ច្បាប់នៅបារាំង អាចឲ្យកូនៗ ប្ដឹងឪពុកម្ដាយ ដែលបង្ហោះរូបថត ពួកគេលើ Facebook បាន

ឪពុកម្ដាយដែលបង្ហោះរូបថត កូនតូចៗលើបណ្ដាញសង្គម អាចប្រឈមនឹង ការប្ដឹងពីសំណាក់កូនប្រុស ឬកូនស្រីរបស់ពួកគេបាន។ នេះបើផ្អែកតាមលើច្បាប់ នៃសិទ្ធឯកជនរបស់ប្រទេសបារាំង។

ច្បាប់នៅបារាំង អាចឲ្យកូនៗ ប្ដឹងឪពុកម្ដាយ ដែលបង្ហោះរូបថត ពួកគេលើ Facebook បាន

ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងកាសែត Le Figaro លោក Eric Delcroix អ្នកជំនាញផ្នែកច្បាប់ លើបណ្ដាញអ៊ីនធឺណិតបានថ្លែងថា ៖ “មិនយូរទេនៅក្នុងប៉ុន្មានឆ្នាំខាងមុខ កូនៗអាចនឹងប្ដឹងឪពុកម្ដាយរបស់ពួកគេឡើងតុលាការយ៉ាងងាយ ពីបទបង្ហោះរូបថតនៅពីតូចរបស់ពួកគេ”។ អ្នកជំនាញរូបនេះបន្ថែមទៀតថា ឪពុកម្ដាយទាំងឡាយ អាចប្រឈមមុខនឹងការជាប់ឃុំរយៈពេលមួយឆ្នាំ និងរងការពិន័យជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។

គួររំលឹកថាកាលពីខែកុម្ភៈ កន្លងទៅភ្នាក់ងារ អនុវត្តច្បាប់របស់ប្រទេសបារាំង បានសម្ដែងការព្រួយបារម្ភពីសុវត្ថិភាព របស់ក្មេងតូចៗ ដោយបានបង្ហោះសារ លើបណ្ដាញ Facebook ថា៖ “សូមមេត្តាឈប់ បង្ហោះរូបថតកូនៗរបស់អ្នកនៅលើ Facebook ទៀតទៅ”។

ភ្នាក់ងារនេះបានបន្ថែមថា ការបង្ហោះរូបភាពកូនៗលើ Facebook ដូចនេះគឺមិនមានសុវត្ថិភាពឡើយ។ វាជារឿងចាំបាច់បំផុត ក្នុងការការពារសិទ្ធឯកជនរបស់ក្មេងតូចៗ ព្រមទាំងរូបភាពរបស់គេ នៅលើបណ្ដាញសង្គម៕

ប្រភព៖ សប្បាយ