អាជ្ញាធរ​ខេត្ត​កំពង់ចាម​រៀបចំ​លំអ​ទីក្រុង​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ពិធី​បុណ្យ​ទន្លេ

អាជ្ញាធរ​ខេត្ត​កំពង់ចាម នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ម៉ែ​គង្គា និង​គុណ​បំណាច់​របស់​ទឹក​ទន្លេ​មេគង្គ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​នៅ​ដើម​ខែ​មីនា។

ស្រប​ពេល​ពិធី​បុណ្យ​ខិត​ជិត​មក​ដល់ អាជ្ញាធរ​បាន​រៀបចំ​លំអ​ទីក្រុង​យ៉ាង​ស្រស់​ស្អាត ដើម្បី​ត្រៀម​ទទួល​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ឲ្យ​បាន​ច្រើន ហើយ​ពួក​គេ​នឹង​ស្គាល់​ខេត្ត​មួយ​នេះ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត។

អាជ្ញាធរ​ខេត្ត​កំពង់ចាម នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​ទន្លេ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦។ ពិធី​បុណ្យ​នេះ ក្រោម​ការ​រៀបចំ​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។ ការ​រៀបចំ​ពិធី​បុណ្យ​ក្នុង​គោល​បំណង​រំឭក​គុណ​ព្រះ​ម៉ែ​គង្គា ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​តាម​ថែ​រក្សា​ប្រជាពលរដ្ឋ​ឲ្យ​បាន​សេចក្តី​សុខសាន្ដ​ចម្រើន ព្រម​ទាំង​គុណ​បំណាច់​នៃ​ទន្លេ​មេគង្គ ដែល​បាន​ផ្តល់​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ ព្រម​ទាំង​យក​ដី​ល្បាប់​ដ៏​មាន​ជីជាតិ​សម្រាប់​ធ្វើ​កសិកម្ម​ទៀត​ផង។

អភិបាល​រង​ខេត្ត​កំពង់ចាម លោក ជឹម លាវ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មីនា ថា ក្នុង​ពិធី​បុណ្យ​ទន្លេ នឹង​មាន​ព្រឹត្តិការណ៍​សំខាន់ៗ ព្រម​ទាំង​កីឡា​កម្សាន្ត​ជាច្រើន ទាំង​សកម្មភាព​លើ​ទឹក និង​នៅ​លើ​គោក។ ល្បែង​កីឡា​ទាំង​នោះ​រួម​មាន កីឡា​ជិះ​ស្គី មនុស្ស​ហោះ​លើ​ទឹក ឆត្រ​យោង កីឡា​អុំ​ទូក​ប្រណាំង។ ចំណែក​នៅ​លើ​គោក​វិញ មាន​កីឡា​ប្រដាល់​ក្បាច់​គុន​ខ្មែរ បោក​ចំបាប់ លេង​អុក ល្បែង​ទាត់​សី។ ជាមួយ​គ្នា​នេះ ក៏​មាន​ស្តង់​តាំង​ពិព័រណ៍​ទំនិញ​មាន​ប្រមាណ ៥០០​ស្តង់ ដែល​មិន​ធ្លាប់​ធ្វើ​ឡើយ​នៅ​ខេត្ត​កំពង់ចាម ពី​មុន​មក រួម​នឹង​កន្លែង​ដាំ​កូន​ឈើ​អនុស្សាវរីយ៍​ទៀត​ផង។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​កំពុង​បង្កើន​សោភណភាព​ក្រុង​កំពង់ចាម ទ្វេ​ដង ដូចជា ផ្លូវ សួនច្បារ ច្រាំង​ទន្លេ និង​ការ​រៀបចំ​ភ្លើង​ពណ៌​ចម្រុះ ជាដើម៖ «កិច្ចការ​ទាំងអស់​នេះ ឯកឧត្តម​អភិបាល​ខេត្ត ឯកឧត្តម លន់ លឹមថៃ បាន​ដឹក​នាំ​ផ្ទាល់ គឺ​យើង​បាន​សម្អាត ថែ​រក្សា និង​តាំង​ភ្លើង​ឲ្យ​បាន​ស្អាត»

