គាស់ទ្វារឡាន និងទាញជនរងគ្រោះទាំង៥នាក់ចេញ ឲ្យអស់ពីក្នុងឡានកំពុងឆេះ ទៅដាក់នៅកន្លែងមានសុវត្ថិភាព។ ជាក់ស្តែងនៅពេលដែល គាត់បានជួយជនរងគ្រោះចុងក្រោយ ចេញពីក្នុងឡានរួច មិនបានប៉ុន្មានវិនាទីផង ឡាននោះក៏ផ្ទុះឡើងតែម្តង។ 

សាក្សីបានឲ្យដឹងទៀតថា ពីដំបូងគេគិតថា បុរសម្នាក់នោះគឺជាក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែធាតុពិតគាត់គឺជាអ្នកដ៏ទៃសុទ្ធសាធតែម្តង។ តែទោះជាយ៉ាងណា គាត់ក៏បានបដិសេធ មិនផ្តល់អត្តសញ្ញាណ និងលេខទូរស័ព្ទទៅគេនោះទេ។

ក្រោយមកអាជ្ញាធរក្នុងតំបន់ ក៏បានបញ្ជារឲ្យមានការស្វែងរកបុរសម្នាក់នោះ។ នៅថ្ងៃបន្ទាប់ ទើបពួកគេបានដឹងថា បុរសជាអ្នកជួយសង្គ្រោះម្នាក់នោះ មានឈ្មោះ Peng Yaocai អាយុ២៤ឆ្នាំ។ Peng បាននិយាយថា៖ "ប្រសិនបើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំមិនមានការភ័យខ្លាចនោះ គឺខ្ញុំកុហកទាំងស្រុង! ប៉ុន្តែប្រសិនបើខ្ញុំមិនប្រថុយ ទៅជួយពួកគេនោះទេ នោះមនុស្ស៥នាក់នឹងត្រូវស្លាប់ទាំងអស់"។

អ្នកបើកបររថយន្តរងគ្រោះ ឈ្មោះ Cheng Jiping ផ្ទៃមុខកំពុងពោរពេញដោយស្នាមរបួស បានប្រាប់ឲ្យដឹងថា គាត់ និងបងថ្លៃរបស់គាត់ បានព្យាយាមបើកទ្វារមុខចេញ ហើយជាសំណាងល្អនៅពេលនោះ Peng បានមកដល់ ក៏បានជួយទាញយកប្រពន្ធ ឪពុក-ម្តាយក្មេករបស់ខ្ញុំទៅដាក់ កន្លែងមានសុវត្ថិភាពផងដែរ។ គាត់បាននិយាយថា៖ "បើទោះបីជាប្រពន្ធរបស់ខ្ញុំបានស្លាប់ក៏ដោយ គាត់បានជួយឲ្យពួកខ្ញុំ៤នាក់នៅមានជីវិត ពួកខ្ញុំមិនភ្លេចគុណគាត់នោះទេ!"៕

យុវជនម្នាក់ អ្នកដទៃសុទ្ធសាធ តែប្រថុយជីវិតជួយសង្គ្រោះ មនុស្សមួយគ្រួសារ ដែលជាប់ក្នុងឡានកំពុងឆេះ ជាប់ងារជាវីរៈបុរស

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត