ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មួយ​ឆ្នាំ​ហើយ ក្រោយ​ការ​ប្លន់​រថយន្ត​កាំ​មី​ញ៉ុ​ង​ពាស​ដែក​មួយ ដែល​ដឹក​មាស​១០​ដុំ​ធំ​នៅ​ពុំ​ទាន់​តាម​រក​ឃើញ​ពួក​ចោរប្លន់​នៅឡើយ ។ ភ្នាក់ងារ FBI ទើប​ប្រកាស​នា​ថ្ងៃ​ទី​២ មីនា ពី​ការ​ចាប់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ជាប់​ទាក់ទិន​នឹង​ការ​ប្លន់​ដុំ​មាស​នេះ ដែល​មាន​តម្លៃ​ដល់​ទៅ​៤,៩​លាន​ដុល្លារ ។

បុរស​អាយុ​៤៦​ឆ្នាំ​នេះ​សង្ស័យ​ជាប់​ទាក់ទិន​នឹង​ការ​ប្លន់​មាស​កាលពី​ខែមីនា ឆ្នាំ​២០១៥ ។ ពួក​ចោរ​នា​ពេល​នោះ​បាន​បង្ខំ​ឱ្យ​ពួក​កង​ឆ្មាំ​ការពារ​រថយន្ត​កាំ​មី​ញ៉ុ​ង​ឱ្យ​រថយន្ត​ឈប់​តាម​ផ្លូវថ្នល់​មួយ​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង មុន​ពេល​ប្លន់​យក​ដុំ​មាស​ដែល​មាន​ទម្ងន់​សរុប​១២៥​គីឡូក្រាម ។

ក្នុង​សេចក្តី​ប្រកាស​មួយ FBI គូសបញ្ជាក់​ថា បុរស​នេះ​ឈ្មោះ ADALBERTO PEREZ បាន​ត្រូវ​ចាប់ខ្លួន​ដោយ​គ្មាន​ឧប្បត្តិហេតុ​អ្វី​កើតឡើង​កាលពី​ថ្ងៃ​ទី​២ មីនា នៅ OPA-LOCKA រដ្ឋ​ផ្ល​រី​ដា ភាគ​អាគ្នេយ៍ សហរដ្ឋ​អា​េ​ម​រិ​ក ។ ក៏​ប៉ុន្តែ FBI ពុំ​បាន​បញ្ជាក់​ពី​តួនាទី​របស់​ជន​នេះ​ក្នុង​ការ​ប្លន់​មាស​ឡើយ ។

FBI ប្រកាស​ផ្តល់​រង្វាន់​២៥.០០០​ដុល្លារ សម្រាប់​ព័ត៌មាន​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​ពួក​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ប្លន់​មាស​នេះ រួច​ការ​ស៊ើបអង្កេត​នៅ​បន្ត​ទោះជា​រំលង​១​ឆ្នាំ​មក​ហើយ​ក្តី ៕