អាជ្ញាធរ​ខេត្ត​រំពឹង​ថា ពិធី​បុណ្យ​ទន្លេ​នឹង​អាច​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក និង​ខេត្ត​នៅ​ជាប់​គ្នា ព្រម​ទាំង​ភ្ញៀវ​អន្តរជាតិ​មក​លេង​កម្សាន្ត​មិន​ក្រោម​ពី ២០​ម៉ឺន​នាក់​ឡើយ។ លោក ជឹម លាវ បន្ត​ទៀត​ថា ឆ្លើយ​តប​នឹង​ចំនួន​មនុស្ស​យ៉ាង​ច្រើន​នេះ អាជ្ញាធរ​ក៏​បាន​ត្រៀម​ការពារ​សុវត្ថិភាព សុខភាព​ជូន​ប្រជាពលរដ្ឋ ដោយ​មាន​ទាំង​ត្រៀម​គ្រូពេទ្យ​ដាក់​នៅ​តាម​ចំណុច​គោលដៅ​ជិត ១០​កន្លែង រថយន្ត​ពេទ្យ ថ្នាំ​សង្កូវ ព្រម​ទាំង​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សាធារណៈ​ទៀត​ផង។ លោក​ថា អ្វី​ដែល​ពលរដ្ឋ​ខេត្ត​កំពង់ចាម ទទួល​បាន គឺ​កិត្តិយស និង​លំហូរ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ព្រម​ទាំង​អ្នក​វិនិយោគទុន​ផង៖ «ខេត្ត​កំពង់ចាម ក៏​ដូច​ក្រុង​កំពង់ចាម នឹង​ទទួល​បាន​ប្រយោជន៍​ច្រើនៗ​ដែល​មិន​អាច​នឹក​ស្មាន​ដល់។ ឯកឧត្តម​អភិបាល​ខេត្ត នឹង​រៀបចំ​ខេត្ត​នេះ​ឲ្យ​ក្លាយ​ជា​កូន​ក្រមុំ​ទេសចរ»

ទាក់ទង​បញ្ហា​សន្តិសុខ​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ខេត្ត​បាន​ត្រៀម​កម្លាំង​ជាង ២​ពាន់​នាក់ ព្រម​ទាំង​កម្លាំង​មក​ពី​ក្រសួង​មហាផ្ទៃ រួម​មាន​កម្លាំង​ជើង​ទឹក ជើង​គោក និង​ផ្នែក​ចរាចរណ៍​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត។ លោក​បន្ត​ថា មុន​ពេល​ពិធី​បុណ្យ​ឈាន​ចូល​មក​ដល់ សមត្ថកិច្ច​បាន​ប្រជុំ​រៀបចំ​ផែនការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត៖ «ឥឡូវ​យើង​កំពុង​ផ្សព្វផ្សាយ​អប់រំ​ហើយ ថា​យ៉ាង​ហោច​ណាស់​ឲ្យ​គាត់​ត្រូវ​ប្រុង​ប្រយ័ត្ន​ផ្ទាល់​ខ្លួន កុំ​ផ្អែក​តែ​ទៅ​លើ​សមត្ថកិច្ច ទាំង​ការ​បើកបរ​យានយន្ត ទាំង​ការ​ទុក​ដាក់​ទ្រព្យ​សម្បត្តិ»

គម្រោង​ថវិកា​របស់​អាជ្ញាធរ​ខេត្ត​សម្រាប់​ចំណាយ​លើ​ដំណើរ​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក គឺ​មាន​ជាង ៦​ពាន់​លាន​រៀល ដែល​ស្មើ​ប្រមាណ ១​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ចាម ដែល​ជា​អ្នក​ម៉ៅការ​ធ្វើ​សួនច្បារ​តាម​មាត់​ទន្លេ លោក គឹម ហេង និយាយ​ថា នៅ​ពេល​បុណ្យ​ទន្លេ​មក​ដល់ ចំណុច​សួនច្បារ​ដែល​លោក​ធ្វើ​នឹង អាច​នៅ​សេសសល់​ខ្លះ ប៉ុន្តែ​យ៉ាង​ណា លោក​ប្រឹងប្រែង​បន្ថែម​ទៀត។ ពលរដ្ឋ​រូប​នេះ ទន្ទឹង​រង់ចាំ​ថ្ងៃ​បុណ្យ​ទន្លេ​មក​ដល់ ពីព្រោះ​លោក​ធ្លាប់​តែ​ដឹង​ថា ពិធី​បុណ្យ​មួយ​នេះ​ធ្វើ​ឡើង​នៅ​តំបន់​ផ្សេង។

ពិធី​បុណ្យ​ទន្លេ ត្រូវ​បាន​ប្រារព្ធ​ជា​លើក​ទី​២ នៅ​ខេត្ត​កំពង់ចាម បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​សម្រេច​ធ្វើ​ឡើង​នៅ​ខេត្ត​ក្រចេះ ជា​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១៥ ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ជាង ១​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។