អាវុធហត្ថ រាជធានី​ភ្នំពេញ បង្ក្រាប​ករណី​គ្រឿងញៀន រឹបអូស​បាន​ជាង ៣​គីឡូក្រាម និង​យា​ម៉ា​ជាង ១០​ម៉ឺន​គ្រាប់​

ភ្នំពេញ: កម្លាំង​មូលដ្ឋាន​អាវុធ ហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​ជំនាញការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន បាន​សហការគ្នា​ធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់​រយៈពេល​ជាច្រើន​ខែ ទើប​កំណត់​មុខសញ្ញា​បានឈានដល់​ការ បង្ក្រាប​ជាក់ស្តែង នូវ​មុខសញ្ញា​ជួញដូរ គ្រឿងញៀន កាលពី​វេលាម៉ោង ១០ និង​១៥​នាទី​យប់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ចំណតរថយន្តក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេ​ស ក្បែរ​គល់ស្ពាន​ជ្រោយចង្វារ រឹបអូស​បាន​ម៉ាទឹកកក​ជាង ៣​គីឡូក្រាម និង​យា​ម៉ា​ជាង ១០​ម៉ឺន​គ្រាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដោយមានការដឹកនាំ​បញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរងកងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដោយ​ចាប់​យកបាន គ្រឿងញៀនប្រភេទម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ជាង​បី​គីឡូក្រាម និងថ្នាំ​គ្រាប់ WY ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៧​សុង និង​ធ្វើការ​ឃាត់ខ្លួនជនល្មើស​ម្នាក់​ឈ្មោះ ឌី ធូ​រ៉ា ហៅ​ត្រា ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ ក្នុងខណៈពេលដែល បុរស​រូបនោះ​កំពុង​ធ្វើ សកម្មភាព​ជួញដូរ គ្រឿងញៀន​ជាក់ស្តែង។​

​តាមរយៈ​ចម្លើយ​សារ ភាព​របស់​ជនល្មើស ដែល​ឃាត់ខ្លួន​បាន​ខាងលើ កម្លាំង​ជំនាញកង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន រកឃើញ​អ្នក​ជាប់ ពាក់ព័ន្ធ​បាន​៥​នាក់ផ្សេងទៀត ដែលជា​ទណ្ឌិត កំពុង​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ ក្នុងនោះ​មានជនជាតិខ្មែរ ២​នាក់ ជនជាតិ​វៀតណាម ១​នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ ២​នាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង បានបញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀតថា ជនល្មើស​ដែលត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូ​រ៉ា ធ្វើ​សកម្មភាព​ជួញ ដូរ​គ្រឿងញៀន​នេះ គឺ​ក្រោមការចាត់ចែង​បញ្ជា​ផ្ទាល់ ចេញពី​ក្នុង​ពន្ធនាគារ ដែលមាន​ជនជាតិ វៀតណាមម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់ ជា​មេក្លោង​ធំ រីឯ​ជនជាតិខ្មែរ​ពីរ​នាក់ទៀត ដែល​នៅក្នុង​គុក​ដែរនោះ ជា​អ្នកទំនាក់ទំនង​ជាមួយ​មេក្លោង​ធំ បញ្ជា​តម​កក្រៅ ហើយ​ឈ្មោះ ឌី ធូ​រ៉ា ដែល​នៅ​ខាងក្រៅ គឺ​ចាំ​ទទួលបញ្ជា ពី​អ្នក​នៅក្នុង​គុក ឲ្យ​ចាំទទួល​ថ្នាំញៀន ពី​មនុស្ស​ផ្សេងទៀត ដែល​វា​មិន​ស្គាល់ ក្នុងនោះ​មាន​ជនជាតិខ្មែរនិង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បានប្រគល់​ថ្នាំញៀន​ឲ្យ​វា ជា​អ្នក​យកទៅ​បែងចែក​បន្តនៅពេល​មាន​បញ្ជា​ពី​អ្នក​នៅក្នុង​គុក​តាមរយៈ​ទូរស័ព្ទ ថា​ត្រូវ​យកទៅ​ឲ្យ​អ្នកណា នៅកន្លែង​ណា ចំនួន​ប៉ុន្មាន ហើយ​អ្នក​ដែល មក​ទទួលយក​ពី​វា ក៏​វា​មិន​ស្គាល់​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​បង្កើតគណកម្មការ ដែលមាន​ការចូលរួម ត្រួតពិនិត្យ​ពី​ព្រះរាជ អាជ្ញា ហ៊ឹង ប៊ុនថន និងលោក ឡេង ណា​ង ជា​ក្រឡាបញ្ជី ដើម្បី​ធ្វើការ​រាប់​ចំនួន ថ្លឹង និង​ធ្វើតេស្ត៍ ជាលទ្ធផល ឃើញថា​មាន ថ្នាំ​គ្រាប់​WY ឬ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន ដប់​ម៉ឺន បីពាន់ ប្រាំមួយរយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ចំនួន បីគីឡូក្រាម​មួយ​ខាំ ។ តាមរយៈ​ការធ្វើ​តេស្ត៍​ឃើញថា ថ្នាំញៀន​ទាំងអស់នោះ មានគុណភាព​សុទ្ធ ១០០% ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ដែល​បាន​ចាប់យកសមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី រីឯ​បក្សពួក​ជនល្មើស ដែល​នៅ​សេសសល់ផ្សេងៗ​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ប្រ​ម៉ាញ់​បន្ត​៕