ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៣ មីនា បាន​បាញ់​មី​ស៊ី​ល ឬ​កាំជ្រួច​រយៈ​ខ្លី​ជា​ច្រើន​គ្រាប់​ទៅ​កាន់​សមុទ្រ​ជប៉ុន ហៅ​សមុទ្រ​ខាងកើត ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អនុម័ត​ដំណោះស្រាយ​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ប្រឆាំង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថា មី​ស៊ី​ល ឬ​កាំជ្រួច​ចំនួន​៦​គ្រាប់ ប្រហែលជា​អាច​បាញ់​បាន​ចម្ងាយ​ពី​១០០​ទៅ​១៥០​គីឡូម៉ែត្រ ត្រូវ​បាន​បាញ់​ទៅ​កាន់​សមុទ្រ​ជប៉ុន​នា​វេលា​ម៉ោង​១០​ម៉ោង​ក្នុងស្រុក ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក MOON SANG GYUN ថ្លែង​ថា ក្រសួង​កំពុង​តែ​ប៉ុនប៉ង​កំណត់​ថា តើ​នោះ​ជា​មី​ស៊ី​ល​រយៈ​ខ្លី ឬ​ក៏​ជា​កាំជ្រួច ។ កូរ៉េ​ខាងត្បូង​តាមដាន​ជាប់​រាល់​ចលនា​បន្ថែម​ថា​តើ​កូរ៉េ​ខាងជើង​នឹង​បន្ត​ធ្វើ​អ្វី​ទៀត ។ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល ឬ​កាំជ្រួច​ទាំងនេះ ដើម្បី​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​ចំពោះ​បណ្តា​ប្រទេស​ជាប់​ជិតខាង ពិសេស​សហគមន៍​អន្តរជាតិ ។

ប្រភព​ព័ត៌មាន​យោធា​កូរ៉េ​ខាងត្បូង​និយាយ​ថា ការ​បាញ់​ទាំងនេះ​ប្រហែលជា​កាំជ្រួច​ទំហំ​៣០០​មី​ល្លី​ម៉ែត្រ ឬ​មី​ស៊ី​ល​រយៈ​ខ្លី​អាច​ហោះ​បាន​ចម្ងាយ​ពី​១០០​ទៅ​១៥០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ ។

ជា​លើក​ដំបូង​ដែល​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល ឬ​កាំជ្រួច​រយៈ​ខ្លី​ក្នុងឆ្នាំនេះ ជា​សញ្ញា​នៃ​ការ​តវ៉ា​ក្រោយ​ការ​អនុម័ត​ដំណោះស្រាយ​ខ្លាំង​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ប្រឆាំង​ខ្លួន ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​បន្ត​ថា ក្រោយ​ការ​បាញ់​នេះ​អាច​នឹង​មានការ​បង្កហេតុ​នានា​បន្ថែម​ទៀត ហើយ​កងទ័ព​កូរ៉េ​ខាងត្បូង​តាមដាន​យ៉ាង​ល្អិតល្អន់​បំផុត​នូវ​ចលនា​របស់​កងទ័ព​កូរ៉េ​ខាងជើង​នា​ពេល​បច្ចុប្បន្ន ៕