ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ដែល​ដឹកនាំ​ដោយ​លោក ព្រំ សំខាន់​ ​អភិបាល​​ខណ្ឌ​ ​​និង​​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​​​មួយ​កន្លែង​ ​​ខាង​កើត​​ផ្សារ​ទំនើប​សុ​វ​ណ្ណា កាលពី​វេលា​ម៉ោង១​និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី៣ ​មីនា ​នៅ​ចំណុច​ផ្ទះ​លេខG៥៨ និង​ផ្ទះ​លេខ​G៦០ ​​​ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

លោក ព្រំ សំខាន់ ​​បាន​​ឱ្យ​ដឹង​ថា ដោយ​យោង​ទៅ​តាម​ការ​ណែនាំ​របស់​លោក ប៉ា សុ​ជាតិ​វង្ស ​អភិបាល​​រាជធានី​ភ្នំពេញ ​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិ​ភាព ​​​បំបាត់​ឱ្យ​​​អស់​​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន អំពើរ​ចោរកម្ម​ ក៏​ដូច​ជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នោះ​ ។ ​

លោកបន្តថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​​ខាង​លើ​នេះ​ ជា​លទ្ធផល​​​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ធំ​ៗ​​​៤​ទូ ​តុ កៅអី ​និង​​សម្ភារ​មួយ​ចំនួន​ធំ​ទៀត ​​​ព្រម​ទាំង​​ឃាត់​​ខ្លួនស្ត្រី​​មេការ​ជនជាតិ​ចិន​ម្នាក់​យក​ទៅ​ធ្វើការ​ណែនាំ​ ​​ចំណែក​​ទីតាំង​​ខាងលើ​ ​​ត្រូវ​បាន​​បិទមិន​ឱ្យ​ធ្វើ​​អាជីវកម្ម​​បន្ត​ទៀតនោះ​​​ទេ ៕