ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ការ​បង្ហោះ​អាត់​សម្លេង​ជា​ច្រើន​វគ្គ​ថា លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លួច​ទាក់ទង​ជាមួយ​ស្រី​ក្មេង​យ៉ាងណា​ក្តី ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា មិន​អើពើ​នឹង​រឿង​នោះ​ឡើយ ។

ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​២៥​រាជធានី​-​ខេត្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ ទី​០៣ ខែមីនា ឆ្នាំ​២០១៦ លោក កឹ​ម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា «​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​ជា​ច្រើន​ដង​មក​ហើយ​។ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន ហើយ​យើង​ក៏​ដឹង​ហើយ​ថា ដរាបណា​យើង​នៅ​តែ​រក្សា​គោល​ជំហរ​រឹង​មាំ​របស់​យើង តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ គឺ​យើង​នៅ​តែ​ជួប​ឧបសគ្គ​ជា​ច្រើន​តទៅ​មុខ​ទៀត​» ។

ប្រធាន​ស្តីទី​គណបក្សប្រឆាំង​រូប​នេះ​លើក​ឡើង​ទៀត​ថា យើង​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ ! យើង​កំពុង​ដើរ​តាម​ផ្លូវត្រូវ​ហើយ យើង​កំពុង​តែ​រួបរួម​គ្នា​យ៉ាង​រឹង​មាំ​ហើយ នេះ​ហើយ​ជា​ចំណុចខ្លាំង​របស់​យើង ! ដូច្នេះ អ្វី​ដែល​យើង​ត្រូវធ្វើ​តទៅ​មុខ​ទៀត​នោះ គឺ​យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោលដៅ តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​យើង​តែ​ប៉ុណ្ណោះ ។ យើង​មិន​ត្រូវធ្វើ​តាម​អារម្មណ៍ ឬ​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​យើង​លោត​នោះ​ទេ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​តទៅ​ទៀត ដូចដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា «​យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​» ។

ចំណែក លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​អើពើ​នឹង​ការ​បង្ហោះ​ខ្សែអាត់​សម្លេង​ដែល​គេ​អះអាង​ថា​ជា​សម្លេង​របស់​លោក កឹ​ម សុខា ជាមួយ​ស្រី​ក្មេង​នោះ​ទេ ។ លោកបញ្ជាក់​ថា «​ខ្ញុំ​មិនដឹង​ដែរ អ្វី​ដែល​សំខាន់​នោះ​ទាល់តែ​សួរ​ទៅ​អ្នក​ដែល​រៀបចំ​រឿង​នេះ ។ សម្លេង​នឹង​ជា​រឿង​ដដែល យើង​មិនដឹង​យ៉ាងម៉េច ជា​យុទ្ធសាស្ត្រ​នយោបាយ បើ​ធម្មតា​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំង អ៊ីចឹង​បើ​ខ្លាំង​យើង​មិន​ដែល​ទុក​ក្នុង​ចិត្ត និង​ឆ្លើយឆ្លង និង​តបត​នោះ​ទេ​» ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ក៏​បាន​អះអាង​ថា ឯកសារ​ដែល​លើក​ឡើង ឬ​សម្លេង​នោះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ គណបក្ស​មិន​ដែល​គិត​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​លោកថា​ គណបក្ស​គ្មាន​គម្រោង​ចេញ​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង​អាត់​សម្លេង​ដែល​គេ​អះអាង​ថា​ជា​សម្លេង​លោក កឹ​ម សុខា នោះ​ទេ ។ លោក​បញ្ជាក់​ថា «​សម្លេង​នោះ​គ្មាន​មូលដ្ឋាន​ច្បាប់​លាស់​នោះ​ទេ ដូច្នេះ​រឿង​ពិត ឬ​មិន​ពិត​ក្តី យើង​មិន​ដែល​គិត​រឿង​នឹង​ទេ ជាង​នេះ​គឺ​មិន​សិក្សា​អ្វី​ដែល​គ្មាន​មូលដ្ឋាន​គតិ​ច្បាប់​នោះ​ទេ​» ។

ទោះបីជា​គ្មាន​ការ​អើពើ​យ៉ាងណា​ក្តី ម្ចាស់ Account Facebook ឈ្មោះ «​រឿង​ពិត CNRP» នៅ​តែ​បន្ត​បង្ហោះ​អាត់​សម្លេង​ដែល​អះអាង​ថា​ជាស​ម្លេ​ង​របស់​លោក កឹ​ម សុខា ទាក់ទង​ស្នេហា​ជា​ស្រី​ក្មេង​រហូត​ដល់​វគ្គ​ទី​៨​ហើយ ៕