សុគន្ធ និសា លេច​មុខ​ក្នុង​​បទ​​ចូល​ឆ្នាំ​​របស់ ព្រាប សុវត្ថិ?

បន្ទាប់​ពី​បាន​​ប្រកាស​ចាក​ចេញ​ពី​ផលិត​កម្ម Town សុគន្ធ និសា មិន​ទាន់​បាន​បញ្ជាក់​ថា​នឹង​ចូល​ផលិតកម្ម​ណា​ឲ្យ​ប្រាកដ​ផង​នោះ ស្រាប់​តែ​គេ​ឃើញ សុគន្ធ​ និសា លេច​មុខ​ជា​ថ្មី​ក្នុង​បទ​ចម្រៀង​រឮត្រៀម​អបអរ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ខ្មែរ​របស់​លោក ព្រាប សុវត្ថិ ក្នុង​ផលិតកម្ម ហង្សមាស។នេះ​បើ​តាម​ព័ត៌មាន​ធ្លាយ​ចេញ​នៅ​ថ្ងៃ​នេះ។

 

បើ​យោង​ទៅ​តាម​រូប​ភាព​មួយ​សន្លឹក​បញ្ចេញ​ដោយ​គណនី​មួយ​ដែល​មាន​ឈ្មោះ​ថា Preap Sovath បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សុគន្ធ នីសា បាន​លេច​មុខ​ជាមួយ​តារា​សិល្បករ​មួយ​ចំនួន​ទៀត ជាមួយ​ការ​សរសេរ​បន្ថែម​ទៀត​ថា (Behind the scene Khmer New Year MV 2016)។

 

 

សុគន្ធ និសា លេច​មុខ​ក្នុង​​បទ​​ចូល​ឆ្នាំ​​របស់ ព្រាប សុវត្ថិ?

 

 

ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ចាប់​អារម្មណ៍​ថា ម្ចាស់​បទ “ពេល​នេះ​ម៉ោង​នេះ ខ្ញុំ​កំពុង​ខូច​ចិត្ត​ជា​ទម្ងន់” បាន​វិល​មក​រក​ទ្រនំ​ចាស់​វិញ​ហើយ។ខណៈ​ប្រមាណ​២​ខែ​មុន​នេះ បាន​ធ្លាយ​ព័ត៌មាន​ថា នីសា សម្រេច​វិល​ត្រឡប់​មក​ផលិតកម្ម​ធំ​មួយ​នេះ។

 

ប្រិយមិត្ត​មួយ​ចំនួន​ដែល​ឃើញ​រូប​ភាព​នេះ ខ្លះ​សាទរ ខ្លះ​ទៀត​មិន​សាទរ ចំពោះ​ការ​បង្ហាញ​តម្រុយ​ថា​នាង​វិល​វិញ​មក​កាន់​ផលិតកម្ម​ចាស់​របស់​នាង​វិញ​ឡើយ។  យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ច្បាស់​ថា រូបភាព​នេះ ជា​រូប​ភាព​ថ្មី ឬ​ក៏​រូប​ភាព​ចាស់​របស់​នាង​នៅ​ហង្សមាស កាល​មិន​ទាន់​ចេញ​ទៅ​ថោន​នោះ​ឡើយ ព្រោះ​មុន​ទៅ នាង និង​លោក ព្រាប សុវត្ថិ ក៏​មាន​បទ​ចម្រៀង​ជាមួយ​គ្នា​ជា​ច្រើន​ផង​ដែរ។

 

 

សុគន្ធ និសា នៅ​មិន​ទាន់​សុំ​ការ​អធិប្បាយ​បាន​ទេ​គិត​ត្រឹម​រសៀល​នេះ។ ឯ​ប្រភព​ផ្សេង​ទៀត មាន​លោក អ៊ិន ទីតូ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ផលិតកម្ម ហង្សមាស ក៏​មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ដូច​គ្នា ដោយ​ទូរសព្ទ​របស់​លោក អត់​មាន​អ្នក​លើក៕

 

សុគន្ធ និសា បាន​ចេញ​ពី​ហង្សមាស ទៅ​កាន់​ផលិតកម្ម ថោន អំឡុង​ដើម​ឆ្នាំ ២០១២ ក្រោយ​ជួប​រឿង​រកាំរកូស​ជាមួយ​អតីត​គូ​ស្នេហ៍ គឺ​អ្នក​និពន្ធ សុខ ជំនោរ។ បន្ទាប់​ពី​រស់​នៅ​ជាមួយ​ថោន ប្រមាណ​ជា ៣​ឆ្នាំ កាល​ពី​ប្រមាណ ២​ខែ​មុន មាន​ព័ត៌មាន​ធ្លាយ​ថា នាង នឹង​ត្រឡប់​ទៅ​កាន់​ហង្សមាស​​វិញ។ យ៉ាង​ណា ក៏​ដោយ មិន​ទាន់​មាន​មូលហេតុ​ពិត​ប្រាកដ​ ចំពោះ​ការ​វិល​មក​កាន់​ទ្រនំ​ចាស់​នេះ​វិញ​នៅ​ឡើយ​ទេ៕

 

អត្ថបទ៖ SAMEDY


​​​​