មិន​គួរ​មាន​ការ​បន្ទុច​បង្អាក់ដ​ល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេដស៍​នោះ​ទេ​

មិន​គួរ​មាន​ការ​បន្ទុច​បង្អាក់ដ​ល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេដស៍​នោះ​ទេ​

​រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រជាជន​ប្រហែល 36 លាន​នាក់​កំពុង​ផ្ទុកមេរោគ​អេដស៍​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ក្នុង​ចំណោម​នេះ មាន​ប្រជាជន​ប្រហែល​ជិត 50% ដែល​មិន​ទាន់​បាន​ដឹងថា​ខ្លួនឯង កំពុង​ផ្ទុកមេរោគ​អេដស៍​នោះ​ទេ ហើយ​មកដល់ពេលនេះ​គឺ​មាន​អ្នក​ជម្ងឺ​ប្រហែល​ជិត ១៦ លាន​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​។ នេះ​មានន័យ​ថា ប្រទេស​នីមួយៗ​ត្រូវ​ប្រឹងប្រែង​បន្ត​សកម្មភាព​ផ្តល់​ការ​ធ្វើតេស្ត​ឈាម​ឲ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ឲ្យឃើញ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ហើយ​ផ្តល់​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដល់​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​។ មកដល់​សព្វថ្ងៃនេះ មាន​ភស្តុតាង​ជាក់​ច្បាស់​ណាស់​ដែល​បង្ហាញ​ថា ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​។ 

​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នកជម្ងឺ​មាន​សុខភាព​ល្អ  រស់នៅ​បាន​យូរអង្វែង​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​ការព្យាបាល​នេះ​ក៏​បាន​ជួយ​យ៉ាងខ្លាំង​ដល់​ការ​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​អ្នក​ផ្ទុក​ទៅ​ដៃគូ ឬ​ពី​ម្តាយ​ទៅ​កូន​។ ហេតុដូចនេះ​ហើយ​ទើប​អង្ក​ការ​សុខភាព​ពិភពលោក ក៍​ដូចជា​សហគមន៍​អន្តរជាតិ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​ប្រទេស​នីមួយៗ​ផ្តល់​ការព្យាបាល​ឲ្យបាន​កាន់តែ​ច្រើនឡើងៗ​និង​កាន់តែ​ឆាប់រហ័ស​។

​ក្រឡេក​មក​មើល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ​ម្តង ប្រទេស​យើង​ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ថា​ជា​ប្រទេស​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍ ក៏​ដូចជា​ក្នុង​ការផ្តល់​ការថែទាំ​ព្យាបាល​អ្នក​ជម្ងឺអេដស៍​។

​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​អត្រា​ប្រ៉េ​វ៉ាឡង់​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​អាយុ 15 ទៅ 49 បាន​ធ្លាក់ចុះ​ពី​ជិត 2% មក​នៅត្រឹម 0.7% ក្នុងពេល​បច្ចុប្បន្ន​។ អត្រា​នៃ​ការទទួល​បាន​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​គឺ​មាន​ដល់​ទៅ​ជាង 80% ។

​ការសិក្សា​ក៏​បាន​បញ្ជាក់ថា​មាន​ប្រជាជន​ជិត ១ ម៉ឺន​នាក់​ទៀត​ដែល​ផ្ទុក​មេរោគ​អេដស៍ តែ​មិន​ទាន់​ដឹងខ្លួន​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ឡើយ​។ អ្នក​ផ្ទុក​ដែល​មិន​ទាន់​ដឹង​ខ្លួន​នេះ​អាច​នៅ​រាយប៉ាយ​នៅ​កន្លែង​ខ្លះ ហើយ​ផ្តុំគ្នា​នៅ​កន្លែង​ខ្លះទៀត​។ ការប្រឹងប្រែង​ស្រាវជ្រាវ​រក​ពួកគាត់​ឲ្យឃើញ ដើម្បី​ផ្តល់​ការព្យាបាល​ឲ្យបាន​ទាន់​ពេលវេលា គឺ​ពិត​ជា​សំខាន់​ណាស់​ដើម្បី​អាច​ឲ្យ​ពួកគាត់​នៅតែ​មាន​សុខភាព​ល្អ កាត់បន្ថយ​ការឈឺ​ធ្ងន់​និង​ការស្លាប់ ក៏ដូចជា​កាត់បន្ថយ​ការចម្លង​ទៅ​អ្នកដទៃ​ទៀត​។

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កិច្ចប្រឹងប្រែង​ផ្តល់​សេវា​ធ្វើតេស្ត​ឈាម​ដោយ​មិន​បង់ថ្លៃ បាន​ផ្តល់​លទ្ធផល​យ៉ាង​ល្អ​ដោយ​អាច​រកឃើញ​អ្នក​ផ្ទុក​ដែល​នៅ​ផ្តុំគ្នា ដែល​ធ្វើឲ្យ​យើង​អាច​ផ្តល់​ការព្យាបាលដ​ល់​ពួកគាត់​ជា​ក្រុម​បាន​ទាន់ពេលវេលា​។ ក៏ប៉ុន្តែ ការ​យល់​ដឹង​មិន​ស៊ីជម្រៅ​របស់​ប្រជាជន ក៏​ដូចជា​អ្នក​សារពត៌មាន​មួយចំនួន បាន​ធ្វើឲ្យ​សភាពការណ៍​ហាក់ដូចជា​ទៅ​ជា​ធ្ងន់ធ្ង​រ មាន​ទាំង​ការ​បង្អើល បំភ័យ​បន្លាច ហើយក៏​មាន​អ្នកខ្លះ​ប្រើ​ជា​ឈ្នាន​នយោបាយ​ទៀត​ផង​។ ប្រការនេះ មិន​ត្រឹមតែ​បន្ទុច​បង្អាក់ដ​ល់​កិច្ច​ខិតខំ​ផ្តល់​សេវា​ធ្វើតេស្ត​ឈាម​ដើម្បី​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេដស៍​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ធ្វើឲ្យ​អ្នក​ផ្ទុកមេរោគ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ស្លាប់ ព្រាត់ប្រាស់​ប្រពន្ធ​កូន​ជា​យថាហេតុ ហើយ​បន្សល់ទុក​នូវ​កុមារ​កំព្រា និង​ការរើសអើង​នៅក្នុង​សហគមន៍​។

​ដោយ​វេជ្ជបណ្ឌិត ម៉ែន បញ្ញា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។